ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការបិទការិយាល័យស្ថានទូតស៊ុយអែត ជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក

2024-09-17 07:18:08 ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 02:18 PM
អ្នកមើល 3356
post_detail1

ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីពន្យល់សាធារណមតិ បញ្ជៀសនូវការបកស្រាយបំភ័ន្តការពិតដើម្បីបម្រើគោលបំណងនយោបាយណាមួយ។ ការលើកឡើងរបស់ស្ថានទូតស៊ុយអែត គួរតែអាចឱ្យគេយល់បានច្បាស់គ្រប់គ្រាន់សម្រាប់មហាជន ដោយមិនគួរត្រូវបានគេយកទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ឬដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជា ឬភាគីណាមួយនោះទេ។

នៅក្នុងទំនាក់ទំនងការទូត ដោយផ្អែកទៅលើកម្រិតយុទ្ធសាស្ត្រ លទ្ធភាព និងភាពចាំបាច់ផ្សេងៗ ដែលប្រទេសនានាសម្រេចចិត្តដាក់ស្ថានទូតនៅប្រទេសណាមួយ ដើម្បីជាតំណាងក្នុងនាមជាស្ថានទូតទទួលបន្ទុកទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសផ្សេងទៀត។ ហើយករណីនេះ កម្ពុជាក៏មានធ្វើដូចគ្នាផងដែរនៅតាមបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។ ការសម្រេចចិត្តបើកស្ថានទូត ផ្លាស់ប្ដូរស្ថានទូត ឬសើរើស្ថានទូតរបស់ខ្លួនឡើងវិញជាកិច្ចការផ្ទាល់របស់ប្រទេសសាមីដែលជារដ្ឋដាក់ទូត ទៅតាមទម្រង់បែបបទ និងកិច្ចការផ្ទៃក្នុង នៅក្នុងយុទ្ធសាស្ត្រតំបន់ ឬពិភពលោករបស់ខ្លួន។ នេះគឺជារឿងធម្មតា នៅក្នុងកិច្ចការការទូតនៃប្រទេសនានាលើពិភពលោក មិនមែនតែករណីសម្រាប់កម្ពុជាឬស៊ុយអែតនោះទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែត នៅតែជាទំនាក់ទំនងផ្លូវការដដែល ដោយមានស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ជាអ្នកតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ដែលបានបន្តចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស៊ុយអែត នៅតែជាទំនាក់ទំនងការទូតផ្លូវការ។ គួររំឭកផងដែរថា រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​កាលពីចុងឆ្នាំ២០២០ បានប្រកាសបិទ​​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​រាជធានីភ្នំពេញនៅ​ចុង​ឆ្នាំ​២​០​២​១ ប៉ុន្តែផ្អែកលើបញ្ហាផ្សេងៗ ទើបស៊ុយអែតរក្សាការិយាល័យស្ថានទូតនៅរាជធានីភ្នំពេញ ហើយបន្ទាប់ពីការបញ្ចប់ការងារផ្សេងៗរៀបរយសព្វគ្រប់ ទើបមានការប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

គួរកត់សម្គាល់ផងដែរថា ដោយសារតែសណ្ដាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ជាពិសេសយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់បណ្ដាប្រទេសសហគមន៍អឺរ៉ុប គឺផ្ដោតទៅលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយខណៈដែលប្រទេសស៊ុយអែតក៏ជាសមាជិកនៃសហគមន៍នេះផងដែរនោះ ដូច្នេះហើយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដែលមានទម្ងន់យុទ្ធសាស្ត្រសំខាន់របស់សហគមន៍អឺរ៉ុបទាំងមូល បានជះឥទ្ធិពលនិងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់នៃសហគមន៍នេះ។ ប្រការនេះ បានតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដោយត្រូវតែមានការកែសម្រួលជំហរនៅក្នុងទំនាក់ទំនងអន្តរជាតិ កែសម្រួលនូវយុទ្ធសាស្ត្រផ្សេងៗនៅក្នុងភូមិសាស្ត្រនយោបាយថ្មី រាប់ចាប់តាំងពីការកែសម្រួលស្ថានទូត និងទីកន្លែងបេសកកម្មការទូតរបស់ខ្លួនជាដើម។

ជាមួយគ្នានេះ ការបិទការិយាល័យស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ នាពេលនេះមិនមែនជារឿងថ្មីនោះទេ ព្រោះប្រទេសស៊ុយអែត ធ្លាប់បានប្រកាសរួចមកហើយអំពីការប្រគល់ភារកិច្ចតំណាងប្រទេសស៊ុយអែតនៅកម្ពុជា ទៅឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងបាងកក។ ទោះបីជាយ៉ាងណា ការប្រកាសបិទការិយាល័យស្ថានទូតខាងលើនេះ ពុំបានសបញ្ជាក់អំពីការថមថយនៅក្នុងនយោបាយការបរទេសកម្ពុជានោះទេ ព្រោះនេះគឺត្រឹមតែជាការិយាល័យស្ថានទូតប៉ុណ្ណោះ ដោយស៊ុយអែត ពុំមានស្ថានទូតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ជាមួយគ្នានេះ ក្រៅពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅកម្ពុជាក៏មានការបន្ថែមការិយាល័យ​នានារបស់ស្ថានទូតមួយចំនួន ដូចជា ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី នៅក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីនៅខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលនៅសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

ហេតុនេះហើយ ការប្រកាសបិទ ឬបើកបន្ថែមថ្មី នូវការិយាល័យ ឬទីតាំងបេសកកម្មការទូតរបស់បណ្ដារដ្ឋជាភាគីនានា គឺជាការសបញ្ជាក់អំពីការប្រែប្រួលយុទ្ធសាស្ត្រនៅក្នុងតំបន់និងសាកលលោក ក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់រដ្ឋជាភាគីដាក់ទូតនីមួយៗ។ គេមិនគួរយកភាពជាក់ស្ដែងនៃរដ្ឋភាគីដាក់ទូត មកប្រៀបធៀប ឬវាយតម្លៃលើស្ថានភាពនៃប្រទេសជារដ្ឋម្ចាស់ផ្ទះនោះទេ ព្រោះនោះគឺជាការប្រៀបធៀបដោយយោងទៅលើទស្សនៈនយោបាយរបស់បុគ្គលតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តនយោបាយការបរទេសនៅលើឆាកអន្តរជាតិ ប្រទេសកម្ពុជា ត្រូវតែប្រឹងប្រែងបន្តទៀត បើកចំហទំនាក់ទំនងការបរទេសឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីស្វែងដៃគូថ្មីៗបន្ថែម ពង្រឹងកិច្ចសហប្រតិបត្តិនៅក្នុងទំនាក់ទំនងជាមិត្តភាពចាស់និងស្វែងរកមិត្តភាពថ្មីបន្ថែមទៀត ដើម្បីបើកចំហនូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ឈានទៅសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការស្វែងរកទីផ្សារបន្ថែមសម្រាប់ប្រទេសកម្ពុជា។ ដើម្បីពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយការបរទេស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសមាត្រា៥៣ ដែលត្រូវតែរក្សាតុល្យភាពទំនាក់ទំនងគ្រប់បណ្ដាប្រទេស និងគ្រប់មហាអំណាចទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោក ដ៏ស្រួចស្រាល់នេះ៕

RAC Medi | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស