ព័ត៌មាន

ខួប១ឆ្នាំនៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា៖ តើរាជរដ្ឋាភិបាលសម្រេចបានអ្វីខ្លះនៅក្នុងនយោបាយការបរទេស?

2024-08-22 09:59:20 ថ្ងៃព្រហស្បតិ៍, 22 សីហា 2024 ម៉ោង 04:59 PM
អ្នកមើល 4048
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

២២ សីហា ២០២៣ - ២២ សីហា ២០២៤ គឺជារយៈពេលគម្រប់១ឆ្នាំគត់ នៃអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធសឹងតែសម្លឹងមើលអំពីលទ្ធផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលជាបញ្ញវន្តបញ្ចប់ការសិក្សាពីបស្ចិមប្រទេសថា តើនឹងសម្រេចបានអ្វីខ្លះសម្រាប់មាតុភូមិកម្ពុជា។ គេអាចនិយាយបានថា នៅក្នុងទិដ្ឋភាពគោលនយោបាយជារួម រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា កើតចេញពីគណបក្សប្រជាជនកម្ពុជាតែមួយ ដូច្នេះគោលនយោបាយនិងគោលការណ៍រួមក្នុងទំនាក់ទំនងការបរទេសពិតជាពុំមានភាពខុសប្លែកពីរាជរដ្ឋាភិបាលចាស់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលថ្មី មានប្រមុខដឹកនាំថ្មី ដូច្នេះសិល្បៈដឹកនាំក៏ពិតជាប្លែកពីគ្នាផងដែរ។ ផ្ដើមចេញពីការប្រកាសនយោបាយការបរទេស “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិតជាសម្រេចបាននូវលទ្ធផលគួរកត់សម្គាល់មួយចំនួននៅក្នុងនយោបាយការបរទេសរបស់ខ្លួន៖

១. ការពង្រឹងទំនាក់ទំនងជាមួយនឹងបស្ចិមប្រទេស

ខណៈដែលសម្ដេចធិបតី ជាមេដឹកនាំដែលបានបញ្ចប់ការសិក្សាពីអង់គ្លេសនិងសហរដ្ឋអាម៉េរិក ក្នុងរយៈពេល១ឆ្នាំនេះ សម្ដេចធិបតីបានដឹកនាំរាជរដ្ឋាភិបាលជាមួយនឹងសិល្បៈដឹកនាំផ្ទាល់របស់ខ្លួន ដូច្នេះហើយ សម្ដេចក៏ជាមេដឹកនាំដែលអាចភ្ជាប់ទំនាក់ទំនងបានកាន់តែល្អប្រសើរជាមួយបស្ចិមប្រទេស។ កន្លងមក បណ្ដាប្រទេសលោកខាងលិចមួយចំនួន បានសម្លឹងមកមើលកម្ពុជានៅក្នុងរូបភាពអវិជ្ជមាន ពិសេសមានការយល់ឃើញពីជ្រុងផ្សេងៗថា កម្ពុជាមានទំនាក់ទំនងការបរទេស ដែលល្អៀងខ្លាំងទៅរកតែសាធារណរដ្ឋប្រជាមានិតចិន។ ទោះជាយ៉ាងណា នៅក្នុងអាណត្តិដឹកនាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្ដេចធិបតី បានបង្ហាញកាន់តែច្បាស់អំពីគោលនយោបាយបើកចំហរទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តដែលមានគោលដៅដូចគ្នាគឺ កិច្ចសហប្រតិបត្តិដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលជាគោលនយោបាយការបរទេសផ្កាចម្រុះពណ៌។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានប្រកាន់យកគោលការណ៍ ““ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” នៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងនូវតួនាទីរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ហើយបណ្ដាប្រទេសបស្ចិមលោកមួយចំនួនដែលជាមិត្តចាស់របស់កម្ពុជា ក៏ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនទៀតផងដែរ។ ជាក់ស្ដែង នៅក្នុងទំនាក់ទំនងកម្ពុជា-បារាំង ដែលសម្ដេចធិបតីបានអះអាងថាជា ទំនាក់ទំនងដែលមានលក្ខណៈពិសេសនោះ ត្រូវបានពង្រឹងបន្ថែមទៅទៀតនៅដើមអាណត្តិដឹកនាំរបស់សម្ដេច តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋបារាំង កាលពីដើមឆ្នាំ២០២៤ ដោយមេដឹកនាំប្រទេសទាំងពីរ កម្ពុជា-បារាំង បានឯកភាពគ្នានៅក្នុងការលើកកម្ពស់ទំនាក់ទំនង ក្នុងគោលដៅសម្រេចឱ្យបាននូវភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។ ការពង្រឹងទំនាក់ទំនងដ៏មានសារៈសំខាន់នេះ មិនមែនត្រឹមផ្អែកលើលក្ខណៈសម្បត្តិ ដែលបារាំងជាប្រទេសឈានមុខនៅក្នុងសហគមន៍អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ទំនងជាការសម្លឹងឃើញរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ចំពោះយុទ្ធសាស្ត្ររបស់មហាអំណាចបារាំង ដែលមានគោលជំហរងាកមកពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសអតីតប្រទេសស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន តាមរយៈការស្វែងយល់អំពីតម្រូវការជាក់ស្ដែងរបស់ប្រទេសជាដៃគូក្នុងតំបន់នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងអត្ថន័យនេះ មេដឹកនាំបារាំងពិតជាបានទទួលស្គាល់នូវតម្លៃជាយុទ្ធសាស្ត្រ ក៏ដូចជាមើលឃើញនូវចេតនារបស់មេដឹកនាំកម្ពុជា នៅក្នុងការបន្តធ្វើជាដៃគូកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចពិភពលោកមួយនេះផងដែរ។ ការពង្រឹងទំនាក់ទំនងល្អជាមួយនឹងមហាអំណាចបារាំង ជាច្រកទ្វារមួយទៀតដែលផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចឈានទៅបង្កើនទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសអឺរ៉ុបផ្សេងៗទៀត។ បើទោះបីជានេះទើបតែជាដំណាក់កាលដំបូងនៃការពង្រឹងទំនាក់ទំនងឱ្យល្អប្រសើរឡើងវិញ នៅក្រោយពីមានការយល់ឃើញផ្សេងគ្នារវាងកម្ពុជានិងអឺរ៉ុបនៅក្នុងសំណុំរឿងខ្លះក្ដី ប៉ុន្តែវាគឺជាការចាប់ផ្ដើមដ៏ល្អប្រសើរមួយសម្រាប់នយោបាយការបរទេស និងឈានទៅសម្រេចបាននូវទស្សនវិស័យការបរទេស ដែលផ្ដោតសំខាន់លើការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

២. ការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិក

ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលហាក់បាននៅទ្រឹងដោយសារតែមានភាពរកាំរកូសខ្លះៗដោយយោងទៅលើហេតុផលមួយចំនួននាពេលកន្លងទៅ ត្រូវបានចាប់ផ្ដើមពង្រឹងឡើងវិញនៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយភាគីទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក បានឯកភាពគ្នា នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Lloyd James Austin នៅកម្ពុជា ដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិករូបនេះ បានបង្ហាញនូវគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកគឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការយោធា ប៉ុន្តែដោយសារតែមានការយល់ឃើញផ្សេងពីគ្នានៅក្នុងបញ្ហាមួយចំនួន ក៏ដូចជាមានទស្សនៈទីទៃពីគ្នានៅក្នុងរបៀបវារៈភូមិសាស្ត្រនយោបាយតំបន់និងពិភពលោក ឆ្លុះបញ្ចាំងតាមរយៈការប្រជែងយុទ្ធភូមិសាស្ត្ររបស់មហាអំណាច កិច្ចសហប្រតិបត្តិនិងជំនួយយោធា មួយចំនួនត្រូវបានអាក់ខាន។ ទោះជាយ៉ាងណា ការបង្ហាញនូវគោលបំណងដូចគ្នានៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក គឺជាការចេញដំណើរប្រកបដោយសេចក្ដីរំពឹងខ្ពស់នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងស្ដារទំនាក់ទំនងល្អ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រកបដោយថាមភាពឡើងជាបន្តបន្ទាប់នាំពេលអនាគត។ នេះគឺជាចំណុចដែលគួរឱ្យសាទរសម្រាប់វឌ្ឍនភាពនៃនយោបាយការបរទេសកម្ពុជា នៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៣. ការពង្រឹងជំហរឯករាជ្យរបស់កម្ពុជា

