Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
ចាប់តាំងពីការចុះសិក្សាស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានរយៈពេលជិត១០មកហើយ។ នៅក្នុងពេលពេល ស្ថានភាពនយោបាយនៅកម្ពុជាមានកម្ដៅយ៉ាងខ្លាំង ពិសេសប្រធានបទលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានសិក្សាទាំងឯកសារដែលទទួលបាន ទាំងផែនទី និងការចុះទៅសិក្សាស្រាវជ្រាវដល់ទីតាំងបង្គោលព្រំដែនដោយផ្ទាល់ ដោយបានចងក្រងឯកសារដោះស្រាយចម្ងល់និងមន្ទិលសង្ស័យទាំងឡាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ បើសិនជាគេក្រឡេកទៅមើលជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលស្ថិតនៅតាមបណ្ដោយព្រំដេនកម្ពុជា-វៀតណាម កាលពីជិត១០ឆ្នាំមុន យើងឃើញថា កម្ពុជាមានប្រជាពលរដ្ឋតិចបំផុត ដោយរាប់ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរតិចខ្លាំង ពិសេសនៅតំបន់ភូមិភាគឦសាន ដោយតំបន់ព្រំដែនក្នុងភូមិភាគឦសានភាគច្រើនជាព្រៃស្រោង ហើយក្រុមការងារស្រាវជ្រាវព្រំដែនបានចុះទៅសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់ផ្លូវរបស់ភាគីវៀតណាម ខណៈប៉ុស្តិ៍ការពារព្រំដែនរបស់កម្ពុជា ភាគច្រើនជានគរបាល ខុសប្លែកពីប៉ុស្តិ៍ការពារព្រំដែនរបស់វៀតណាមដែលសុទ្ធសឹងជាកងទ័ព។ ដោយសារតែផ្លូវសម្រាប់ធ្វើដំណើរមានការលំបាកខ្លាំង ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវប្រើប្រាស់រយៈពេលរហូតដល់១ថ្ងៃ ដើម្បីធ្វើដំណើរពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយទៀត ដែលមានន័យថា ការធ្វើដំណើររបស់កងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ក៏ពិបាកនៅគ្នុងការចល័តផងដែរ ដែលជាហេតុធ្វើឱ្យតំបន់ព្រំដែន ក្លាយទៅជាតំបន់ដាច់ស្រយាល ដែលកម្រមានមនុស្សទៅដល់ និងមិនអាចទៅដល់។ ក្រោយមកគឺនៅឆ្នាំ២០១៧ ទើបមានការឈូសឆាយផ្លូវនៅតាមព្រំដែន ដែលជាការបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរបាន។
បច្ចុប្បន្ន តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ តំបន់ព្រំដែនទាំងនោះ លែងជាតំបន់ដាច់ស្រយាលដែលគ្មានអ្នកទៅដល់ទៀតហើយ ហើយប្រជាពលរដ្ឋខ្មែរទាំងអស់ សុទ្ធតែអាចធ្វើដំណើរទៅដល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ បន្ថែមពីនេះ ក៏មានការរៀបចំដំណើរទស្សនកិច្ច ដែលរាជរដ្ឋាភិបាលបានរៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅពិនិត្យនិងស្រាយចម្ងល់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមថែមទៀតផង។
ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ មុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតនូវមូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន ដែលជាការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង ដោយគ្មានការរើសអើងភេទ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ ដែលគឺជាការបើកចំហរការចូលរួមជាទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានស្មារតីជាតិនិយម និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដែលមានគោលបំណងដូចគ្នាគឺ កសាងនិងការពារជាតិមាតុភូមិរបស់ខ្លួនឱ្យបានរឹងមាំ។ ការបើកចំហរទូលាយចំពោះការចូលរួមនេះ មានន័យថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបានពេញលេញ ពិសេសគឺការចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍនានានៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង។
ការចូលរួមចំណែកជាថវិកានៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គឺជាការចូលរួមដោយផ្ទាល់នៅក្នុងការកសាងខឿនការពារព្រំដែន តាមរយៈការជំរុញហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់គឺជាម្ចាស់អធិបតេយ្យជាតិ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ ដោយសារតែខឿនការពារព្រំដែនទាំងនេះ កើតចេញមកពីទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ខ្មែរគ្រប់រូប។
តាមរយៈរៀបចំដំណើរទស្សនកិច្ចនៅតាមតំបន់ព្រំដែន ពិសេសការចូលរួមជាថវិកាយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចំពោះឆន្ទៈការពារជាតិ និងការការបើកទូលាយឥតលាក់លៀមអំពីបញ្ហាព្រំដែនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងអាចចូលរួមទាំងអស់គ្នានៅក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់ខ្លួន។
ការចូលរួមយ៉ាងផុសផុល និងការសម្ដែងមតិប្រកបដោយសេចក្ដីសោមនស្សរបស់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមនៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដែលផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញអំពីឆន្ទៈជារួមរបស់ប្រជាជាតិខ្មែរ ដែលឈឺឆ្អាល និងមានឆន្ទៈមនសិការស្នេហាជាតិពិតប្រាកដ ជាជាងការប្រើប្រាស់វោហាសាស្ត្រដើម្បីតែផលប្រយោជន៍សួនតួបុគ្គល ឬប្រយោជន៍នយោបាយរបស់ក្រុមខ្លួន ដូចដែលអ្នកនយោបាយប្រឆាំងមួយចំនួនបាននិងកំពុងតែធ្វើ។ ការចូលរួមទាំងនេះបង្ហាញយ៉ាងជាក់ច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាទូទៅ មិនចូលចិត្តប្រើប្រាស់តែវោហាសាស្ត្រ ដើម្បីបង្ហាញថាខ្លួនជាអ្នកស្នេហាជាតិ ស្នេហាប្រទេស និងទឹកដីនោះទេ ប៉ុន្តែពួកគាត់បានបង្ហាញចេញតាមរយៈការចូលរួមជាសកម្មភាពក៏ដូចជាថវិកាជាក់ស្ដែង ដែលជាចំណែកដ៏សំខាន់មួយ និងមានភាពជាក់ស្ដែងនិយម ដូចពាក្យមួយឃ្លាលើកឡើងថា “សម្ដីមិនស្មើនឹងទង្វើ”។
ពិតប្រាកដណាស់ ក្នុងសង្គមប្រជាធិបតេយ្យ មនុស្សគ្រប់គ្នាតែងតែមានទស្សនៈយល់ឃើញខុសៗគ្នា និងមានសិទ្ធិបញ្ចេញយោបល់ផ្សេងៗគ្នាដើម្បីកែលម្អ ឬស្ថាបនា ក្នុងគោលដៅចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែគេមិនត្រូវប្រកាន់ដាច់ខាតថាទស្សនៈខ្លួនទើបត្រឹមត្រូវ រហូតដល់ការអុចអាល ដុតរោលខុសពីការពិត គឺជាចរន្តមួយដែលត្រូវការប្រើប្រាស់ច្បាប់ដើម្បីទប់ស្កាត់ហើយ ព្រោះសកម្មភាពមួយចំនួនដូចជា ចរន្តជាតិនិយមជ្រុល បង្កការភ័ន្តច្រឡំរបស់មហាជន ដែលនាំទៅដល់កលយុគសង្គមនោះ គឺទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់ ដើម្បីធានាបាននូវដំណើរការអភិវឌ្ឍប្រទេសជាតិ និងការពារសមិទ្ធផលដែលកំពុងមានសម្រាប់ប្រជាជាតិទាំងមូល។ កន្លងមក យើងឃើញថា មានក្រុមនយោបាយមួយចំនួន បានលើកយកបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសបញ្ហាព្រំដែនជាមួយនឹងប្រទេសវៀតណាម ទៅធ្វើជាប្រធានបទប្រឆាំងនឹងរដ្ឋាភិបាល បើទោះបីជាការលើកឡើងទាំងនោះ ខុសពីស្ថានភាពពិតជាក់ស្ដែងនៅតំបន់ព្រំដែន ប្រាសចាកអំពីច្បាប់ដែលមានជាធរមាន និងផ្ទុយស្រឡះពីកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើក៏ដោយក្ដី ក៏គេព្យាយាមលាបពណ៌ខុសពីការពិតដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួនដែរ។ នៅពេលដែលប្រជាពលរដ្ឋមួយចំនួនមិនបានពិនិត្យពិចារណាឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយទេនោះ ការណ៍នេះនឹងនាំទៅដល់ភាពចលាចលមួយដែលអាចបង្កើតទៅជាចរន្តគ្រោះថ្នាក់សម្រាប់សង្គមជាតិ ប្រសិនបើគ្មានការទប់ស្កាត់ឱ្យទាន់ពេលវេលានោះទេ ដូចជាករណីនៅក្នុងឆ្នាំ២០១៤ ដែលគេបញ្ឆេះកំហឹងជាតិនិយមអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមជាដើម។
