Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មានដល់ទៀតហើយ»។
បណ្ឌិត គិន ភា បានលើកឡើងថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់ ដែលតួអង្គចាស់ ថ្មី និងតួអង្គដែលកំពុងលេចឡើងផ្សេងៗទៀតកំពុងប្រកួតប្រជែងគ្នាដណ្ដើមតួនាទីនៅក្នុងកិច្ចការតំបន់ និងពិភពលោក។ សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងស្ថិតជាចំណោទបញ្ហា ហើយការកើនឡើងនៃមហាអំណាចថ្មី និងតួអង្គមិនមែនរដ្ឋដែលមានឥទ្ធិពលកំពុងផ្លាស់ប្តូរសក្ដានុពលពិភពលោក។ ប្រការនេះបាននាំឱ្យមានការមិនសប្បាយចិត្តជាទូទៅចំពោះសកលភាវូបនីយកម្ម មិនត្រឹមតែនៅក្នុងសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ ដែលបណ្តាលឱ្យមានការកើនឡើងអស្ថិរភាព និងជម្លោះ។
បណ្ឌិត គិន ភា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរំពឹងទុកនៃសង្រ្គាមដែលផ្ទុះឡើងរវាងប្រទេសមហាអំណាចពីរ ឬច្រើន ដែលជាអ្វីដែលជាទូទៅត្រូវបានគេចាត់ទុកថា ជារឿងមិនគួរឱ្យជឿកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះគឺលែងជារឿងដែលមិននឹកស្មានដល់ទៀតហើយ។ ពិភពលោកនឹងកាន់តែមានអស្ថិរភាព និងគ្រោះថ្នាក់ ប្រសិនបើការអនុវត្តគោលការណ៍ពហុភាគីនិយមត្រូវបានជំនួសដោយវិធីសាស្រ្តបែបជាតិនិយមចង្អៀតចង្អល់។
ស្ថានការណ៍ប្រកបដោយជវភាព ដែលកំពុងត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង គឺជម្លោះដែលកំពុងកើតមានរវាងអ៊ុយក្រែននិងរុស្ស៊ី និងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ព្រឹត្តិការណ៍ទាំងនេះបានគូសបញ្ជាក់ពីស្ថានភាពផុយស្រួយនៃភូមិសាស្ត្រនយោបាយសកល ដែលមានផលប៉ះពាល់ដល់សន្តិសុខស្បៀង ថាមពល និងសន្តិសុខសកល។ ការពង្រឹងការគាំទ្រផ្នែកយោធាពីខាងក្រៅដោយអង្គការណាតូចំពោះអ៊ុយក្រែនបានជំរុញឱ្យមានការភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ និងបង្ហាញដល់ពិភពលោកនូវអ្វីដែលកំពុងឆេះសន្ធោសន្ធៅ ដែលពិភពលោកអាចឈានទៅដល់ស្ថានភាពនោះ ប្រសិនបើមិនមានការប្រយ័ត្នប្រយែង។
ទន្ទឹមនឹងនោះ គេចាំបាច់ត្រូវពិចារណាពីឥទ្ធិពលក្រៅតំបន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទោះបីជាការគាំទ្ររបស់សហរដ្ឋអាម៉េរិក មានសារៈសំខាន់ចំពោះបញ្ហាប្រឈមខាងភូមិសាស្រ្តនយោបាយដែលអឺរ៉ុបកំពុងប្រឈមមុខក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុបហាក់ដូចជាមានការបែកបាក់គ្នាលើវិសាលភាពដែលពួកគេគួរតែធ្វើតាមគោលជំហរគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសពាក់ព័ន្ធនឹងការប៉ុនប៉ងទប់ឥទ្ធិលប្រទេសចិន។ ខណៈដែលប្រទេសបារាំងកំពុងមានបំណងដើរតួនាទីឯករាជ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសអំណាចកណ្តាល ដូចជា ជប៉ុន និងអូស្ត្រាលី កំពុងត្រូវបានវាស់វែងដោយការឆ្លើយតបរបស់ពួកគេចំពោះការភ័យខ្លាចនូវការរាំងស្ទះនៃលំហូរពាណិជ្ជកម្ម និងការកើនឡើងភាពតានតឹងនៅក្នុងតំបន់។
ភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងស្ថានភាពផុយស្រួយ និងកាន់តែតានតឹង ហើយការប្រជែងគ្នារវាងមហាអំណាច ការបែកបាក់ និងការប្រឈមគ្នារវាងនិន្នាការសាកលភាវូបនីយកម្មពហុប៉ូល និងការគាំពារនិយមឯកប៉ូល បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគតកាន់តែស្មុគស្មាញ និងពិបាកក្នុងការវាយតម្លៃ។ ជាងនេះទៅទៀត និន្នាការបែបនេះអាចនាំទៅរកការផ្លាស់ប្តូរឆ្ពោះទៅរកបដិសកលភាវូបនីយកម្ម ហើយនិន្នាការតំបន់ភាវូបនីយកម្ម កំពុងក្លាយជានិន្នាការថ្មីមួយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រា...
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...