Royal Academy of Cambodia
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុចដែលគេត្រូវគិតពិចារណា និងវាយតម្លៃឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ដើម្បីបង្កើនកំណើនទេសចរឡើងវិញ។
សម្រាប់បណ្ឌិត យង់ ពៅ បញ្ហាដែលបណ្ដាលមកពីការវិវត្តស្ថានការណ៍សេដ្ឋកិច្ច សន្តិសុខ និងផលប៉ះពាល់ពីការរីករាលដាលជំងឺឆ្លងនាពេលកន្លងមកនេះ គឺជាការណ៍ពិតដែលគេត្រូវទទួលស្គាល់ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ដែលនៅបន្តរងគ្រោះនៅក្នុងវិស័យទេសចរណ៍ គប្បីរិះរកដំណោះស្រាយទៅលើបញ្ហាផ្ទៃក្នុងប្រទេសមួយចំនួនដូចជា បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិ ថ្លៃចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរកម្សាន្តនិងហូបចុក បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាអនក្ខរកម្មព័ត៌មាន និងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍។
បញ្ហាចម្បងទីមួយ ដែលកម្ពុជាគប្បីពិនិត្យ វាយតម្លៃ និងដាក់ចេញនូវដំណោះស្រាយឱ្យបានឆាប់រហ័សនោះគឺ បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិដែលភ្ញៀវទេសចរបរទេសធ្លាប់បានរអ៊ូរទាំ និងរិះគន់ទៅលើការផ្ដល់សេវាផ្សេងៗ របស់កម្ពុជា ដែលជួនកាលត្រូវបានគេអះអាងថា មិនមានការកំណត់តម្លៃបន្ទុកច្បាស់លាស់។ នៅត្រង់ចំណុចនេះ ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គួរតែរៀបចំយន្តការត្រួតពិនិត្យ តាមដាន និងកែលម្អជាបន្ទាន់ ចៀសវាងការបន្តទុកឱ្យបញ្ហានេះក្លាយទៅជាការសម្អុយកេរ្តិ៍ឈ្មោះនៃវិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។
ចំពោះថ្លៃចំណាយផ្សេងៗសម្រាប់ដំណើរកម្សាន្តនិងហូបចុក ក៏ជាបញ្ហាសំខាន់មួយទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ គប្បីដាក់ចេញនូវដំណោះស្រាយជូនដល់ភ្ញៀវទេសចរផងដែរ ដើម្បីធានាបានថា ទេសចរដែលបានមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា អាចទទួលបាននូវអារម្មណ៍សម្រាករម្ហែប្រកបដោយទំនុកចិត្ត និងក្ដីសោមនស្សពិតប្រាកដ ខណៈដែលបច្ចុប្បន្ន ថ្លៃសេវាកម្មដឹកជញ្ជូន ថ្លៃអាហារ និងការស្នាក់នៅក្នុងប្រទេសកម្ពុជា ហាក់ដូចជាមានតម្លៃខ្ពស់បន្តិច បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ពិសេសប្រទេសថៃ និងវៀតណាម។ ការចំណាយដែលមានកម្រិតខ្ពស់ គឺជាមូលហេតុមួយដែលធ្វើឱ្យភ្ញៀវទេសចរបរទេស មានការស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្តមកទស្សនាកម្សាន្តប្រទេសកម្ពុជា បើទោះបីជាកម្ពុជាមានតំបន់ទេសចរណ៍សំខាន់ៗ និងប្រកបដោយភាពទាក់ទាញយ៉ាងណាក្ដី។
បញ្ហាមួយទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជាគឺ បញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ដែលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា នៅតែពុំទាន់មានការរៀបចំឱ្យបានសមស្របពេញលេញនៅឡើយ ដូចជាការរៀបចំផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ ការរៀបចំនិងផ្សព្វផ្សាយអំពីសេវាដឹកជញ្ជូនសាធារណៈនៅមានកម្រិត និងការផ្សព្វផ្សាយនិងចែករំលែកអំពីដំណឹងឬព័ត៌មានដែលបង្ខូចរូបភាពកម្ពុជាពាក់ព័ន្ធនឹងសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា រួមមានដូចជា ករណីចោរកម្ម ចាប់ជំរិត និងភាពអនាធិបតេយ្យមួយចំនួននៅតាមដងផ្លូវជាដើម។ នេះជាបញ្ហាមួយបន្ថែមទៀត ដែលទាមទារឱ្យមានដំណោះស្រាយឱ្យបានសមរម្យនិងឆ្លើយតបទៅនឹងសភាពការណ៍។
