ព័ត៌មាន

បណ្ឌិត គិន ភា៖ ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ

2024-09-05 04:05:39 ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:05 AM
អ្នកមើល 2548
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍​ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» នាព្រឹក​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ»។

​បណ្ឌិត គិន ភា បានលើកឡើងថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ​ដ៏សំខាន់ ដែលតួអង្គចាស់ ថ្មី និងតួអង្គដែលកំពុងលេចឡើងផ្សេងៗទៀតកំពុងប្រកួតប្រជែងគ្នាដណ្ដើម​តួនាទីនៅក្នុងកិច្ចការតំបន់ និងពិភពលោក។ សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក​ដែលត្រូវបានបង្កើត​ឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងស្ថិតជាចំណោទបញ្ហា ហើយការកើនឡើង​នៃមហាអំណាចថ្មី និងតួអង្គមិនមែនរដ្ឋដែលមានឥទ្ធិពលកំពុងផ្លាស់ប្តូរសក្ដានុពលពិភពលោក។ ប្រការនេះ​បាននាំឱ្យមានការមិនសប្បាយចិត្តជាទូទៅចំពោះសកលភាវូបនីយកម្ម មិនត្រឹមតែនៅក្នុងសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ ដែលបណ្តាលឱ្យមានការកើនឡើងអស្ថិរភាព និងជម្លោះ។

បណ្ឌិត គិន ភា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរំពឹងទុកនៃសង្រ្គាមដែលផ្ទុះឡើងរវាងប្រទេសមហាអំណាចពីរ ឬច្រើន ដែលជាអ្វីដែលជាទូទៅត្រូវបានគេចាត់ទុកថា ជារឿងមិនគួរឱ្យជឿកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះគឺលែងជារឿងដែលមិននឹកស្មានដល់ទៀតហើយ។ ពិភពលោកនឹងកាន់តែមានអស្ថិរភាព និងគ្រោះថ្នាក់ ប្រសិនបើការអនុវត្តគោលការណ៍ពហុភាគីនិយមត្រូវបានជំនួសដោយវិធីសាស្រ្តបែបជាតិនិយមចង្អៀតចង្អល់។

ស្ថានការណ៍ប្រកបដោយជវភាព ដែលកំពុងត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង គឺជម្លោះដែលកំពុងកើតមានរវាងអ៊ុយក្រែននិងរុស្ស៊ី និងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ព្រឹត្តិការណ៍ទាំងនេះបានគូសបញ្ជាក់ពីស្ថានភាពផុយស្រួយនៃភូមិសាស្ត្រនយោបាយសកល ដែលមានផលប៉ះពាល់ដល់សន្តិសុខស្បៀង ថាមពល និងសន្តិសុខសកល។ ការពង្រឹងការគាំទ្រផ្នែកយោធាពីខាងក្រៅដោយអង្គការណាតូចំពោះអ៊ុយក្រែនបានជំរុញឱ្យមានការភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ និងបង្ហាញដល់ពិភពលោកនូវអ្វីដែលកំពុងឆេះសន្ធោសន្ធៅ ដែលពិភពលោកអាចឈានទៅដល់ស្ថានភាពនោះ ប្រសិនបើមិនមានការប្រយ័ត្នប្រយែង។

ទន្ទឹមនឹងនោះ គេចាំបាច់ត្រូវពិចារណាពីឥទ្ធិពលក្រៅតំបន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាម៉េរិក មានសារៈសំខាន់ចំពោះបញ្ហាប្រឈមខាងភូមិសាស្រ្តនយោបាយដែលអឺរ៉ុបកំពុងប្រឈមមុខក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុបហាក់ដូចជាមានការបែកបាក់គ្នាលើវិសាលភាពដែលពួកគេគួរតែធ្វើតាមគោលជំហរគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសពាក់ព័ន្ធ​នឹងការប៉ុន​ប៉ងទប់ឥទ្ធិលប្រទេសចិន។ ខណៈដែលប្រទេសបារាំងកំពុងមានបំណងដើរតួនាទីឯករាជ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសអំណាចកណ្តាល ដូចជា ជប៉ុន និងអូស្ត្រាលី កំពុងត្រូវបានវាស់វែងដោយការឆ្លើយតបរបស់ពួកគេចំពោះ​ការភ័យខ្លាចនូវការរាំងស្ទះនៃលំហូរពាណិជ្ជកម្ម និងការកើនឡើងភាពតានតឹងនៅក្នុងតំបន់។ 

ភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងស្ថានភាពផុយស្រួយ និងកាន់តែតានតឹង ហើយការប្រជែងគ្នារវាងមហាអំណាច ការបែកបាក់ និងការប្រឈមគ្នារវាងនិន្នាការសាកលភាវូបនីយកម្មពហុប៉ូល និងការគាំពារនិយមឯកប៉ូល បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគតកាន់តែស្មុគស្មាញ និងពិបាកក្នុងការវាយតម្លៃ។ ជាងនេះទៅទៀត និន្នាការបែបនេះអាចនាំទៅរកការផ្លាស់ប្តូរឆ្ពោះទៅរក​បដិសកលភាវូបនីយកម្ម ហើយនិន្នាការតំបន់ភាវូបនីយកម្ម កំពុងក្លាយជានិន្នាការថ្មីមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស