Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Water Institute: SIWI) ស្ដីពី «គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា»។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងអំណរគុណដល់សាស្រ្តាចារ្យ Mooyoung Han និងលោកបណ្ឌិត Rain ដែលជាសាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យជាតិ Soeul National (SNU) ប្រទេសកូរ៉េខាងត្បូង ដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា (RAC) ចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ស្ថាប័នទាំងពីរ បានអនុវត្តគម្រោងប្រព័ន្ធទឹកភ្លៀងសម្រាប់ការស្រោចស្រព (RFD) នៅក្នុងសាលារៀននានាក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាអ្នកសម្របសម្រួលគម្រោងសម្រាប់សាលាភ្លៀងក្នុងប្រទេសកម្ពុជា និងជាអ្នកដឹកនាំក្រុមការងារស្រាវជ្រាវនៅកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជា តាមរយៈសន្និសីទអនឡាញអន្តរជាតិនេះ និងបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្នុងការថ្លែងនៅក្នុងសន្និសីទ SIWI ស្តីពីការលើកកម្ពស់ភាពធន់នឹងអាកាសធាតុដោយសហគមន៍ទឹកភ្លៀងសម្រាប់ផឹកនៅកោះប៉ាស៊ីហ្វិក និងប្រទេសមេគង្គ។
ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា ប្រធានបទនៃសន្និសីទនេះ ពិតជាមានសារៈសំខាន់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃធនធានទឹកនៅកម្ពុជា ដូចជា ទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដែលមានផលប៉ះពាល់ដល់សុខភាពមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ការធានាឱ្យបាននូវបរិមាណទឹកស្អាតប្រើប្រាស់បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែសមត្ថភាពបំពង់ផ្គត់ផ្គង់ទឹកស្អាតនៅមានកម្រិត និងការពង្រីកផ្ទៃដីកាន់តែធំឡើងនៃរាជធានីភ្នំពេញ ដែលកំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់ ជាពិសេសតម្រូវការទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង នៅតាមបណ្តាខេត្ត និងទីក្រុងជាច្រើននៅទូទាំងប្រទេស។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងបន្តថា ប្រជាជនកម្ពុជាបានប្រើប្រាស់វិធីសាស្ត្របែបប្រពៃណី នៅក្នុងការប្រមូល និងស្តុកទឹកភ្លៀងទុកសម្រាប់ការប្រើប្រាស់ ប៉ុន្តែវិធីសាស្ត្រទាំងនេះ ពុំអាចធានាថាទឹកដែលបានរក្សាទុកនោះមានសុវត្ថិភាព និងស្អាតគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ផ្សេងៗនោះទេ។
បើទោះបីជានៅរដូវវស្សា ក្នុងប្រទេសកម្ពុជា បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ក៏ដោយក្ដី ក៏មានការប្រមូលផល និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកទឹកទុកពុំទាន់គ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនៅឡើយដែរ។ បរិមាណទឹកភ្លៀងក្នុងកម្រិតខ្ពស់ ថែមទាំងអាចបង្កនូវជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយកន្លែងផងដែរ ខណៈដែលផ្ទះជាច្រើនខ្នងត្រូវបានជន់លិច ហើយជំនន់ទឹកភ្លៀងបានបង្កការខូចខាតដល់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធលូបង្ហូរទឹកថែមទៀតផង។ បញ្ហាទាំងនេះ បានធ្វើឱ្យចំណាយថវិកាជាតិសម្រាប់ដោះស្រាយបញ្ហាខូចខាតដោយសារតែជំនន់ទឹកភ្លៀងបានកើនឡើង ដែលទាមទារឱ្យមានការដំណោះស្រាយសមស្រប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាដែលគេអាចគ្រប់គ្រងបាននេះ។
គួរបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េ ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវទាំងពីរបានឈានដល់ការអនុវត្តគម្រោងសាកល្បងពីការប្រមូលទឹកភ្លៀងសម្រាប់ប្រើប្រាស់(បរិភាគ)នៅសាលាវិទ្យាល័យកំបូល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២ ដែលគម្រោងនេះមានឯកឧត្ដមបណ្ឌិត យង់ ពៅ ជាអ្នកផ្ដួចផ្ដើមដំបូង។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏គ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការពង្រីកវិសាលភាពកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនេះ ទៅដល់ ១ ០០០ សាលារៀន ដើម្បីអាចផ្ដល់ផលទៅដល់សិស្សានុសិស្សតាមសាលារៀនជាច្រើនទៀត នៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជាផងដែរ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបណ្ឌិតយង់ ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានស្នើទៅកាន់ក្រសួងអប់រំយុវជន និងកីឡា ធ្វើកិច្ចសហប្រត្តិបត្តិការគ្នាក្នុងអនុវត្តន៍គម្រោងខាងលើ។
ជាចុងបញ្ចប់នៃការថ្លែងសារអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (SIWI) ស្ដីពី គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ ៤ចំណុចសំខាន់ៗពាក់ព័ន្ធនឹងដំណើរការសន្និសីទនារសៀលនេះគឺ៖
១. សក្តានុពលនៃទឹកភ្លៀងនៅក្នុងការការដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងលើ
២. ទឹកភ្លៀងត្រូវបានចាត់ទុកជាទឹកសំណល់ ប៉ុន្តែគេគួរតែប្រែក្លាយទឹកទាំងនេះទៅជាធនធានសម្រាប់បម្រើឱ្យផលប្រយោជន៍ផ្សេងៗ
៣. វិធីសាស្ត្រនៃការប្រមូលទឹកភ្លៀងនៅតំបន់ទីក្រុង (Rain City Concept) គឺជាគំនិតច្នៃប្រតិដ្ឋ ដែលត្រូវយកចិត្តទុកដាក់
៤. រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀង និងកម្មវិធីប្រមូលទឹកភ្លៀងពីតាមដំបូងផ្ទះ (Skywater Festival)
ជាមួយគ្នានេះដែរ រាជបណ្ឌិត្យសភាកម្ពុជា រំពឹងថានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់ប៉ាស៊ីហ្វិក សាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ នៅក្នុងគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ និងការគ្រប់គ្រងទឹកភ្លៀង៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណីប្រាសាទព្រះវិហារដែលបានប្តឹងផ្ដល់ជាមួយប្រទេសសៀម ដែលទន្ទ្រានកាន់កាប់ប...
ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានឆ្...
ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ដែល...
ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច បានលើកយកបញ្ហាសំរាមដែលកំពុងក្លាយជាបញ្ហាឈឺក្បាលមួយនៅរាជធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញក្នុងបាឋកថាស្តីពី«រដ្ឋាភិបាលដើមស...
ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍនៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន...
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធ...