ព័ត៌មាន

ការផ្ដោតអាទិភាពលើឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេស បង្ហាញពីភាពជាអ្នកដឹកនាំដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន

2024-09-06 08:08:30 ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 03:08 PM
អ្នកមើល 2985
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយជួនកាលអ្នកនយោបាយបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបុព្វហេតុអំណាចដឹកនាំរដ្ឋរបស់ខ្លួន ដែលហាក់បីដូចជាប្រាសចាកអំពីអត្ថន័យដើមនៃពាក្យ «នយោបាយ» ដែលជាវិទ្យាសាស្ត្រពាក់ព័ន្ធទៅដល់ភាពថ្កុំថ្កើងសម្បូណ៌សប្បាយរុងរឿងរបស់មនុស្ស និងបុរីទាំងមូល (អារីស្តូត “៣៨៤-៣២២មុនគ.ស.”)។ ការផ្ដោតសំខាន់តែទៅលើភាពឈ្នះចាញ់ជាមួយនឹងគូបដិបក្ខនយោបាយម្ខាងទៀតរបស់អ្នកនយោបាយ គឺជាគ្រោះថ្នាក់មួយសម្រាប់សង្គមជាតិ ព្រោះមិនបាននាំមកនូវទស្សនៈថ្មីសម្រាប់ការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឬការចូលរួមចំណែកនៅក្នុងការកែលម្អចំណុចខ្វះខាតដែលកំពុងកើតមាននោះទេ ដោយសារតែអ្នកនយោបាយដែលផ្ដោតតែលើអំណាចដឹកនាំប្រទេស ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំផ្លាញដៃគូ ឬថែមទាំងហ៊ានបំផ្លាញផលប្រយោជន៍ជាតិ ឱ្យតែខ្លួននិងក្រុមខ្លួនអាចសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន។

នៅក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកដែលអ្នកនយោបាយខ្មែរបានបញ្ឆេះចរន្តជាតិនិយមជ្រុល និងចោទប្រកាន់គ្នាទៅវិញទៅមក រហូតដល់មានការគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយយកគំរូតាមបាតុកម្មទម្លាក់មេដឹកនាំបង់ក្លាដែសនាពេលថ្មីៗនេះ និងការត្រៀមកងកម្លាំងបង្ការទប់ស្កាត់ និងបង្ក្រាបថែមទៀតផង។

ទោះជាយ៉ាងណា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការសម្រេចចិត្តយ៉ាងច្បាស់លាស់ ដោយបានងាកមកផ្ដោតសំខាន់លើបំណងប្រាថ្នារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបវិញគឺ ការផ្ដល់អាទិភាពលើការធានាឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលជាការបង្ហាញអំពីភាពជាអ្នកដឹកនាំពិតប្រាកដ ដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន។ នេះគឺជារឿងដែលគួរឱ្យសាទរសម្រាប់ប្រជាជាតិទាំងមូល ដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ឧត្ដមប្រយោជន៍ជាតិ ជាជាងផ្ដោតតែលើការប្រជែងយកឈ្នះចាញ់ជាមួយនឹងក្រុមប្រឆាំង ដើម្បីដណ្ដើមប្រជាប្រិយភាព និងការគាំទ្រពីប្រជាជនទៅលើប្រធានបទមួយដែលត្រូវបានបញ្ឆេះដោយក្រុមអ្នកនយោបាយនៅក្រៅប្រទេស។

