ព័ត៌មាន

ការរៀបចំទស្សនកិច្ចរបស់ពលរដ្ឋទៅកាន់ខេត្តរបស់កម្ពុជានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបញ្ចប់នូវការយកព្រំដែនធ្វើជារបៀបវារៈនយោបាយប្រឆាំងកម្ពុជា

2024-08-25 01:47:39 ថ្ងៃអាទិត្យ, 25 សីហា 2024 ម៉ោង 08:47 AM
អ្នកមើល 213
post_detail1

រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសរៀបចំដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទាំង៤របស់កម្ពុជាដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យមានបញ្ហាអធិបតេយ្យភាពដូចដែលអ្នកខាងក្រៅស្រុក អ្នកនយោបាយប្រឆាំង ឬអ្នកវិភាគមួយចំនួនដែលលមិនស្គាល់ពីតថភាពនយោបាយ មិនស្គាល់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងរដ្ឋនិងរដ្ឋឡើយ។ ការធ្វើដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត និងជាការជម្រះមន្ទិលសង្ស័យដែលពលរដ្ឋមួយចំនួននៅមិនទាន់មានភាពច្បាស់លាស់អំពីការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។

ជាការពិតណាស់ អ្នកវិភាគដែលជាប្រជាពលរដ្ឋកម្ពុជាផងដែរនោះ ក៏អាចទៅចូលរួមដំណើរទស្សនកិច្ចនៅក្នុងខេត្តទាំង៤ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នេះផងដែរ ដើម្បីស្វែងយល់កាន់តែច្បាស់ និងមានមូលដ្ឋានគ្រប់គ្រាន់នៅក្នុងការវិភាគ វាយតម្លៃ និងសន្និដ្ឋានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។ នៅពេលនោះ គេនឹងអាចប្រៀបធៀបបានថា តើខេត្តទាំង៤នេះ នៅមុននិងក្រោយការដាក់បញ្ចូលនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម មានការអភិវឌ្ឍខុសប្លែកគ្នាយ៉ាងដូចម្ដេចខ្លះ។

សម្រាប់ខ្លួនខ្ញុំផ្ទាល់ បានធ្វើដំណើរទៅខេត្តទាំង៤នោះ ដើម្បីសិក្សាស្រាវជ្រាវ ស្វែងយល់ពីស្ថានភាពជាក់ស្ដែង ពីឆ្នាំ២០០២ រហូតដល់ ២០១៧ និងឆ្នាំ២០២២ ពិតជាបានឃើញយ៉ាងច្បាស់អំពីការអភិវឌ្ឍពិតប្រាកដនៅក្នុងខេត្តទាំង៤នេះទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្កម ក៏ដូចជាការវិវឌ្ឍរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត។

ការប្រកាសរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរទៅកាន់ខេត្តទាំង៤ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាគឺជាការបើកទូលាយដោយឥតលាក់លៀមទៅដល់ប្រជាពលរដ្ឋនិងអ្នកវិភាគ ក៏ដូចជាអ្នកមាននិន្នាការប្រឆាំងទាំងឡាយឱ្យមានឱកាសសិក្សាស្វែងយល់ និងផ្ទៀងផ្ទាត់ការពិតជាក់ស្ដែងដែលខ្លួនមានមន្ទិល ឬមានការមិនទុកចិត្តចំពោះការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។ នេះក៏ជាការបង្ហាញអំពីសុរិតភាព និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជាតិរបស់ខ្លួន ពិសេសនៅក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែលមិនអាចបំពានបានរបស់កម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ការរៀបចំដំណើរទស្សនកិច្ចនេះ បានបង្ហាញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសថា រាជរដ្ឋាភិបាលគ្មានចេតនានៅក្នុងការបិទបាំងនូវបញ្ហាព្រំដែន ឬបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងការសិក្សាស្វែងយល់អំពីតំបន់ព្រំដែន ឬតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នោះឡើយ។ ពោលគឺគ្មានអាថ៌កំបាំងដែលត្រូវលាក់កំបាំងចំពោះប្រជាពលរដ្ឋសកម្មដែលជាអ្នកស្នេហាជាតិនោះទេ ហើយនេះក៏ជាការបិទបញ្ចប់នូវល្បិចនយោបាយរបស់ក្រុមប្រឆាំង ដែលចង់បំផុសបំផុលចរន្តជាតិនិយមជ្រុល ដើម្បីបម្រើនូវគោលបំណង និងសម្រេចនូវរបៀបវារៈនយោបាយរបស់ពួកគេដែលនយោបាយប្រឆាំងកម្ពុជា នៅក្នុងការដណ្ដើមអំណាចដែលប្រាសចាកលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។

