Royal Academy of Cambodia
ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីពន្យល់សាធារណមតិ បញ្ជៀសនូវការបកស្រាយបំភ័ន្តការពិតដើម្បីបម្រើគោលបំណងនយោបាយណាមួយ។ ការលើកឡើងរបស់ស្ថានទូតស៊ុយអែត គួរតែអាចឱ្យគេយល់បានច្បាស់គ្រប់គ្រាន់សម្រាប់មហាជន ដោយមិនគួរត្រូវបានគេយកទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ឬដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជា ឬភាគីណាមួយនោះទេ។
នៅក្នុងទំនាក់ទំនងការទូត ដោយផ្អែកទៅលើកម្រិតយុទ្ធសាស្ត្រ លទ្ធភាព និងភាពចាំបាច់ផ្សេងៗ ដែលប្រទេសនានាសម្រេចចិត្តដាក់ស្ថានទូតនៅប្រទេសណាមួយ ដើម្បីជាតំណាងក្នុងនាមជាស្ថានទូតទទួលបន្ទុកទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសផ្សេងទៀត។ ហើយករណីនេះ កម្ពុជាក៏មានធ្វើដូចគ្នាផងដែរនៅតាមបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។ ការសម្រេចចិត្តបើកស្ថានទូត ផ្លាស់ប្ដូរស្ថានទូត ឬសើរើស្ថានទូតរបស់ខ្លួនឡើងវិញជាកិច្ចការផ្ទាល់របស់ប្រទេសសាមីដែលជារដ្ឋដាក់ទូត ទៅតាមទម្រង់បែបបទ និងកិច្ចការផ្ទៃក្នុង នៅក្នុងយុទ្ធសាស្ត្រតំបន់ ឬពិភពលោករបស់ខ្លួន។ នេះគឺជារឿងធម្មតា នៅក្នុងកិច្ចការការទូតនៃប្រទេសនានាលើពិភពលោក មិនមែនតែករណីសម្រាប់កម្ពុជាឬស៊ុយអែតនោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែត នៅតែជាទំនាក់ទំនងផ្លូវការដដែល ដោយមានស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ជាអ្នកតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ដែលបានបន្តចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស៊ុយអែត នៅតែជាទំនាក់ទំនងការទូតផ្លូវការ។ គួររំឭកផងដែរថា រដ្ឋាភិបាលស៊ុយអែតកាលពីចុងឆ្នាំ២០២០ បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២១ ប៉ុន្តែផ្អែកលើបញ្ហាផ្សេងៗ ទើបស៊ុយអែតរក្សាការិយាល័យស្ថានទូតនៅរាជធានីភ្នំពេញ ហើយបន្ទាប់ពីការបញ្ចប់ការងារផ្សេងៗរៀបរយសព្វគ្រប់ ទើបមានការប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
គួរកត់សម្គាល់ផងដែរថា ដោយសារតែសណ្ដាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ជាពិសេសយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់បណ្ដាប្រទេសសហគមន៍អឺរ៉ុប គឺផ្ដោតទៅលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយខណៈដែលប្រទេសស៊ុយអែតក៏ជាសមាជិកនៃសហគមន៍នេះផងដែរនោះ ដូច្នេះហើយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដែលមានទម្ងន់យុទ្ធសាស្ត្រសំខាន់របស់សហគមន៍អឺរ៉ុបទាំងមូល បានជះឥទ្ធិពលនិងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់នៃសហគមន៍នេះ។ ប្រការនេះ បានតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដោយត្រូវតែមានការកែសម្រួលជំហរនៅក្នុងទំនាក់ទំនងអន្តរជាតិ កែសម្រួលនូវយុទ្ធសាស្ត្រផ្សេងៗនៅក្នុងភូមិសាស្ត្រនយោបាយថ្មី រាប់ចាប់តាំងពីការកែសម្រួលស្ថានទូត និងទីកន្លែងបេសកកម្មការទូតរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ ការបិទការិយាល័យស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ នាពេលនេះមិនមែនជារឿងថ្មីនោះទេ ព្រោះប្រទេសស៊ុយអែត ធ្លាប់បានប្រកាសរួចមកហើយអំពីការប្រគល់ភារកិច្ចតំណាងប្រទេសស៊ុយអែតនៅកម្ពុជា ទៅឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងបាងកក។ ទោះបីជាយ៉ាងណា ការប្រកាសបិទការិយាល័យស្ថានទូតខាងលើនេះ ពុំបានសបញ្ជាក់អំពីការថមថយនៅក្នុងនយោបាយការបរទេសកម្ពុជានោះទេ ព្រោះនេះគឺត្រឹមតែជាការិយាល័យស្ថានទូតប៉ុណ្ណោះ ដោយស៊ុយអែត ពុំមានស្ថានទូតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ជាមួយគ្នានេះ ក្រៅពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅកម្ពុជាក៏មានការបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ដូចជា ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី នៅក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីនៅខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលនៅសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ហេតុនេះហើយ ការប្រកាសបិទ ឬបើកបន្ថែមថ្មី នូវការិយាល័យ ឬទីតាំងបេសកកម្មការទូតរបស់បណ្ដារដ្ឋជាភាគីនានា គឺជាការសបញ្ជាក់អំពីការប្រែប្រួលយុទ្ធសាស្ត្រនៅក្នុងតំបន់និងសាកលលោក ក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់រដ្ឋជាភាគីដាក់ទូតនីមួយៗ។ គេមិនគួរយកភាពជាក់ស្ដែងនៃរដ្ឋភាគីដាក់ទូត មកប្រៀបធៀប ឬវាយតម្លៃលើស្ថានភាពនៃប្រទេសជារដ្ឋម្ចាស់ផ្ទះនោះទេ ព្រោះនោះគឺជាការប្រៀបធៀបដោយយោងទៅលើទស្សនៈនយោបាយរបស់បុគ្គលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តនយោបាយការបរទេសនៅលើឆាកអន្តរជាតិ ប្រទេសកម្ពុជា ត្រូវតែប្រឹងប្រែងបន្តទៀត បើកចំហទំនាក់ទំនងការបរទេសឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីស្វែងដៃគូថ្មីៗបន្ថែម ពង្រឹងកិច្ចសហប្រតិបត្តិនៅក្នុងទំនាក់ទំនងជាមិត្តភាពចាស់និងស្វែងរកមិត្តភាពថ្មីបន្ថែមទៀត ដើម្បីបើកចំហនូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ឈានទៅសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការស្វែងរកទីផ្សារបន្ថែមសម្រាប់ប្រទេសកម្ពុជា។ ដើម្បីពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយការបរទេស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសមាត្រា៥៣ ដែលត្រូវតែរក្សាតុល្យភាពទំនាក់ទំនងគ្រប់បណ្ដាប្រទេស និងគ្រប់មហាអំណាចទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោក ដ៏ស្រួចស្រាល់នេះ៕
RAC Medi | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...