ព័ត៌មាន

បណ្ឌិត គិន ភា៖ ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ

2024-09-05 04:05:39 ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 11:05 AM
អ្នកមើល 2681
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍​ក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» នាព្រឹក​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «ភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយលទ្ធភាពនៃសង្គ្រាមរវាងមហាអំណាចពីរឬច្រើន លែងជារឿងដែលមិននឹកស្មាន​ដល់ទៀតហើយ»។

​បណ្ឌិត គិន ភា បានលើកឡើងថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ​ដ៏សំខាន់ ដែលតួអង្គចាស់ ថ្មី និងតួអង្គដែលកំពុងលេចឡើងផ្សេងៗទៀតកំពុងប្រកួតប្រជែងគ្នាដណ្ដើម​តួនាទីនៅក្នុងកិច្ចការតំបន់ និងពិភពលោក។ សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក​ដែលត្រូវបានបង្កើត​ឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ កំពុងស្ថិតជាចំណោទបញ្ហា ហើយការកើនឡើង​នៃមហាអំណាចថ្មី និងតួអង្គមិនមែនរដ្ឋដែលមានឥទ្ធិពលកំពុងផ្លាស់ប្តូរសក្ដានុពលពិភពលោក។ ប្រការនេះ​បាននាំឱ្យមានការមិនសប្បាយចិត្តជាទូទៅចំពោះសកលភាវូបនីយកម្ម មិនត្រឹមតែនៅក្នុងសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសលោកខាងលិចជាច្រើនផងដែរ ដែលបណ្តាលឱ្យមានការកើនឡើងអស្ថិរភាព និងជម្លោះ។

បណ្ឌិត គិន ភា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការរំពឹងទុកនៃសង្រ្គាមដែលផ្ទុះឡើងរវាងប្រទេសមហាអំណាចពីរ ឬច្រើន ដែលជាអ្វីដែលជាទូទៅត្រូវបានគេចាត់ទុកថា ជារឿងមិនគួរឱ្យជឿកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះគឺលែងជារឿងដែលមិននឹកស្មានដល់ទៀតហើយ។ ពិភពលោកនឹងកាន់តែមានអស្ថិរភាព និងគ្រោះថ្នាក់ ប្រសិនបើការអនុវត្តគោលការណ៍ពហុភាគីនិយមត្រូវបានជំនួសដោយវិធីសាស្រ្តបែបជាតិនិយមចង្អៀតចង្អល់។

ស្ថានការណ៍ប្រកបដោយជវភាព ដែលកំពុងត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង គឺជម្លោះដែលកំពុងកើតមានរវាងអ៊ុយក្រែននិងរុស្ស៊ី និងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ព្រឹត្តិការណ៍ទាំងនេះបានគូសបញ្ជាក់ពីស្ថានភាពផុយស្រួយនៃភូមិសាស្ត្រនយោបាយសកល ដែលមានផលប៉ះពាល់ដល់សន្តិសុខស្បៀង ថាមពល និងសន្តិសុខសកល។ ការពង្រឹងការគាំទ្រផ្នែកយោធាពីខាងក្រៅដោយអង្គការណាតូចំពោះអ៊ុយក្រែនបានជំរុញឱ្យមានការភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ និងបង្ហាញដល់ពិភពលោកនូវអ្វីដែលកំពុងឆេះសន្ធោសន្ធៅ ដែលពិភពលោកអាចឈានទៅដល់ស្ថានភាពនោះ ប្រសិនបើមិនមានការប្រយ័ត្នប្រយែង។

ទន្ទឹមនឹងនោះ គេចាំបាច់ត្រូវពិចារណាពីឥទ្ធិពលក្រៅតំបន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទោះបីជាការគាំទ្រ​របស់​សហរដ្ឋអាម៉េរិក មានសារៈសំខាន់ចំពោះបញ្ហាប្រឈមខាងភូមិសាស្រ្តនយោបាយដែលអឺរ៉ុបកំពុងប្រឈមមុខក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុបហាក់ដូចជាមានការបែកបាក់គ្នាលើវិសាលភាពដែលពួកគេគួរតែធ្វើតាមគោលជំហរគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសពាក់ព័ន្ធ​នឹងការប៉ុន​ប៉ងទប់ឥទ្ធិលប្រទេសចិន។ ខណៈដែលប្រទេសបារាំងកំពុងមានបំណងដើរតួនាទីឯករាជ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសអំណាចកណ្តាល ដូចជា ជប៉ុន និងអូស្ត្រាលី កំពុងត្រូវបានវាស់វែងដោយការឆ្លើយតបរបស់ពួកគេចំពោះ​ការភ័យខ្លាចនូវការរាំងស្ទះនៃលំហូរពាណិជ្ជកម្ម និងការកើនឡើងភាពតានតឹងនៅក្នុងតំបន់។ 

ភូមិសាស្ត្រនយោបាយពិភពលោកស្ថិតក្នុងស្ថានភាពផុយស្រួយ និងកាន់តែតានតឹង ហើយការប្រជែងគ្នារវាងមហាអំណាច ការបែកបាក់ និងការប្រឈមគ្នារវាងនិន្នាការសាកលភាវូបនីយកម្មពហុប៉ូល និងការគាំពារនិយមឯកប៉ូល បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគតកាន់តែស្មុគស្មាញ និងពិបាកក្នុងការវាយតម្លៃ។ ជាងនេះទៅទៀត និន្នាការបែបនេះអាចនាំទៅរកការផ្លាស់ប្តូរឆ្ពោះទៅរក​បដិសកលភាវូបនីយកម្ម ហើយនិន្នាការតំបន់ភាវូបនីយកម្ម កំពុងក្លាយជានិន្នាការថ្មីមួយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«៥៦ឆ្នាំមុន ទង់ជាតិកម្ពុជាដំបូងបានបង្ហូតនៅលើប្រាសាទព្រះវិហារ៖ ៥ មករា ១៩៦៣ - ៥ មករា ២០១៩»

តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណី​ប្រាសាទព្រះវិហារដែលបានប្តឹង​ផ្ដល់​ជាមួយ​ប្រទេស​សៀម ដែល​ទន្ទ្រាន​កាន់កាប់ប...

2019-01-05 17:48:14   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:48 AM
«លោកបណ្ឌិតសភាចារ្យ សុខ ទូច ជូនសារពន្យល់ដល់អ្នកវិភាគមួយចំនួន អំពីវិនិយោគចិននៅកម្ពុជា»

ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មាន​ឆ្...

2019-01-05 17:18:28   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:18 AM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាល​ដើមស្រល់» ដែល...

2019-01-05 10:13:29   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 05:13 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ តើបញ្ហាសំរាម កែមួយជំនាន់ ឬ កែ៦ខែ!»

ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច​ បាន​លើក​យក​បញ្ហា​សំរាម​ដែលកំពុងក្លាយ​ជា​បញ្ហា​ឈឺក្បាល​មួយ​នៅ​រាជ​ធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញ​ក្នុង​​បាឋកថាស្តីពី«រដ្ឋាភិបាលដើមស...

2019-01-05 07:42:52   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 02:42 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ចុះផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ | ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍ​នៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន...

2019-01-05 06:42:40   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 01:42 PM
«ទិសដៅការងារសម្រាប់ដើមឆ្នាំ២០១៩របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ» ដោយ៖ លោក ហឿង សុធារស់

វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធ...

2019-01-04 09:48:38   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 04:48 PM

សេចក្តីប្រកាស