នៅក្នុងបរិបទនៃការវិវត្តជាបន្តបន្ទាប់នៃភូមិសាស្ត្រនយោបាយ និងការប្រជែងឥទ្ធិពលគ្នាឥតឈប់ឈររវាងមហាអំណាចពិភពលោក កម្ពុជាដែលជាប្រទេសតូច និងមានសេដ្ឋកិច្ចនៅទន់ខ្សោយនៅឡើយនោះ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន។ នៅក្នុងគោលបំណងនេះ ដើម្បីធានាឱ្យបាននូវឯករាជ្យភាពរបស់ខ្លួន ប្រទេសតូចនិងទន់ខ្សោយត្រូវតែរំពឹងទៅលើច្បាប់អន្តរជាតិជាគោល និងជាមូលដ្ឋាននៅក្នុងការការពារខ្លួនពីការបំពានរបស់មហាអំណាច ឬប្រទេសធំៗនៅក្នុងតំបន់។ ជាបន្តបន្ទាប់រៀងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាសអំពីជំហរឯករាជ្យរបស់ខ្លួននៅក្នុងការសម្រេចចិត្តទាំងឡាយ ទាំងនៅក្នុងការជ្រើសរើសយកមាគ៌ាសម្រាប់ការអភិវឌ្ឍប្រទេស និងទាំងនៅក្នុងការសម្រេចចិត្តគាំទ្រឬប្រឆាំងនៅក្នុងបញ្ហាអន្តរជាតិនានា ដែលខ្លួនមានសិទ្ធិចូលរួមបោះឆ្នោតឬធ្វើសេចក្ដីសម្រេចចិត្ត ពិសេសនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណា ការពឹងផ្អែកទៅលើច្បាប់ដើម្បីធានាឯករាជ្យរបស់ប្រទេសមួយ ពិតជាមិនគ្រប់គ្រាន់នោះទេ ពោលគឺមេដឹកនាំនៃប្រទេសនោះ ត្រូវតែពង្រឹងភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិរបស់ខ្លួនផងដែរ។ ប្រទេសមួយនៅតែបន្តពឹងផ្អែកខ្លាំងទៅលើប្រទេសឬរដ្ឋដទៃ នៅក្នុងការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ នោះគេមិនអាចធានាបាននូវឯករាជ្យរបស់ខ្លួនបានពេញលេញនោះទេ ព្រោះរដ្ឋមួយ ដែលបន្តពឹងផ្អែកខ្លាំងពេកទៅលើប្រទេសដទៃនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិខ្លួន តិចឬច្រើន រដ្ឋនោះនឹងទទួលរងឥទ្ធិពល ឬការដាក់សម្ពាធដោយផ្ទាល់ ពីសំណាក់រដ្ឋបរទេសដែលខ្លួនពឹងផ្អែកខ្លាំងនោះ នៅពេលដែលមេដឹកនាំនៃរដ្ឋនោះ មានការយល់ឃើញខុសគ្នានៅក្នុងបញ្ហានយោបាយការបរទេស ឬនៅក្នុងបញ្ហាតំបន់និងអន្តរជាតិជាដើម។ ក្នុងន័យស្របគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានមើលឃើញថា កម្ពុជាត្រូវតែមានឯករាជ្យភាពនៅក្នុងវិស័យដឹកជញ្ជូនរបស់ខ្លួន។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចចិត្តកសាង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយទៅជាច្រកដឹកជញ្ជូនផ្លូវទឹកទៅកាន់សមុទ្រ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ ជាការពិតណាស់ ថ្វីដ្បិតតែ គម្រោងព្រែកជីកនេះ ត្រូវបានរងការរិះគន់ មួលបង្កាច់ការពិត និងបង្ហាញអំពីកង្វល់បង្កប់ជាមួយនឹងរបៀបវារៈភូមិសាស្ត្រនយោបាយពីសំណាក់ប្រទេសមួយចំនួនយ៉ាងណាក្ដី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តប្រកបដោយឯករាជ្យម្ចាស់ការជំរុញឱ្យចេញជារូបរាងគម្រោងព្រែកជីកនេះ ដើម្បីផលប្រយោជន៍នៃការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន នៅក្នុងនាមកម្ពុជាជាប្រទេសមានអធិបតេយ្យពេញលេញ។