ជាការពិតណាស់ ទស្សនៈនិងមតិខ្វែងគំនិតគ្នាគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ តែអ្វីដែលជាស្មារតីរួមរបស់ប្រជាពលរដ្ឋគ្រប់និន្នាការនៅក្នុងសង្គមនោះគឺ មនសិកា ស្មារតីជាតិនិយមទៅលើឯករាជ្យនិងអធិបតេយ្យជាតិ ការប្រាថ្នាចង់បានសង្គមមួយដែលរីកចម្រើនរុងរឿង និងការលើកកម្ពស់កម្រិតជីវភាពរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះហើយ ប្រសិនបើរាជរដ្ឋាភិបាលពិតជាសម្រេចបានតាមស្មារតីរួមទាំងនេះមែន នោះរាជរដ្ឋាភិបាលនឹងទទួលបានការគាំទ្រដ៏រឹងមាំមួយពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ការការពារអធិបតេយ្យជាតិគឺជាកាតព្វកិច្ចនិងទំនួលខុសត្រូវដ៏ចម្បងរបស់រាជរដ្ឋាភិបាលដែលត្រូវធានាឱ្យបានខ្ជាប់ខ្ជួន ប៉ុន្តែបើទោះបីជារក្សាបាននូវអធិបតេយ្យហើយក្ដី តែតំបន់នៅតាមព្រំដែនគ្មានការអភិវឌ្ឍ មិនមែនត្រឹមតែក្រុមប្រឆាំងទេដែលដាក់បន្ទុក ទម្លាក់កំហុស និងចោទប្រកាន់រាជរដ្ឋាភិបាល សូម្បីតែប្រជាពលរដ្ឋទូទៅក៏អាចនឹងវាយតម្លៃលើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងជ្រុងផ្សេងៗគ្នាផងដែរ។ ផ្ទុយមកវិញ ប្រសិនបើរាជរដ្ឋាភិបាល អាចធានាជំរុញឱ្យខេត្តនៅតាមតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន នោះហើយគឺជាសក្ខីភាពបង្ហាញថា រាជរដ្ឋាភិបាលមិនត្រឹមតែមានឆន្ទៈការពារអធិបតេយ្យជាតិទេ គឺថែមទាំងមានសមត្ថភាពពង្រាយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទៅគ្រប់ទីកន្លែងផងដែរ។ ត្រង់ចំណុចនេះមានន័យថា ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងជនបទ សុទ្ធសឹងទទួលបានអត្ថប្រយោជន៍ ចេញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយច្បាស់ណាស់ដែលថា ពួកគេនឹងពិតជានឹងគាំទ្រដោយឥតងាករេចំពោះមេដឹកនាំដែលអាចផ្ដល់នូវជីវភាពល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខដុមដល់ខ្លួន។

ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយថាមភាព សម្រាប់ប្រជាជាតិទាំងមូល ដោយមិនផ្ដោតតែលើប្រជាប្រិយភាពនិងការឈ្នះចាញ់នៅលើប្រធានរឿងតូចៗ ប៉ុន្តែផ្ដោតជាសំខាន់ទៅលើការខិតខំប្រឹងប្រែងដើម្បីវឌ្ឍនភាពប្រទេសជាតិទាំងមូល ពិតជាបានបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយការណ៍នេះគឺជាការកសាងប្រជាប្រិយភាពដែលមានលក្ខណៈយូរអង្វែង ជាជាងនយោបាយប្រជាភិថុតិ ដូចដែលអ្នកនយោបាយមួយចំនួនធ្លាប់បានយកមកប្រើប្រាស់ដើម្បីកៀងគរការគាំទ្រ។

បន្ថែមពីលើនេះ គេគួរតែយល់ដឹងឱ្យបានប្រាកដជាក់ថា ការការពារអធិបតេយ្យភាព អាស្រ័យលើឆន្ទៈមេដឹកនាំ និងសមត្ថភាពនៅក្នុងវិស័យការពារជាតិ ចំណែកឯការអភិវឌ្ឍប្រទេសអាស្រ័យលើសមត្ថភាពដឹកនាំ និងចក្ខុវិស័យក្នុងការគូសវាសផែនការរយៈពេលវែង។ ហេតុនេះហើយ នៅពេលដែលមេដឹកនាំបានមើលឃើញនិងគិតគូរអំពីដំណើរដ៏វែងឆ្ងាយនៃការអភិវឌ្ឍជាតិ នោះគឺជាភ័ព្វសំណាងរបស់ជាតិនិងប្រជាជន ហើយក៏ជាការបង្ហាញអំពីភាពជាអ្នកដឹកនាំប្រទេសប្រកបដោយទស្សនវិស័យគ្រប់ជ្រុងជ្រោយផងដែរ។

