Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយជួនកាលអ្នកនយោបាយបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបុព្វហេតុអំណាចដឹកនាំរដ្ឋរបស់ខ្លួន ដែលហាក់បីដូចជាប្រាសចាកអំពីអត្ថន័យដើមនៃពាក្យ «នយោបាយ» ដែលជាវិទ្យាសាស្ត្រពាក់ព័ន្ធទៅដល់ភាពថ្កុំថ្កើងសម្បូណ៌សប្បាយរុងរឿងរបស់មនុស្ស និងបុរីទាំងមូល (អារីស្តូត “៣៨៤-៣២២មុនគ.ស.”)។ ការផ្ដោតសំខាន់តែទៅលើភាពឈ្នះចាញ់ជាមួយនឹងគូបដិបក្ខនយោបាយម្ខាងទៀតរបស់អ្នកនយោបាយ គឺជាគ្រោះថ្នាក់មួយសម្រាប់សង្គមជាតិ ព្រោះមិនបាននាំមកនូវទស្សនៈថ្មីសម្រាប់ការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឬការចូលរួមចំណែកនៅក្នុងការកែលម្អចំណុចខ្វះខាតដែលកំពុងកើតមាននោះទេ ដោយសារតែអ្នកនយោបាយដែលផ្ដោតតែលើអំណាចដឹកនាំប្រទេស ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំផ្លាញដៃគូ ឬថែមទាំងហ៊ានបំផ្លាញផលប្រយោជន៍ជាតិ ឱ្យតែខ្លួននិងក្រុមខ្លួនអាចសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន។
នៅក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកដែលអ្នកនយោបាយខ្មែរបានបញ្ឆេះចរន្តជាតិនិយមជ្រុល និងចោទប្រកាន់គ្នាទៅវិញទៅមក រហូតដល់មានការគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយយកគំរូតាមបាតុកម្មទម្លាក់មេដឹកនាំបង់ក្លាដែសនាពេលថ្មីៗនេះ និងការត្រៀមកងកម្លាំងបង្ការទប់ស្កាត់ និងបង្ក្រាបថែមទៀតផង។
ទោះជាយ៉ាងណា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការសម្រេចចិត្តយ៉ាងច្បាស់លាស់ ដោយបានងាកមកផ្ដោតសំខាន់លើបំណងប្រាថ្នារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបវិញគឺ ការផ្ដល់អាទិភាពលើការធានាឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលជាការបង្ហាញអំពីភាពជាអ្នកដឹកនាំពិតប្រាកដ ដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន។ នេះគឺជារឿងដែលគួរឱ្យសាទរសម្រាប់ប្រជាជាតិទាំងមូល ដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ឧត្ដមប្រយោជន៍ជាតិ ជាជាងផ្ដោតតែលើការប្រជែងយកឈ្នះចាញ់ជាមួយនឹងក្រុមប្រឆាំង ដើម្បីដណ្ដើមប្រជាប្រិយភាព និងការគាំទ្រពីប្រជាជនទៅលើប្រធានបទមួយដែលត្រូវបានបញ្ឆេះដោយក្រុមអ្នកនយោបាយនៅក្រៅប្រទេស។
ជាការពិតណាស់ ទស្សនៈនិងមតិខ្វែងគំនិតគ្នាគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ តែអ្វីដែលជាស្មារតីរួមរបស់ប្រជាពលរដ្ឋគ្រប់និន្នាការនៅក្នុងសង្គមនោះគឺ មនសិកា ស្មារតីជាតិនិយមទៅលើឯករាជ្យនិងអធិបតេយ្យជាតិ ការប្រាថ្នាចង់បានសង្គមមួយដែលរីកចម្រើនរុងរឿង និងការលើកកម្ពស់កម្រិតជីវភាពរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះហើយ ប្រសិនបើរាជរដ្ឋាភិបាលពិតជាសម្រេចបានតាមស្មារតីរួមទាំងនេះមែន នោះរាជរដ្ឋាភិបាលនឹងទទួលបានការគាំទ្រដ៏រឹងមាំមួយពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ការការពារអធិបតេយ្យជាតិគឺជាកាតព្វកិច្ចនិងទំនួលខុសត្រូវដ៏ចម្បងរបស់រាជរដ្ឋាភិបាលដែលត្រូវធានាឱ្យបានខ្ជាប់ខ្ជួន ប៉ុន្តែបើទោះបីជារក្សាបាននូវអធិបតេយ្យហើយក្ដី តែតំបន់នៅតាមព្រំដែនគ្មានការអភិវឌ្ឍ មិនមែនត្រឹមតែក្រុមប្រឆាំងទេដែលដាក់បន្ទុក ទម្លាក់កំហុស និងចោទប្រកាន់រាជរដ្ឋាភិបាល សូម្បីតែប្រជាពលរដ្ឋទូទៅក៏អាចនឹងវាយតម្លៃលើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងជ្រុងផ្សេងៗគ្នាផងដែរ។ ផ្ទុយមកវិញ ប្រសិនបើរាជរដ្ឋាភិបាល អាចធានាជំរុញឱ្យខេត្តនៅតាមតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន នោះហើយគឺជាសក្ខីភាពបង្ហាញថា រាជរដ្ឋាភិបាលមិនត្រឹមតែមានឆន្ទៈការពារអធិបតេយ្យជាតិទេ គឺថែមទាំងមានសមត្ថភាពពង្រាយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទៅគ្រប់ទីកន្លែងផងដែរ។ ត្រង់ចំណុចនេះមានន័យថា ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងជនបទ សុទ្ធសឹងទទួលបានអត្ថប្រយោជន៍ ចេញពីការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយច្បាស់ណាស់ដែលថា ពួកគេនឹងពិតជានឹងគាំទ្រដោយឥតងាករេចំពោះមេដឹកនាំដែលអាចផ្ដល់នូវជីវភាពល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខដុមដល់ខ្លួន។
ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយថាមភាព សម្រាប់ប្រជាជាតិទាំងមូល ដោយមិនផ្ដោតតែលើប្រជាប្រិយភាពនិងការឈ្នះចាញ់នៅលើប្រធានរឿងតូចៗ ប៉ុន្តែផ្ដោតជាសំខាន់ទៅលើការខិតខំប្រឹងប្រែងដើម្បីវឌ្ឍនភាពប្រទេសជាតិទាំងមូល ពិតជាបានបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយការណ៍នេះគឺជាការកសាងប្រជាប្រិយភាពដែលមានលក្ខណៈយូរអង្វែង ជាជាងនយោបាយប្រជាភិថុតិ ដូចដែលអ្នកនយោបាយមួយចំនួនធ្លាប់បានយកមកប្រើប្រាស់ដើម្បីកៀងគរការគាំទ្រ។
បន្ថែមពីលើនេះ គេគួរតែយល់ដឹងឱ្យបានប្រាកដជាក់ថា ការការពារអធិបតេយ្យភាព អាស្រ័យលើឆន្ទៈមេដឹកនាំ និងសមត្ថភាពនៅក្នុងវិស័យការពារជាតិ ចំណែកឯការអភិវឌ្ឍប្រទេសអាស្រ័យលើសមត្ថភាពដឹកនាំ និងចក្ខុវិស័យក្នុងការគូសវាសផែនការរយៈពេលវែង។ ហេតុនេះហើយ នៅពេលដែលមេដឹកនាំបានមើលឃើញនិងគិតគូរអំពីដំណើរដ៏វែងឆ្ងាយនៃការអភិវឌ្ឍជាតិ នោះគឺជាភ័ព្វសំណាងរបស់ជាតិនិងប្រជាជន ហើយក៏ជាការបង្ហាញអំពីភាពជាអ្នកដឹកនាំប្រទេសប្រកបដោយទស្សនវិស័យគ្រប់ជ្រុងជ្រោយផងដែរ។
លើសពីនេះ ការធានាបាននូវឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយថាមភាព ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងការសម្រេចបានការបង្រួបបង្រួមស្មារតីឯកភាពផ្ទៃក្នុងផងដែរ ព្រោះរឿងឯករាជ្យ និងអធិបតេយ្យជាតិ គឺជាបញ្ហារសើប ដែលអ្នកនយោបាយប្រឆាំងតែងតែលើកយកមកធ្វើជាឆ្នួនដើម្បីបញ្ឆេះកំហឹងជាតិនិយមរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ការណ៍ពិតមួយដែលគេត្រូវចងចាំនោះគឺ នៅពេលដែលក្រពះកំពុងតែឃ្លាន ហើយតម្រូវការជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃមិនត្រូវបានបំពេញឱ្យបានគ្រប់គ្រាន់ គេមិនអាចនឹកនាដល់សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាននោះទេ។
ហេតុនេះហើយ នៅពេលណាដែលរាជរដ្ឋាភិបាលអាចធានាឱ្យបាននូវជីវភាពរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋ ការពារបាននូវឯករាជ្យ និងអធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន នោះគឺជាគុណសម្បត្តិ និងសមិទ្ធផលមិនអាចប្រកែកបាន ដែលប្រជាពលរដ្ឋគ្រប់រូបនឹងមើលឃើញផ្ទាល់នឹងភ្នែក ស្ដាប់ឭផ្ទាល់នឹងត្រចៀក ដែលគ្មានអ្នកនយោបាយឬក្រុមប្រឆាំងណាមួយអាចមកញុះញង់ ឬបំផុសបំផុសឱ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាលនោះទេ។
ទោះជាយ៉ាងណា ដើម្បីសម្រេចបាននូវសមិទ្ធផលដែលជាមរតកនយោបាយមានលក្ខណៈរឹងមាំនិងយូរអង្វែងដូចដែលបានរៀបរាប់ខាងលើ ពិតជាទាមទារពេលវេលាគ្រប់គ្រាន់ ជាមួយនឹងឆន្ទៈនយោបាយដ៏មុតមាំបំផុតរបស់មេដឹកនាំ ព្រមទាំងគោលការណ៍អនុវត្តដែលប្រាកដប្រជា និងការលុបបំបាត់ឱ្យបាននូវភាពអសកម្មនានាដែលកើតមានឡើងនៅក្នុងការបំពេញមុខនាទីរបស់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងមន្ត្រីរាជការសាធារណៈ ក៏ដូចជានៅក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ប្រការនេះ ទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ ជាមួយនឹងកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យបានស៊ីជម្រៅនិងអាចអនុវត្តបានពិតប្រាកដ ដែលកត្តាទាំងនេះគឺជារឿងដែលរាជរដ្ឋាភិបាលត្រូវពិនិត្យពិចារណាបន្ថែមទៀតនៅក្នុងអាណត្តិដឹកនាំរបស់ខ្លួន៕
(រាល់ការលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...