ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការធានានីតិរដ្ឋ អធិបតេយ្យជាតិ និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល

2024-09-05 09:39:50 ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 04:39 PM
អ្នកមើល 4017
post_detail1

​នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល ហេតុនេះហើយ គ្មានរដ្ឋាភិបាលណាមួយ ដែលត្រូវយកប្រជាពលរដ្ឋខ្លួនធ្វើជាសត្រូវនោះទេ។

​ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព ចំពោះពហុមតិ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បង្ហាញនូវការធានាឱ្យបាននូវចំណុចសំខាន់៥ នៅក្នុងអាណត្តិដឹកនាំរបស់ខ្លួនគឺ៖

​១. ធានាឱ្យបាននូវការគោរពច្បាប់ សណ្តាប់ធ្នាប់សង្គម

​២. ធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមការសន្យានៅពេលឃោសនា ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

​៣. ធានាអធិបតេយ្យជាតិលើឆាកអន្តរជាតិ ទាំងដែនដី និងទាំងនៅក្នុងកិច្ចការអន្តរជាតិនានា

​៤. កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន និង

​៥. កសាងជំនឿចិត្តពលរដ្ឋទូទាំងប្រទេស។

​នៅក្នុងទស្សនៈដឹកនាំរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ ការគោរពរដ្ឋធម្មនុញ្ញ ធានាការពារសណ្ដាប់ធ្នាប់សង្គម សម្ដៅធ្វើយ៉ាងណាឱ្យមានស្ថិរភាព សន្តិសុខ សន្តិភាព ជានិរន្តរ៍នៅក្នុងអាណត្ដិដឹកនាំរបស់ខ្លួន។

​ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវតែធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយវឌ្ឍនភាពជាសារវន្ត ដូចដែលខ្លួនបានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងទៅ ជាមួយនឹងសារនយោបាយដែលខ្លួនបានអះអាងជាមួយប្រជាពលរដ្ឋ ក៏ដូចជាគោលនយោបាយដែលខ្លួនបានប្រកាសនៅចំពោះមុខសភា នៅក្រោយការផ្ដល់ទំនុកចិត្តដោយរដ្ឋសភាកម្ពុជា នីតិកាលទី៧។ ពោលរាជរដ្ឋាភិបាលត្រូវតែធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមគោលនយោបាយដែលខ្លួនបានដាក់ចេញ។

​បន្ថែមពីលើនេះ រាជរដ្ឋាភិបាលត្រូវធានាឱ្យបាននូវការគោរពអធិបតេយ្យពីសំណាក់ភាគីជាបរទេស ដោយត្រូវធានាឱ្យបានទាំងដែនអធិបតេយ្យនិងបូរណភាពទឹកដីមិនអាចរំលោភបានរបស់ខ្លួន និងអធិបតេយ្យខាងនយោបាយការបរទេសរបស់កម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យពេញលេញ ស្របតាមច្បាប់អន្តរជាតិនានា។ រាជរដ្ឋាភិបាលត្រូវធានាឱ្យបានថា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយ អាចរំលោភបំពាន ឬពុះច្រៀកដែនដីរបស់ខ្លួន ឬយកចំណែកដែនដីរបស់កម្ពុជាទៅចាត់ចែង ឬសូម្បីតែយកអភិវឌ្ឍជំនួសរាជរដ្ឋាភិបាលកម្ពុជា។ ជាការពិតណាស់ គ្មានមេដឹកនាំ ឬរដ្ឋាភិបាលណាមួយ ដែលមានចេតនាធ្វើឱ្យបាត់បង់ទឹកដី ឬខាតប្រយោជន៍ជាតិ ឬក៏លើកយកដែនដីរបស់ខ្លួនទៅឱ្យបរទេសណាមួយអភិវឌ្ឍជំនួសខ្លួននោះទេ។