៤. រក្សាបាននូវជំហរអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ

កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ ឯករាជ្យ និងជាសមាជិកនៃអង្គការសហប្រជាជាតិ ពិតជាមានសិទ្ធិបោះឆ្នោតមួយសម្លេង ដូចគ្នាទៅនឹងបណ្ដាប្រទេសនិងមហាអំណាចនានាផងដែរនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅត្រង់ចំណុចនេះ ការគាំទ្រឬការចូលរួមនៅក្នុងជំហរ ឬសំណុំរឿងណាមួយនៅលើឆាកអន្តរជាតិ ពិតជាមានគុណតម្លៃសម្រាប់គូភាគីជម្លោះ ឬភាគីដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា កម្ពុជាដែលមានបទពិសោធឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ក្នុងអតីតកាល ទាំងសង្គ្រាមស៊ីវិល សង្គ្រាមឈ្លានពាន និងសង្គ្រាមមនោគមវិជ្ជា ពិតជាមិនចង់ឃើញបណ្ដាប្រទេសនានាលើពិភពលោកទទួលបានសុខសន្តិភាព និងបញ្ចៀសបាននូវការប្រឈមមុខដាក់គ្នាខាងយោធាឬសង្គ្រាមដែលជាផលវិបាកនៃការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច។ នៅក្នុងន័យនេះហើយ ដែលកម្ពុជាបានបោះឆ្នោតប្រឆាំងនឹងអន្តរាគមន៍យោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែនៅក្នុងន័យស្រដៀងគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក៏បានបដិសេធនៅក្នុងការចូលរួមសន្និសីទស្ដីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំឡើងដោយអ៊ុយក្រែនឡើយ។ ការមិនចូលរួមខាងលើនេះ ក៏ដោយសារសន្និសីទនេះរៀបចំឡើងដោយអ៊ុយក្រែន ដែលជាភាគីមួយនៅក្នុងជម្លោះ ប៉ុន្តែបានទាត់ចោលនូវការចូលរួមរបស់រុស្ស៊ីដែលជាគូប្រឈមរបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជា ការសម្រេចចិត្តប្រកាសមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននេះ គឺជាការបញ្ជាក់បន្ថែមអំពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយ ពិសេសគឺជាការប្រកាសបញ្ជាក់បន្ថែមអំពីការគោរពគោលការណ៍មិនចូលបក្សសម្ព័ន្ធ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ កម្ពុជានឹងមិនចូលរួមនៅក្នុងសម្ព័ន្ធភាពណាមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះឡើយ។

ការមិនចូលរួមក្នុងសន្និសីទដែលត្រូវបានរៀបចំឡើង ដើម្បីដាក់បន្ទុកតែទៅលើរុស្ស៊ីដែលជាភាគីម្ខាងនៅក្នុងសង្គ្រាមនេះ គឺជាការបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ដោយកម្ពុជាមានជំហរនយោបាយផ្ទាល់របស់ខ្លួន ដែលមិនចំណុះឱ្យមហាអំណាច ឬបក្សសម្ព័ន្ធណាមួយឡើយ។ បន្ថែមពីនេះ ការសម្រេចចិត្តខាងលើនេះ ក៏ជាការបង្ហាញថា កម្ពុជាគឺជាប្រទេសសន្តិភាពនិយម ផ្ដល់តម្លៃសំខាន់ទៅលើការដោះស្រាយបញ្ហាដោយការចរចាសន្តិវិធី និងមិនគាំទ្រដល់ចេតនាទាំងឡាយដែលព្យាយាមដុតបញ្ឆេះបញ្ហាបន្ថែមនោះឡើយ។

ជារួម នៅក្នុងនយោបាយការបរទេស រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចនូវលទ្ធផលសំខាន់ៗចំនួន ៤គឺ ពង្រឹងទំនាក់ទំនងជាមួយនឹងបស្ចិមប្រទេស លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិក ពង្រឹងជំហរឯករាជ្យរបស់កម្ពុជា និងរក្សាបាននូវជំហរអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។ បើផ្អែកទៅលើលទ្ធផលទាំងនេះ គេអាចចាត់ទុកថានេះគឺជាការចាប់ផ្ដើមចេញដំណើរដ៏ល្អប្រសើរមួយនៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតីជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងទិដ្ឋភាពទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសជាដៃគូ ក៏ដូចជាការពង្រឹងឯករាជ្យភាព និងអព្យាក្រឹត្យភាពរបស់ខ្លួន ដើម្បីមានជំហររឹងមាំនៅក្នុងការពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ។

ទោះជាយ៉ាងណា វាហាក់ដូចជាលឿនពេក នៅក្នុងការវាយតម្លៃអំពីប្រសិទ្ធភាព និងភាពជោគជ័យរបស់រដ្ឋាភិបាលមួយនៅក្នុងរយៈពេលត្រឹម១ឆ្នាំដំបូងនេះ ព្រោះដើម្បីសម្រេចបាននូវគោលនយោបាយ ឬគោលដៅដែលដាក់ចេញរបស់រដ្ឋាភិបាលមួយ ទាមទារឱ្យមានរយៈពេលគ្រប់គ្រាន់នៅក្នុងការប្រតិបត្តិ ហើយសម្រាប់គោលនយោបាយខ្លះ ត្រូវការពេលវេលាមិនត្រឹមតែមួយអាណត្តិ ឬពីរអាណត្តិដឹកនាំនៃរដ្ឋាភិបាលនោះទេ ដើម្បីសម្រេចឱ្យបានជោគជ័យ៕ RAC Media

អត្ថបទទាក់ទង

ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM
កម្មវិធីកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្ធរុស្ស៊ី»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្...

2022-01-22 02:52:05   ថ្ងៃសៅរ៍, 22 មករា 2022 ម៉ោង 09:52 AM

សេចក្តីប្រកាស