ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងជាប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ

2024-09-04 13:27:37 ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 08:27 PM
អ្នកមើល 250
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ហើយកម្ពុជាត្រូវពង្រឹងខ្លួន មិនត្រូវសម្ងំមើលការចាត់ចែងពីមហាអំណាចឡើយ» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសថ្លែងសុន្ទរកថាបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ដោយបានគូសបញ្ជាក់អំពីអតីតកាលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ ដែលសង្គមកម្ពុជា មិនសូវមានការរៀបចំវេទិកា និងកិច្ចពិភាក្សាអំពីកិច្ចការអន្តរជាតិនោះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា លើកឡើងថា ការពិភាក្សាអំពីកិច្ចការអន្តរជាតិជារឿងចាំបាច់និងត្រូវរៀបចំឡើងប្រចាំ ក៏ព្រោះតែការមិនសូវយកចិត្តទុកដាក់លើកិច្ចអន្តរជាតិនេះ បាននាំឱ្យសង្គមកម្ពុជាមានការបត់បែនយឺតជាងបណ្ដាប្រទេសនានានិងពិភពលោក ដោយហាក់បានចាត់ទុកថា កិច្ចការជជែកអំពីបញ្ហាអន្តរជាតិជា បុព្វសិទ្ធិផ្ដាច់មុខរបស់មហាអំណាច។

ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការបង្កើតកិច្ចពិភាក្សានិងវេទិកាអន្តរជាតិនានា ស្ដីអំពីទំនាក់ទំនងអន្តរជាតិ និងនយោបាយការបរទេសនៃមហាអំណាច ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការប្រមូលទស្សនៈយល់ឃើញពីអ្នកសិក្សាស្រាវជ្រាវនិងអ្នកជំនាញកិច្ចការអន្តរជាតិនានា ដើម្បីផ្ដល់នូវធាតុចូលជូនដល់រាជរដ្ឋាភិបាលនៅក្នុងការកំណត់គោលនយោបាយ និងមាគ៌ានយោបាយការបរទេសដែលកម្ពុជាត្រូវដើរ។

កម្ពុជាមិនត្រូវចាត់ទុកថាក្នុងនាមខ្លួនជាប្រទេសតូច ការសម្រេចចិត្តគឺអាស្រ័យទៅលើតែមហាអំណាចនោះទេ ព្រោះប្រសិនជាទុកឱ្យមហាអំណាចជាអ្នកចាត់ចែងផ្ដាច់មុខ នោះគេប្រាកដជាគិតគូរអំពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់គេជាក់ជាប្រាកដ ដូចរឿងព្រេងខ្មែរដែលតែងនិទានថា ជាធម្មតា មេចំណែកតែងតែទទួលបានចំណែកច្រើនជាងគេជាដរាប។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បន្តទៀតថា មិនត្រឹមត្រូវស្វែងយល់ដឹងឱ្យកាន់តែច្បាស់ អំពីកិច្ចការអន្តរជាតិប៉ុណ្ណោះទេ កម្ពុជាត្រូវតែពង្រឹងខ្លួនដើម្បីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ទាំងការរៀបចំចាត់ចែងនយោបាយនៅក្នុងស្រុក និងនយោបាយការបរទេសនៅលើឆាកអន្តរជាតិ។ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រទេសតូចៗដូចជាកម្ពុជា ត្រូវតែចូលរួមនៅក្នុងការចាត់ចែងជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការពង្រឹងភាពខ្លាំងរបស់ជាតិ ដោយរាប់ចាប់តាំងពីការកំណត់ជំហរនយោបាយផ្ទាល់ខ្លួន ការពង្រឹងអធិបតេយ្យនិងឯករាជ្យរបស់ជាតិ ក៏ដូចជាការប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ គោលជំហរអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ នៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជ...

  ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រ...

  ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
មីយ៉ាន់ម៉ា៖ ការប្រទាញប្រទង់ឥទ្ធិពលរវាងមហាអំណាច និងតុល្យភាពភូមិសាស្ត្រក្នុងតំបន់

រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...

  ថ្ងៃព្រហស្បតិ៍, 18 កុម្ភៈ 2021 ម៉ោង 03:11 PM
ទស្សនៈវិស័យចំពោះឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានអស់រយៈពេលយូរជាងគេនៅសហគមអាស៊ាន និងនៅក្នុងតំបន់។ ក្រោយសម័យខ្មែរក្រហមត្រូវបានបញ្ចប់ និងក្រោយការបោះឆ្នោតសកល​លើកដំបូងក្នុងឆ្នាំ១៩៩...

  ថ្ងៃពុធ, 17 កុម្ភៈ 2021 ម៉ោង 03:13 PM
តើកត្តាអ្វីនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច?

ប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច គឺជាប្រធានបទថ្មីសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាប្រធានបទដែលត្រូវបានពិភាក្សាដោយយកចិត្តទុកដាក់ក្នុងចំណោមបញ្ញវន្ត អ្នកស្រាវជ្រាវ និងថា្នក់ដឹកនាំសំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។ ម...

  ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 08:56 PM
សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...

  ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM

សេចក្តីប្រកាស