​នៅក្នុងន័យស្រដៀងគ្នានេះដែរ ចំណុចសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវសម្រេចឱ្យបាននោះគឺ ការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ពិសេសតំបន់ដាច់ស្រយាលនៅតាមបណ្ដោយព្រំដែនទាំងឡាយ របស់ទាំងខេត្តនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ផង ដើម្បីពង្រឹងនិងពង្រីកការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលប្រកបដោយចីរភាព និងកាត់បន្ថយគម្លាតជីវភាពប្រជាជន តាមរយៈការជំរុញឱ្យពលរដ្ឋគ្រប់ទីកន្លែង ទទួលបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយសមធម៌។ ត្រង់ចំណុចនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតំបន់តាមបណ្ដោយព្រំដែន គឺជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងទីជនបទ និងជាការបង្ខិតតំបន់ព្រំដែនឱ្យនៅជិតនឹងទីប្រជុំជន ក៏ដូចជាការត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងពេញលេញនៅក្នុងការការពារតំបន់ព្រំដែន ពោលគឺមិនត្រូវទុកឱ្យតំបន់ព្រំដែន ក្លាយទៅជាទីដាច់ស្រយាលដែលពិបាកនឹងដឹកជញ្ជូនឬធ្វើដំណើរទៅដល់ ឬលំបាកនៅក្នុងការចល័តកងកម្លាំងនៅក្នុងយុទ្ធសាស្ត្រកងទ័ពនោះឡើយ។

​ជាងនេះទៅទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលមានបំណងសិក្សាស្រាវជ្រាវ និងជ្រួតជ្រាបអំពីសភាពការណ៍នៅតាមព្រំដែន ងាយស្រួលនៅក្នុងការធ្វើដំណើរទៅដល់ទីតាំងព្រំដែនជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងការឃោសនាបំភ្លៃបំភាន់ការពិតពីមជ្ឈដ្ឋាននយោបាយប្រឆាំង ក្នុងគោលបំណងបង្កវិទ្ធង្សនា រារាំងដល់ដំណើរការអភិវឌ្ឍជាតិ ឬឈានទៅបង្កភយន្តរាយដល់សង្គមជាតិថែមទៀតផង។

​លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តកសាងជំនឿទុកចិត្ត និងធានាឱ្យបាននូវការជឿជាក់របស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សានូវផលប្រយោជន៍ជាតិ និងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់វឌ្ឍនភាព ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន ក៏ដូចជាឆ្លើយតបទៅនឹងប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនបានបោះឆ្នោតជ្រើសតាំងខ្លួនឱ្យក្លាយជាមេដឹកនាំប្រទេស៕

​RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំមន្ត្រីដាំដុះកូនដើមឈើខ្មែរនៅខាងក្រោយអគារខេមរវិទូ ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...

2021-08-18 14:11:10   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 09:11 PM
ចិនអ្នកឈ្នះនៅអាហ្វហ្កានីស្ថានដែរឬ? ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 12:05:05   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 07:05 PM
​កម្ពុជានៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 10:18:09   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 05:18 PM
មុននិងក្រោយវត្តមានរបស់កងទ័ពសហរដ្ឋអាម៉េរិក និងសម័្ពន្ធមិត្ត នៅអាហ្វហ្កានីស្ថាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news. 

2021-08-16 04:17:47   ថ្ងៃចន្ទ, 16 សីហា 2021 ម៉ោង 11:17 AM
បោះឆ្នោតឃុំសង្កាត់ ២០២២ និងបញ្ហាប្រឈម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-08-09 04:29:53   ថ្ងៃចន្ទ, 09 សីហា 2021 ម៉ោង 11:29 AM
បន្ទាប់ពីខួបទំនាក់ទំនងការទូត តើកម្ពុជានិងចិនត្រូវធ្វើអ្វីបន្ត? ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-07-19 14:45:01   ថ្ងៃចន្ទ, 19 កក្កដា 2021 ម៉ោង 09:45 PM

សេចក្តីប្រកាស