បន្ថែមពីនេះ បញ្ហាអនក្ខរកម្មព័ត៌មានរបស់មហាជននៅតាមបណ្ដាញសង្គម ក៏ជាបច្ច័យដែលបានរួមចំណែកបង្កជាបញ្ហាដល់ការជំរុញកំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ ពលរដ្ឋខ្មែរមួយចំនួនហាក់មាននិន្នាការចែករំលែក និងផ្សព្វផ្សាយមាតិកាផ្សេងៗ ដែលបង្កប់នូវរូបភាពអវិជ្ជមានរបស់កម្ពុជា ជាជាងការបង្ហាញមាតិកាល្អ ដែលចូលរួមចំណែកផ្សព្វផ្សាយអំពីសក្ដានុពលនៃតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។ ការចែករំលែក និងផ្សព្វផ្សាយបន្តនូវរូបភាពអវិជ្ជមានទាំងឡាយនេះ បានបង្កភាពខ្លាចរអារ និងព្រួយបារម្ភអំពីការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ រូបភាពអវិជ្ជមានទាំងអស់នេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែនៅប្រទេសជិតខាងកម្ពុជា ហាក់បានព្យាយាមបិទបាំង ឬព្យាយាមផ្សព្វផ្សាយព័ត៌មាននិងដំណឹងផ្សេងៗដើម្បីបិទបាំង ឬលុបទៅលើព័ត៌មានអវិជ្ជមាននានាអំពីប្រទេសខ្លួន។ នៅក្នុងបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសការចូលរួមពីសំណាក់មហាជនទូទៅ ដើម្បីលុបបំបាត់ទម្លាប់អវិជ្ជមានខាងលើ និងរួមចំណែកនៅក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ដើម្បីជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍កម្ពុជា ក្រសួងស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ត្រូវតែមានកិច្ចសហការល្អជាមួយគ្នា នៅក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរ។ គេត្រូវតែរួមគ្នារៀបចំនូវសារនិងមាតិកាផ្សេងៗ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិនិងបរិស្ថាន និងទេសចរណ៍ឆ្នេរជាដើម ទៅកាន់បណ្ដាប្រទេសនានាដែលជាប្រភពសំខាន់ៗនៃលំហូរភ្ញៀវទេសចរនៅក្នុងពិភពលោក ឱ្យបានដឹងឭ និងចាប់អារម្មណ៍ទៅលើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសជាងនេះទៅទៀត ទាំងវិស័យសាធារណៈនិងវិស័យឯកជន ត្រូវតែសហការគ្នាឱ្យបានកាន់តែប្រសើរថែមទៀត នៅក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ដែលមានភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗដូចបានរៀបរាប់ខាងលើនេះ ដើម្បីទាក់ទាញបន្ថែមទៀត ឱ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ដែលជាទីតាំងសម្បូរបែបនៃគោលដៅនិងប្រភេទទេសចរណ៍ជាច្រើនផ្សេងៗគ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ស្វ័យភាពនៃគំនិត ដែលយើងបានរកឃើញឬយល់ដឹងតាមរយៈការផ្តោតអារម្មណ៍ ការគិតទៅលើទេសភាពឬទីកន្លែងមួយ គឺជាការបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្ត ការស្រលាញ់ តម្រូវការ និងការឱ្យតម្លៃចំពោះទីកន្លែង(លំហខាងក្នុង) ហើយទីកន្លែងក...
ឯកសារនេះមានគោលបំណងបង្ហាញដល់អ្នកអប់រំនិងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ជាពិសេសគ្រូបង្រៀនភាសាអង់គ្លេសដើម្បីបន្ថែមការយល់ដឹងស៊ីជម្រៅលើវិធីសាស្រ្តបង្រៀនបែបចម្រុះដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១...
មត្តេយ្យសិក្សា ជាគ្រឹះសំខាន់បំផុតរបស់កុមារក្នុងការប្រឈមនឹងពិភពខាងក្រៅ បន្ទាប់ពីការអប់រំបង្ហាត់បង្រៀនរបស់ឪពុកម្ដាយនៅតាមផ្ទះរបស់ពួកគេ។ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស មិនគួរមើលរំលងការសិក្សានៅមត្ត...
The newly appointed prime minister of Cambodia, Dr. Hun Manet, has stated that Cambodia must strengthen internal capacity to be able to live independently and that we must try to live independently an...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំនួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យសៀងហៃនៅក្នុងឱកាសជំនួបទ្វេភាគីពីរដោយឡែកជាមួយនឹងតំណាងពីសាកលវិទ្យាល័យសៀងហៃ និងតំណាងពីសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង ឯកឧត្ដមបណ្ឌិត យង់ ពៅ...
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...