ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ

2024-09-19 10:20:30 ថ្ងៃព្រហស្បតិ៍, 19 កញ្ញា 2024 ម៉ោង 05:20 PM
អ្នកមើល 2915
post_detail1

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ផ្អែកលើភាពចាំបាច់ ទិដ្ឋភាពជាក់ស្ដែងនៃសង្គម នយោបាយ ភាពចាំបាច់របស់ក្រសួង ឬភាពចាំបាច់របស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលនេះដែរ មានការលេចឭពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្ដូររដ្ឋមន្ត្រីដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញតួនាទីការងារ។ ទោះជាយ៉ាងណាក៏ដោយ ការកែសម្រួលតួនាទីរដ្ឋមន្ត្រីក្រសួងណាមួយ ដូចពាក្យចចាមអារ៉ាមក្រៅផ្លូវការនេះ គឺអាចត្រូវបានធ្វើឡើងនៅក្រោមហេតុផលលទ្ធភាព សមត្ថភាព នៃការដឹកនាំគ្រប់គ្រងក្រសួងស្ថាប័នផងដែរ។ ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើឥស្សរជនរូបណាដែលមានសមត្ថភាពនិងថាមភាពពេញលេញ ទោះបីជាផ្លាស់ប្ដូរទៅក្រសួង ឬស្ថាប័នណា ក៏នឹងនៅតែអាចបញ្ចេញសមត្ថភាពនៅក្នុងការដឹកនាំក្រសួងស្ថាប័នថ្មីផងដែរ ប៉ុន្តែប្រសិនបើពុំមានសមត្ថភាពនោះទេ បើទោះបីជាផ្លាស់ប្ដូរក្រសួងក្ដី ក៏ពុំអាចដឹកនាំក្រសួងស្ថាប័នមិនមានប្រសិទ្ធភាព មិនអាចដោះស្រាយបញ្ហាដែលកើតមានបាននោះដែរ។ ប្រការនេះ គេអាចមើលឃើញយ៉ាងជាក់ច្បាស់ ពីបទពិសោធនៃការផ្លាស់ប្ដូររដ្ឋមន្ត្រីនៅក្នុងនីតិកាលកន្លងមក ដែលរដ្ឋមន្ត្រីសកម្ម និងមានសមត្ថភាព បាននាំមកនូវវឌ្ឍនភាពថ្មីនៅក្នុងក្រសួងស្ថាប័ន ដែលខ្លួនបានដឹកនាំនិងគ្រប់គ្រង។ ទោះជាយ៉ាងណា ការដឹកនាំក្រសួងស្ថាប័នរបស់រដ្ឋមន្ត្រីនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៅក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ អាចនឹងជួបការប្រឈមផ្សេងៗ ដោយសារបញ្ហាខ្លះគឺជារឿងបន្សល់ពីរដ្ឋាភិបាលនីតិកាលមុន ដែលពុំទាន់អាចដោះស្រាយបញ្ចប់បាន។

ជាមួយគ្នានេះផងដែរ បញ្ហាវិស័យទេសចរណ៍ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍ច្រើន ដោយសារតែមានការអះអាងថាមានកំណើនភ្ញៀវទេសចរ ដោយប្រៀបធៀបទៅនឹងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្ដី ក៏ទស្សនៈពីស្រទាប់មហាជន ដែលមានការលើកឡើងពីអ្នកមុខរបរតូចតាចជាច្រើននៅក្នុងវិស័យទេសចរណ៍ បានរអ៊ូរទាំចំពោះការខាតបង់ ដួលរលំ និងផលវិបាកជាច្រើនទៀត ពីអ្នកប្រកបមុខរបរតូចៗ អ្នកលក់រាយ និងអ្នកប្រកបរបរនៅក្នុងវិស័យទេសចរណ៍នេះ។

វិស័យទេសចរណ៍កម្ពុជា ដែលរងគ្រោះដោយសារវិបត្តិសាកល នៅតែបន្តមានកំណើនតិចតួច បើធៀបជាមួយនឹងប្រទេសជិតខាង ដែលបានបើកទទួលភ្ញៀវទេសចរឡើងវិញរហូតដល់រាប់សិបលាននាក់ ខណៈដែលអ្នកប្រកបមុខរបររកស៊ី និងបំពេញការងារនៅក្នុងវិស័យនេះ បន្តការត្អូញត្អែរជាបន្តបន្ទាប់ដែលទាមទារឱ្យមានដំណោះស្រាយជាក់លាក់ និងមានប្រសិទ្ធភាព។ ជាការពិតណាស់ បញ្ហាវិស័យទេសចរណ៍ មិនអាស្រ័យដោយសារបុគ្គលម្នាក់ឬពីរនាក់នោះទេ គឺអាស្រ័យទៅលើប្រព័ន្ធទាំងមូល ដែលគេត្រូវទទួលស្គាល់ និងសិក្សាស្រាវជ្រាវ ពិនិត្យពិចារណា ស្វែងរកដំណោះស្រាយរួមមួយដែលមានប្រសិទ្ធភាព ដើម្បីឈានទៅធ្វើការកែសម្រួលជាលក្ខណៈប្រព័ន្ធ។ បញ្ហានៅក្នុងវិស័យទេសចរណ៍ដែលគប្បីត្រូវពិនិត្យ និងដោះស្រាយនាពេលបច្ចុប្បន្ននេះរួមមានដូចជា បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិ ថ្លៃចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរកម្សាន្តនិងហូបចុក បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាអនក្ខរកម្មព័ត៌មាន និងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍។ ការគិតគូរអំពីការធ្វើបដិសណ្ឋារកិច្ច និងសេវាកម្មប្រកបដោយភាពកក់ក្ដៅចំពោះភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរបរទេស គឺជារឿងដ៏សំខាន់មួយដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ព្រោះប្រសិនបើគេមានអនុស្សាវរីយ៍ល្អនៅកម្ពុជា គេនឹងដក់ចិត្តស្រឡាញ់ពេញចិត្តនិងរីករាយជាមួយដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ហើយមានបំណងវិលត្រឡប់មកលេងកម្សាន្តជាថ្មីម្ដងទៀត។ បន្ថែមពីលើនេះ ពួកគេគឺជាអ្នកនាំសារទៅកាន់បងប្អូន មិត្តភក្តិ និងប្រជាជនរបស់ពួកគេ  គេពិតជានឹងនាំសារល្អៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនទៀត ឱ្យគិតពិចារណាអំពីដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ជាចំណែកដ៏សំខាន់នៅក្នុងជំរុញវិស័យទេសចរណ៍កម្ពុជា។

សម្រាប់បញ្ហានៅក្នុងក្រសួងស្ថាប័ន ឬវិស័យដទៃផ្សេងទៀត ការកែសម្រួលឬផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំ មិនមែនជាបញ្ហាចោទនៅក្នុងវិស័យនីមួយៗនោះទេ ប៉ុន្តែត្រូវផ្ដោតទៅលើដំណោះស្រាយដែលមានលក្ខណៈជាប្រព័ន្ធ ព្រោះមេដឹកនាំដែលមានលទ្ធភាព សមត្ថភាពនៅក្នុងការដឹកនាំ ពិតជានឹងអាចបន្តគ្រប់គ្រងនិងនាំវឌ្ឍនភាពថ្មី និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតការយកចិត្តទុកដាក់នៅចំពោះមុខនាពេលបច្ចុប្បន្ននេះគឺ ការរៀបចំដោះស្រាយប្រព័ន្ធការងារនៃក្រសួងស្ថាប័នចំណុះឱ្យរាជរដ្ឋាភិបាល ដើម្បីឱ្យឥស្សរជនដែលមានសមត្ថភាពអាចបញ្ចេញអស់នូវសក្ដានុពលរបស់ខ្លួនមាន ចៀសវាងមន្ត្រីឬថ្នាក់ដឹកនាំក្រសួងស្ថាប័នមានសមត្ថភាពហើយ ប៉ុន្តែមិនអាចយកសមត្ថភាពទៅអនុវត្តនៅក្នុងតួនាទីនិងមុខតំណែងរបស់ខ្លួនដែរ ដោយសារតែផលវិបាកនៃប្រព័ន្ធការងារ។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់បុគ្គល ដែល មានសមត្ថភាព និងមានមនសិការជាតិពិតប្រាកដ ឱ្យមានលទ្ធភាពបំពេញតួនាទីមុខតំណែងដែលសមស្រប ព្រោះបើទោះបីជាប្រព័ន្ធការងារមានភាពស្មុគស្មាញយ៉ាងណា ក៏គេអាចជម្នះឱ្យស្ថាប័នដែលស្ថិតនៅក្រោមការដឹកនាំរបស់ខ្លួន មានវឌ្ឍនភាពឆ្ពោះទៅមុខផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រ...

2018-11-29 15:46:10   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:46 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...

2018-11-29 14:45:57   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 09:45 PM
«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...

2018-11-29 03:37:48   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:37 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...

2018-11-28 08:19:31   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 03:19 PM
«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 11:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 10:19 AM

សេចក្តីប្រកាស