លើសពីនេះ ការធានាបាននូវឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយថាមភាព ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងការសម្រេចបានការបង្រួបបង្រួមស្មារតីឯកភាពផ្ទៃក្នុងផងដែរ ព្រោះរឿងឯករាជ្យ និងអធិបតេយ្យជាតិ គឺជាបញ្ហារសើប ដែលអ្នកនយោបាយប្រឆាំងតែងតែលើកយកមកធ្វើជាឆ្នួនដើម្បីបញ្ឆេះកំហឹងជាតិនិយមរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ការណ៍ពិតមួយដែលគេត្រូវចងចាំនោះគឺ នៅពេលដែលក្រពះកំពុងតែឃ្លាន ហើយតម្រូវការជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃមិនត្រូវបានបំពេញឱ្យបានគ្រប់គ្រាន់ គេមិនអាចនឹកនាដល់សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាននោះទេ។

ហេតុនេះហើយ នៅពេលណាដែលរាជរដ្ឋាភិបាលអាចធានាឱ្យបាននូវជីវភាពរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋ ការពារបាននូវឯករាជ្យ និងអធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន នោះគឺជាគុណសម្បត្តិ និងសមិទ្ធផលមិនអាចប្រកែកបាន ដែលប្រជាពលរដ្ឋគ្រប់រូបនឹងមើលឃើញផ្ទាល់នឹងភ្នែក ស្ដាប់ឭផ្ទាល់នឹងត្រចៀក ដែលគ្មានអ្នកនយោបាយឬក្រុមប្រឆាំងណាមួយអាចមកញុះញង់ ឬបំផុសបំផុសឱ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាលនោះទេ។

ទោះជាយ៉ាងណា ដើម្បីសម្រេចបាននូវសមិទ្ធផលដែលជាមរតកនយោបាយមានលក្ខណៈរឹងមាំនិងយូរអង្វែងដូចដែលបានរៀបរាប់ខាងលើ ពិតជាទាមទារពេលវេលាគ្រប់គ្រាន់ ជាមួយនឹងឆន្ទៈនយោបាយដ៏មុតមាំបំផុតរបស់មេដឹកនាំ ព្រមទាំងគោលការណ៍អនុវត្តដែលប្រាកដប្រជា និងការលុបបំបាត់ឱ្យបាននូវភាពអសកម្មនានាដែលកើតមានឡើងនៅក្នុងការបំពេញមុខនាទីរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងមន្ត្រីរាជការសាធារណៈ ក៏ដូចជានៅក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ប្រការនេះ ទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ ជាមួយនឹងកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យបានស៊ីជម្រៅនិងអាចអនុវត្តបានពិតប្រាកដ ដែលកត្តាទាំងនេះគឺជារឿងដែលរាជរដ្ឋាភិបាលត្រូវពិនិត្យពិចារណាបន្ថែមទៀតនៅក្នុងអាណត្តិដឹកនាំរបស់ខ្លួន៕

(រាល់ការលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

អត្ថបទទាក់ទង

IRIC Director General Advocates for a Shared Future at Global South Forum

Dr. Kin Phea, Director General of the International Relations Institute of Cambodia (IRIC) at the Royal Academy of Cambodia, emphasized that building a community with a shared future is both a moral a...

2024-11-13 07:11:16   ថ្ងៃពុធ, 13 វិច្ឆិកា 2024 ម៉ោង 02:11 PM
Exploring Economic Collaboration along the Lancang-Mekong River Alliance

The Lancang-Mekong River spans over 4 000 kilometers across China and five Asian countries – it's not a river but also a crucial lifeline and economic hub that signifies a shared destiny among n...

