ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ

2024-08-29 07:33:00 ថ្ងៃព្រហស្បតិ៍, 29 សីហា 2024 ម៉ោង 02:33 PM
អ្នកមើល 129
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទកថាបើកសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងភាសាខ្មែរនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត លើកទី១» រៀបចំឡើងដោយវិទ្យាស្ថានភាសាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា "ភាសាវិទ្យាប្រៀបដូចជាខ្យល់អុកស៊ីសែនដែលមិនអាចខ្វះបាន ដែលទាមទារឱ្យគ្រប់មជ្ឈដ្ឋានចូលរួមសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយ និងអភិវឌ្ឍភាសាជាតិ"។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ភាសាគឺប្រៀបបានដូចជាអុកស៊ីសែន ដែលមនុស្សយើងមិនអាចខ្វះបាននោះឡើយ ព្រោះការសិក្សាភាសាជាតិ គឺជាការស្វែងយល់បានកាន់តែស៊ីជម្រៅអំពីឫសគល់នៃវប្បធម៌ ឥរិយាបថ សិល្បៈ និងសង្គមខ្មែរ។ ឯកឧត្ដមបណ្ឌិតបន្ថែមទៀតថា ការប្រើប្រាស់ភាសាខុសឆ្គង ក៏អាចនាំមកនូវទំនាស់រវាងបុគ្គលនិងបុគ្គល និងអាចបង្កទៅជាជម្លោះរវាងជាតិសាសន៍និងជាតិសាសន៍ថែមទៀតផង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការជំរុញការសិក្សាស្វែងយល់ បង្រៀន ផ្សព្វផ្សាយបន្ថែមទៀតដល់សាធារណជនទូទៅ។

ឯកឧត្ដមបណ្ឌិតបន្តទៀតថា នៅពេលដែលមនុស្សនៅក្នុងសង្គមមួយ អាចយល់ដឹងបានកាន់តែច្បាស់អំពីភាសាជាតិសាសន៍របស់ខ្លួនកាន់តែទូលំទូលាយ មានន័យថាពួកគេស្គាល់កាន់តែច្បាស់នូវវប្បធម៌ជាតិ ឥរិយាបថជាតិសាសន៍ និងគុណតម្លៃនៃការប្រើប្រាស់ភាសាជាតិឱ្យបានត្រឹមត្រូវ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអះអាងថា សម្រាប់ភាសាវិទ្យា នៅពេលដែលខ្មែរខ្លួនឯងមិនបានយល់ដឹងនិងស្គាល់ ឬភ្លេចនូវអ្វីដែលខ្លួនមាន នោះយើងនឹងអាចមានការយល់ច្រឡំថាភាសាខ្លះជារបស់បរទេសទៅវិញ។ ទោះជាយ៉ាងណា ដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់ភាសាជាតិឱ្យបានកាន់តែប្រសើរនោះ ឯកឧត្ដមបានសំណូមពរដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់វប្បធម៌ អក្សរសាស្ត្រជាតិទាំងឡាយ ងាកមកចូលរួមចំណែកតាមលទ្ធភាព នៅក្នុងការស្វែងយល់ អភិរក្ស និងអភិវឌ្ឍភាសាជាតិ ចៀសវាងស្រឡាញ់ អភិរក្សឬដុតរោលតាមគ្នា ប៉ុន្តមិនបានចូលរួមសូម្បីតែរៀន ឬបង្រៀន ឬក៏តែងនិពន្ធ និងផ្សព្វផ្សាយជាដើម។ ឯកឧត្ដមបានក្រើនរំឭកអង្គសិក្ខាសាលាទាំងមូលឱ្យចងចាំថា ដោយភាសាជាតិមួយអាចបន្តអត្ថិភាពយ៉ាងរស់រវើកបាន ត្រូវការប្រជាជាតិនោះរស់រវើក ដែលអាស្រ័យលើការចូលរួមពីសំណាក់អ្នកជំនាញពាក់ព័ន្ធ និងសាធារណជនទាំងអស់នៅក្នុងសង្គម មិនមែនស្ពឹកស្រពន់ រង់ចាំតែស្ដីបន្ទោសនោះទេ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពនៅក្នុងការកំណត់ឱ្យសាលាអន្តរជាតិទាំងអស់នៅកម្ពុជា ត្រូវតែបញ្ចូលកម្មវិធីសិក្សាជាភាសាខ្មែរជាចាំបាច់នៅក្នុងដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួន ព្រោះការសិក្សាភាសាជាតិ គឺជាការស្វែងយល់បានកាន់តែស៊ីជម្រៅអំពីឫសគល់នៃវប្បធម៌ ឥរិយាបថ សិល្បៈ និងសង្គមខ្មែរ។ ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា គេមិនអាចបន្ទោសយុវជនថាសរសេរភាសាខ្មែរមិនត្រឹមត្រូវ ឬមិនស្គាល់អំពីវប្បធម៌នោះទេ ប្រសិនបើអ្នកគិតគូរគោលនយោបាយមិនបានយកចិត្តទុកដាក់នៅក្នុងការបញ្ជ្រាបចំណេះដឹងភាសាវិទ្យានិងវប្បធម៌ជាតិទៅកាន់យុវជន ព្រោះមនុស្សចាស់គឺជាអ្នកត្រួសត្រាយ ជាអ្ន្កកបង្ហាញផ្លូវសម្រាប់យុវជនជំនាន់ក្រោយ