ស្មារតីជាតិនិយមដ៏រឹងមាំដែលអាចការពារប្រទេសជាតិ ការពារអធិបតេយ្យភាពរបស់ខ្លួនបានគង់វង្ស គឺជាស្មារតីជាតិនិយមដែលមានការឯកភាពផ្ទៃក្នុងរបស់ជាតិ ហើយមិនថាពេលណាជាពេលណានោះទេ ការពង្រឹងឯកភាពផ្ទៃក្នុងរបស់ជាតិគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីការពារជាតិ ប្រជាជន និងទឹកដី ដូចពាក្យស្លោកខ្មែរមួយឃ្លាបានលើកឡើងថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ការធានាបានអធិបតេយ្យភាពនៃប្រជាជាតិ គឺជាការការពារបាននូវឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ដូច្នេះហើយ ខ្មែរគ្រប់និន្នាការ និងពណ៌សម្បុរនយោបាយទាំងអស់ គប្បីរួបរួមគ្នាឱ្យបាននៅពេលដែលកាលៈទេសៈតម្រូវ នៅក្នុងរឿងអធិបតេយ្យភាពរបស់ខ្លួន។
លើសពីនេះ ការអភិវឌ្ឍបាននូវហេដ្ឋរចនាសម្ព័ន្ធនៅតាមព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាងគឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការការពារជាតិ តាមរយៈវត្តមាននៃប្រជាពលរដ្ឋ និងកងកម្លាំងដែលអាចទៅដល់ និងមើលឃើញអំពីស្ថានភាពតំបន់ព្រំដែនជាក់ស្ដែង មិនមែនជាស្ថានភាពដែល បង្គោលព្រំដែននៅទីនេះ ហើយកម្លាំងការពារនៅទីទៃផ្សេងពីគ្នានោះឡើយ ហើយវត្តមាននៃភូមិកររបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន គឹជាភ្នែកជាច្រមុះរបស់ជាតិទាំងមូល ដើម្បីតាមដាននិងរាយការណ៍អំពីស្ថានភាពក៏ដូចជាការវិវត្តិពិតប្រាកដនៃតំបន់ព្រំដែន។ ដូច្នេះហើយ ការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន គឺជាចលនាជាតិមួយដែលប្រជាពលរដ្ឋអាចចូលរួមដោយផ្ទាល់ ជាមួយថវិកាទៅតាមលទ្ធភាពនិងមនោសញ្ចេតនាជាតិ ដែលខ្លួនមាន បន្ថែមពីលើស្មារតីជាតិនិយម និងការតាមដានស្ថានការណ៍វិវត្តជាក់ស្ដែងនៃប្រទេសជាតិរបស់ខ្លួន។
ជារួម គុណតម្លៃស្នូលនៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺការចូលរួមនិងគាំទ្ររបស់ប្រជាពលរដ្ឋ នេះជាការចូលរួមកសាងជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋយ៉ាងភ្លូកទឹកភ្លូកដី ហើយបានបង្ហាញបន្ថែមពីលើការបោះឆ្នោតកាលពីឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋបានគាំទ្រយ៉ាងលើសលុបលើរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ ការចូលរួមនៅក្នុងមូលនិធិនេះ គឺពលរដ្ឋពិតជាបានផ្ដល់ទាំងទំនុកចិត្ត និងថវិកាទៅតាមលទ្ធភាពដែលខ្លួនមានទៅឱ្យរាជរដ្ឋាភិបាល ដែលពួកគាត់បង្ហាញអំពីមនសិកាស្នេហាជាតិ ដែលភ្ជាប់ជាមួយនឹងការជឿជាក់យ៉ាងមុតមាំទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ RAC Media | លឹម សុវណ្ណរិទ្ធ
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ជាខួបពីរឆ្នាំដែលឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច បានចូលកាន់ដំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា (១១ សីហា ២០១៧ -១១ សីហា ២០១៩)។ គឺមានរយៈពេលពីរឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតស...
ដោយបណ្ឌិត កា ម៉ាធុល ប្រធាននាយកដ្ឋាន ច្បាប់អន្តរជាតិ និងការទូត នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជារាជបណ្ឌិត្យសភាកម្ពុជាប្រទេសកម្ពុជានិងស្រីលង្កា មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី២៨ ខែឧ...
នៅវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃសុក្រ៩កើតខែស្រាពណ៌ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បន្ទប់ប្រជុំ សម្តេចសង្ឃ ជួន ណាត នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងនាមឯកឧត្តមបណ្ឌិតសភាចា...
នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទីព្រឹក នៅអគារ E (បន្ទប់ប្រជុំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា)នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ា...