2024-11-13 02:05:58   ថ្ងៃពុធ, 13 វិច្ឆិកា 2024 ម៉ោង 09:05 AM
ហេតុអ្វីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី តែងតែក្លាយជារឿងដែលអ្នកនយោបាយលើកយកមកធ្វើជាប្រធានបទនយោបាយ?

ដោយ៖ លឹម សុវណ្ណរិទ្ធ    នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នា​តែងតែមាន​ការ​ខ្វែង​គំនិតគ្នាទៅលើ​ប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធ​សាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភា...

2024-11-12 10:31:21   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 05:31 PM
របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិ...

2024-11-12 04:14:47   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេ...

2024-11-11 10:29:47   ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 05:29 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញតាមទេពកោសល្យ ទើបមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស...

2024-11-11 07:21:01   ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 02:21 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រាជបណ...

 ចុចមើល
2020-08-05 05:06:55   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 12:06 PM

កិច្ចពិភាក្សាតុមូលស្តីពី តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?

 ចុចមើល
2020-07-29 08:16:52   ថ្ងៃពុធ, 29 កក្កដា 2020 ម៉ោង 03:16 PM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការបោះពុម្ពព្រឹត្តិបត្រលេខ១១ សន្ទានុក្រមអក្សសិល្ប៍...

 ចុចមើល
2020-06-22 05:17:35   ថ្ងៃចន្ទ, 22 មិថុនា 2020 ម៉ោង 12:17 PM

ដំណឹងជ្រើសរើសបេក្ខនារី សិក្សាជំនាញបន្ថែមផ្នែកគុណភាពទឹកដោះគោ ២រូប!

 ចុចមើល
2019-06-21 04:55:01   ថ្ងៃសុក្រ, 21 មិថុនា 2019 ម៉ោង 11:55 AM

កម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «តើមានអ្វីដែលនឹងកើតឡើងពេលដែលលោក សម រង្សី វិលត្រឡប់ចូលប្រទេសកម្ពុជា...

 ចុចមើល
2019-06-21 04:52:39   ថ្ងៃសុក្រ, 21 មិថុនា 2019 ម៉ោង 11:52 AM

បាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់ លោក Donal Trump និងអត្ថន័យចំពោះអាស៊ី ថ្...

 ចុចមើល
2018-08-13 04:41:58   ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 11:41 AM

សមិទ្ធផល១ឆ្នាំ និងទិសដៅការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...

 ចុចមើល
2018-08-06 06:59:49   ថ្ងៃចន្ទ, 06 សីហា 2018 ម៉ោង 01:59 PM

បាឋកថាស្តីពី ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨...

 ចុចមើល
2018-08-06 06:56:31   ថ្ងៃចន្ទ, 06 សីហា 2018 ម៉ោង 01:56 PM

ពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹកនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម លឹម គានហោ រដ...

 ចុចមើល
2018-07-01 18:34:07   ថ្ងៃអាទិត្យ, 01 កក្កដា 2018 ម៉ោង 01:34 AM

សេចក្តីជូនដំណឹងស្តីពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសស៊ុយអ៊ែត

 ចុចមើល
2018-05-22 21:59:21   ថ្ងៃអង្គារ, 22 ឧសភា 2018 ម៉ោង 04:59 AM

វេទិកាតុមូលស្តីពី៖ គោលនយោបាយរបស់គណបក្សនយោបាយ

 ចុចមើល
2018-05-15 21:07:30   ថ្ងៃអង្គារ, 15 ឧសភា 2018 ម៉ោង 04:07 AM

បាឋកថា ស្តីពីគោលនយោបាយការបរទេសរបស់អាម៉េរិកនៅតំបន់អាស៊ី

 ចុចមើល
2018-05-10 06:44:47   ថ្ងៃព្រហស្បតិ៍, 10 ឧសភា 2018 ម៉ោង 01:44 PM