ឯកឧត្ដមបណ្ឌិត ថ្លែងសង្កត់ធ្ងន់ថា ឪពុកម្ដាយទាំងអស់ គេពុំត្រូវមានមោទកភាពនឹងកូនចេះភាសាបរទេស ជាជាងការយល់ដឹងស៊ីជម្រៅអំពីភាសាជាតិរបស់ខ្លួននោះឡើយ ព្រោះនៅក្នុងករណីខ្លះ ដោយសារតែមិនបានស្វែងយល់អំពីភាសាជាតិ វប្បធម៌និងសិល្បៈខ្មែរបានច្បាស់លាស់ ទើបយុវជនខ្មែរមួយចំនួនបានយល់ច្រឡំថា ភាសា និងសិល្បៈវប្បធម៌មួយចំនួនមានប្រភពពីបរទេសទៅវិញ។ ទាំងអស់នេះ គឺជាបញ្ហាសំខាន់ ដែលក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ គួរតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចគឺ៖

១. ការអភិរក្ស និងអភិវឌ្ឍភាសាវិទ្យានិងអក្សរសាស្ត្រខ្មែរ ត្រូវដើរទន្ទឹមគ្នា ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរផង និងដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមជាតិផង

២. សាលាអន្តរជាតិទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ នៅក្នុងការបណ្ដុះបណ្ដាលរបស់ខ្លួន

៣. ភាសាពិតជាមានសារៈសំខាន់ ព្រោះបានចារឹកអំពីឥរិយាបថជាតិសាសន៍និងវប្បធម៌ ក៏ដូចជាឫសគល់នៃជាតិសាសន៍នីមួយៗ

៤. ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមចំណែកនៅក្នុងការជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធ

៥. រដ្ឋគួរតែបង្កើតឱ្យមានការប្រឡងអក្សរផ្ចង់ខ្មែរឡើងវិញ ដើម្បីលើកតម្កើងតម្លៃអក្សរសាស្ត្រជាតិ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»

  ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:09 PM
«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

  ថ្ងៃអង្គារ, 25 កញ្ញា 2018 ម៉ោង 09:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

  ថ្ងៃសៅរ៍, 22 កញ្ញា 2018 ម៉ោង 09:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

  ថ្ងៃពុធ, 19 កញ្ញា 2018 ម៉ោង 04:29 PM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

  ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 07:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

  ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 11:31 AM

សេចក្តីប្រកាស