ព័ត៌មាន

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥

2024-09-17 03:48:23 ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 10:48 AM
អ្នកមើល 2751
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ឆិន ឆុង (CHEN Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

ពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសដោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក តាំង ម៉េងឆុង នាយកភាគីខ្មែរនៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក WANG Feng នាយកភាគីចិននៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

 

គួរបញ្ជាក់ថា ពិធីសំណេះសំណាល និងតម្រង់ទិសការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអំពីវិន័យ និងការងាររបស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដល់លោកគ្រូអ្នកគ្រូដែលជាជនជាតិចិនទាំង ៧១នាក់ នៅក្នុងការបង្រៀនភាសាចិនដល់សិស្សនៅកម្ពុជា និងដើម្បីជំរុញការស្វែងយល់ពីស្ថានភាពនៃការរស់នៅ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៅក្នុងប្រទេសកម្ពុជា។

 

នៅក្នុងពិធីនាព្រឹកនេះដែរ ក៏មានការរៀបចំធ្វើបទបង្ហាញលើប្រធានបទសំខាន់ចំនួន ៥ផងដែរគឺ៖

 

១. «ស្ថានភាពប្រជាជនចិនរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោក JIANG Peng តំណាងការិយាល័យកិច្ចការអត្រានុកូលដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា

 

២. «ការការពារជំងឺទូទៅនៅក្នុងប្រទេសកម្ពុជា» ដោយលោក CHENG Zhiyon អ្នកជំនាញរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រចិនប្រចាំកម្ពុជា

 

៣. «បទបញ្ជា និងសុវត្ថិភាពក្នុងការរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោកស្រី ZHAO Yuexi តំណាងការិយាល័យគ្រប់គ្រងគ្រូស្ម័គ្រចិត្តជនជាតិចិននៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរភាសាចិន-បរទេស នៃក្រសួងអប់រំចិន

 

៤. «ច្បាប់ពាក់ព័ន្ធមួយចំនួនរបស់ប្រទេសកម្ពុជា» ដោយលោកបណ្ឌិត ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងជាអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌

 

៥. «ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

 

 

ថ្លែងក្នុងឱកាសបើកពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥នេះនាឱកាសនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងកោតសរសើរនូវវីរៈភាពរបស់គ្រូបង្រៀនជនជាតិចិន ដែលធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីបង្រៀនភាសាចិនដល់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានបានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ដោយផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៥គឺ៖ ១. ឥទ្វិពលនៃវប្បធម៌ចិនបានផ្លាស់ប្ដូរឥរិយាបថនៃការបរិភោគរបស់ប្រជាជនខ្មែរ ២. ភាសាគឺជាស្ពានឆ្លងនៃការដោះដូរ និងមានទំនាក់ទំនងជាមួយគ្នា ហើយគ្រូបង្រៀនភាសាចិនទាំងអស់ នឹងក្លាយទៅជាវិចិត្រករឆ្លាក់សិស្សដែលរៀនជាមួយ ដែលនឹងក្លាយធនធានមនុស្សភាសាចិនដ៏សំខាន់ ៣. ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រ ហើយការបង្រៀនរបស់លោកគ្រូអ្នកគ្រូនឹងផ្ដល់នូវអនុស្សាវរីយ៍នៃការរៀននិងបង្រៀនដល់ប្រជាជនកម្ពុជា ៤. រយៈពេល១៥ឆ្នាំនៃដំណើរការវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាពេលវេលាដ៏មានគុណតម្លៃសម្រាប់ការសិក្សានិងស្វែងយល់អំពីភាសាចិន។ ៥. ទំនាក់ទំនងកម្ពុជា-ចិន ​ដែលចាប់ផ្ដើមជាផ្លូវការដោយស្ថាបនិកទាំងពីរ សម្ដេចនរោត្ដមសីហនុ និងលោក ជូ អេនឡាយ នឹងកាន់តែរឹងមាំបន្ថែមទៀតដោយកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមតាមរយៈគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់គ្រូបង្រៀនជនជាតិចិន ឱ្យសិក្សារៀនសូត្រអំពីភាសាខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានឹងផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរដោយឥតគិតថ្លៃ ដល់គ្រូបង្រៀនជាជនជាតិចិនទាំងអស់។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានជំរុញឱ្យទៅទស្សនាប្រាសាទអង្គរវត្ត ដែលមានឆ្លាក់នូវទិដ្ឋភាពនៃទំនាក់ទំនងរវាងកម្ពុជា និងចិននៅក្នុងប្រវត្តិសាស្ត្រផងដែរ ដើម្បីពង្រឹងនិងពង្រីកការយល់ដឹងបន្ថែមទៀតអំពីប្រវត្តិនិងការវិវត្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

 

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

គុណតម្លៃនៃអំណាន (The Value of Reading) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...

2023-02-01 07:09:52   ថ្ងៃពុធ, 01 កុម្ភៈ 2023 ម៉ោង 02:09 PM
ហេតុអ្វីបស្ចិមប្រទេសព្រួយបារម្ភចំពោះការលេចត្រដែតរបស់ចិន? ដោយ៖ លឹម សុវណ្ណរិទ្ធ

ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...

2023-02-01 06:47:45   ថ្ងៃពុធ, 01 កុម្ភៈ 2023 ម៉ោង 01:47 PM
សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

2023-01-31 07:46:58   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 02:46 PM
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖“ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ «ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...

2023-01-31 03:32:20   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:32 AM
«កម្មវិធីសិក្ខាសាលាលើកទី១ របស់បេក្ខជនបណ្ឌិត យ៉ា សារុន»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី នឹងរៀបចំ សិក្ខាសាល...

2023-01-31 03:23:40   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:23 AM
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត ភូន ភូម៉ូនីរតន៍ (ជំនាន់ទី៦ វគ្គ១)

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី ការពារគម្រោងលម្អិត...

2023-01-31 03:21:55   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:21 AM

សេចក្តីប្រកាស