ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Water Institute: SIWI) ស្ដីពី គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា

2024-08-27 07:55:13 ថ្ងៃអង្គារ, 27 សីហា 2024 ម៉ោង 02:55 PM
អ្នកមើល 599
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (Stockholm International Water Institute: SIWI) ស្ដីពី «គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា»។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងអំណរគុណដល់សាស្រ្តាចារ្យ Mooyoung Han និងលោកបណ្ឌិត Rain ដែលជាសាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យជាតិ Soeul National (SNU) ប្រទេសកូរ៉េខាងត្បូង ដែលបានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា (RAC) ចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ស្ថាប័នទាំងពីរ បានអនុវត្តគម្រោងប្រព័ន្ធទឹកភ្លៀងសម្រាប់ការស្រោចស្រព (RFD) នៅក្នុងសាលារៀននានាក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាអ្នកសម្របសម្រួលគម្រោងសម្រាប់សាលាភ្លៀងក្នុងប្រទេសកម្ពុជា និងជាអ្នកដឹកនាំក្រុមការងារស្រាវជ្រាវនៅកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជា តាមរយៈសន្និសីទអនឡាញអន្តរជាតិនេះ និងបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្នុងការថ្លែងនៅក្នុងសន្និសីទ SIWI ស្តីពីការលើកកម្ពស់ភាពធន់នឹងអាកាសធាតុដោយសហគមន៍ទឹកភ្លៀងសម្រាប់ផឹកនៅកោះប៉ាស៊ីហ្វិក និងប្រទេសមេគង្គ។

ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា ប្រធានបទនៃសន្និសីទនេះ ពិតជាមានសារៈសំខាន់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃធនធានទឹកនៅកម្ពុជា ដូចជា ទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដែលមានផលប៉ះពាល់ដល់សុខភាពមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ការធានាឱ្យបាននូវបរិមាណទឹកស្អាតប្រើប្រាស់បន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែសមត្ថភាពបំពង់ផ្គត់ផ្គង់ទឹកស្អាតនៅមានកម្រិត និងការពង្រីកផ្ទៃដីកាន់តែធំឡើងនៃរាជធានីភ្នំពេញ ដែលកំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់ ជាពិសេសតម្រូវការទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង នៅតាមបណ្តាខេត្ត និងទីក្រុងជាច្រើននៅទូទាំងប្រទេស។

ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងបន្តថា ប្រជាជនកម្ពុជាបានប្រើប្រាស់វិធីសាស្ត្របែបប្រពៃណី នៅក្នុងការប្រមូល និងស្តុកទឹកភ្លៀងទុកសម្រាប់ការប្រើប្រាស់ ប៉ុន្តែវិធីសាស្ត្រទាំងនេះ ពុំអាចធានាថាទឹកដែលបានរក្សាទុកនោះមានសុវត្ថិភាព និងស្អាតគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ផ្សេងៗនោះទេ។

បើទោះបីជានៅរដូវ​វស្សា ក្នុងប្រទេសកម្ពុជា បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ក៏ដោយក្ដី ក៏មានការប្រមូលផល និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកទឹកទុកពុំទាន់គ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនៅឡើយដែរ។ បរិមាណទឹកភ្លៀងក្នុងកម្រិតខ្ពស់ ថែមទាំងអាចបង្កនូវជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយកន្លែងផងដែរ ខណៈដែលផ្ទះជាច្រើនខ្នងត្រូវបានជន់លិច ហើយជំនន់ទឹកភ្លៀងបានបង្កការខូចខាតដល់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធលូបង្ហូរទឹកថែមទៀតផង។ បញ្ហាទាំងនេះ បានធ្វើឱ្យចំណាយថវិកាជាតិសម្រាប់ដោះស្រាយបញ្ហាខូចខាតដោយសារតែជំនន់ទឹកភ្លៀងបានកើនឡើង ដែលទាមទារឱ្យមានការដំណោះស្រាយសមស្រប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាដែលគេអាចគ្រប់គ្រងបាននេះ។

គួរបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េ ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវទាំងពីរបានឈានដល់ការអនុវត្តគម្រោងសាកល្បងពីការប្រមូលទឹកភ្លៀងសម្រាប់ប្រើប្រាស់(បរិភាគ)នៅសាលាវិទ្យាល័យកំបូល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២ ដែលគម្រោងនេះមានឯកឧត្ដមបណ្ឌិត យង់ ពៅ ជាអ្នកផ្ដួចផ្ដើមដំបូង។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏គ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការពង្រីកវិសាលភាពកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនេះ ទៅដល់ ១ ០០០ សាលារៀន ដើម្បីអាចផ្ដល់ផលទៅដល់សិស្សានុសិស្សតាមសាលារៀនជាច្រើនទៀត នៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជាផងដែរ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបណ្ឌិតយង់ ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានស្នើទៅកាន់ក្រសួងអប់រំយុវជន និងកីឡា ធ្វើកិច្ចសហប្រត្តិបត្តិការគ្នាក្នុងអនុវត្តន៍គម្រោងខាងលើ។

ជាចុងបញ្ចប់នៃការថ្លែងសារអបអរសាទរសន្និសីទតាមប្រព័ន្ធអនឡាញ (SIWI) ស្ដីពី គំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនៅកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ ៤ចំណុចសំខាន់ៗពាក់ព័ន្ធនឹងដំណើរការសន្និសីទនារសៀលនេះគឺ៖

១. សក្តានុពលនៃទឹកភ្លៀងនៅក្នុងការការដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងលើ

២. ទឹកភ្លៀងត្រូវបានចាត់ទុកជាទឹកសំណល់ ប៉ុន្តែគេគួរតែប្រែក្លាយទឹកទាំងនេះទៅជាធនធានសម្រាប់បម្រើឱ្យផលប្រយោជន៍ផ្សេងៗ

៣. វិធីសាស្ត្រនៃការប្រមូលទឹកភ្លៀងនៅតំបន់ទីក្រុង (Rain City Concept) គឺជាគំនិតច្នៃប្រតិដ្ឋ ដែលត្រូវយកចិត្តទុកដាក់

៤. រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀង និងកម្មវិធីប្រមូលទឹកភ្លៀងពីតាមដំបូងផ្ទះ (Skywater Festival)

ជាមួយគ្នានេះដែរ រាជបណ្ឌិត្យសភាកម្ពុជា រំពឹងថានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់ប៉ាស៊ីហ្វិក សាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ នៅក្នុងគំនិតផ្តួចផ្តើមកម្មវិធីប្រមូលនិងប្រើប្រាស់ និងការគ្រប់គ្រងទឹកភ្លៀង៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

  ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងម...

  ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

  ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

  ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

  ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

  ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM

សេចក្តីប្រកាស