មិនត្រឹមតែបើកចំហរដល់ប្រជាពលរដ្ឋ នៅក្នុងការធ្វើដំណើរទស្សនកិច្ចទៅស្វែងយល់អំពីតំបន់ព្រំដែននោះទេ រាជរដ្ឋាភិបាលថែមទាំងបានធានារ៉ាប់រងនៅក្នុងការចំណាយផ្សេងៗផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិនិងទឹកដីពិតប្រាកដ ជាអ្នកដែលស្រលាញ់និងមានឆន្ទៈឈឺឆ្អាលនឹងសុខទុក្ខប្រទេសជាតិរបស់ខ្លួន មិនមែនជាអ្នកដែលចេះត្រឹមតែបំផុសបំផុលចរន្តជាតិនិយមជ្រុលដើម្បីតែផលប្រយោជន៍នយោបាយសួនតួរបស់ខ្លួននិងក្រុម ដោយមិនបានគិតគូរអំពីជោគវាសនារបស់ប្រទេសជាតិ ដែលអាចធ្លាក់នៅក្នុងភាពចលាចលដោយសារតែមហិច្ឆតាអំណាចរបស់ខ្លួននិងក្រុមខ្លួននោះឡើយ។ អ្នកនៅក្នុងស្រុកដែល

ជាមួយគ្នានេះ ការរៀបចំដំណើរទស្សនកិច្ចខាងលើគឺជាចំណែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ តាមរយៈការកើនឡើងនូវនិន្នាការធ្វើដំណើរទេសចរណ៍កម្សាន្តទៅកាន់ខេត្តទាំង៤នេះ ព្រោះនៅពេលដែលប្រជាពលរដ្ឋមានឱកាសបានទៅដល់មើលឃើញ និងស្គាល់អំពីសក្ដានុពលផ្សេងៗនៅតំបន់នានាក្នុងខេត្តភូមិភាគឦសានទាំងនេះ។ វាពិតជាការផ្សព្វផ្សាយទេសចរណ៍យ៉ាងមានប្រសិទ្ធភាព ដែលពួកគាត់អាចចែករំលែកបទពិសោធ និងពន្យល់បង្ហាញពីភាពស្រស់ស្អាតនៃទីកន្លែងទាំងឡាយក្នុងតំបន់ ទាក់ទាញអ្នកដទៃទៀតអាចសម្រេចចិត្តទៅលេងកម្សាន្តខេត្តទាំងនោះផងដែរ។

មិនត្រឹមតែអាចចូលរួមក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយរាជរដ្ឋាភិបាលនោះទេ ប្រជាពលរដ្ឋទាំងអស់ក៏អាចធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនឬមធ្យោបាយផ្សេងៗទៀត ដើម្បីទៅសិក្សាស្វែងយល់អំពីតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងផងដែរ ដើម្បីជាផ្នែកមួយនៃការស្វែងយល់អំពីការពិត។ ទោះជាយ៉ាងណា តំបន់ព្រំដែនជាមួយប្រទេសជិតខាងគឺជាតំបន់ព្រំដែនអន្តរជាតិ ដែលទាមទារឱ្យមានការជូនដំណឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្របសម្រួលនិងជូនដំណឹងទៅកាន់ភាគីម្ខាងទៀត ព្រោះខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនទាំងអស់ គឺជាទ្រព្យសម្បត្តិរួមរវាងប្រជាជាតិដែលនៅជាប់ខាងគ្នា ហើយភាគីនីមួយៗត្រូវតែជូនដំណឹងទៅភាគីម្ខាងទៀត មុននឹងធ្វើដំណើរចេញចូល ឬទៅលេងកម្សាន្ត ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនិងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលភាគីនីមួយៗបានឯកភាពចុះហត្ថលេខារួមគ្នា។

ការធ្វើដំណើរទស្សនកិច្ចស្វែងយល់ទៅដល់តំបន់ព្រំដែនរបស់កម្ពុជា ដែលកំពុងផ្ទុះការសង្ស័យដោយសារតែអ្នកនយោបាយប្រឆាំងដែលអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ ពុំធ្លាប់បានទៅដល់ទីតាំងជាក់ស្ដែងទាល់តែសោះ តែព្យាយាមបំផុសបំផុល និងបំភ័ន្តបញ្ហានេះ គឺជាការចាំបាច់បំផុតដើម្បីទទួលបានការពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន ចៀសវាងការជឿទៅតាមតែការបំភ្លៃការពិតដោយសារមហិច្ឆតាអំណាច និងបំពេញរបៀបវារៈនយោបាយដែលគ្មានផលចំណេញទាល់តែសោះសម្រាប់ប្រទេសជាតិ ហើយថែមទាំងរុញពលរដ្ឋនិងយុវជនធ្វើជាខែលនយោបាយ រងគ្រោះជំនួសខ្លួននិងក្រុមខ្លួន។ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនទាំងអស់គួរតែចូលរួមឱ្យបានផុសផុលនៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ស្ថានភាពជាក់ស្ដែង និងតំបន់ព្រំដែនទាំងអស់ដែលខ្លួនមានការសង្ស័យ ឬដែលខ្លួនចង់ផ្ទៀងផ្ទាត់បញ្ជាក់អំពីការពិត ចៀសវាងជឿងប់ងល់តែទៅលើការផ្សព្វផ្សាយរបស់អ្នកនយោបាយប្រឆាំង ហើយក្លាយខ្លួនទៅជាជនរងគ្រោះនៃមហិច្ឆតានយោបាយរបស់ក្រុមប្រឆាំង៕

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម...»

វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...

  ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:58 PM
«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំ...

  ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:04 PM
«របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅ ឆ្នាំ២០១៩ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...

  ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 02:55 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យា...

  ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 11:02 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ​ប្រធា...

  ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 10:29 AM
«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

  ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM

សេចក្តីប្រកាស