Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គឺជាថ្ងៃបង្គ្រប់១ឆ្នាំគត់នៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គេអាចមើលឃើញទិដ្ឋភាពធំៗចំនួន៣ ដែលគួរឱ្យកត់សម្គាល់គឺ៖ ១. នយោបាយក្នុងប្រទេស ២. គោលនយោបាយការបរទេស និង៣. ចំណុចដែលគួរកែទម្រង់បន្តទៀត។
នៅក្នុងនយោបាយផ្ទៃក្នុង រាជរដ្ឋាភិបាលបានធានាយ៉ាងល្អចំពោះស្ថិរភាពសង្គមនិងនយោបាយកម្ពុជាដែលជាការបន្តពីនីតិកាលមុនៗ នៅក្នុងជំហរនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចជាប់ៗគ្នារហូតដល់ទៅ៧នីតិកាល។ នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលបានធានាស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ដែលផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ និងបង្កើនភាពស៊ាំនៅក្នុងការដឹកនាំប្រទេស និងភាពស៊ាំរបស់សង្គមទាំងមូលចំពោះវិបត្តិដែលកំពុងជួបប្រទះជាសាកល។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានចេញដំណើរស្របនឹងគោលនយោបាយដែលខ្លួនបានដាក់ចេញ នៅក្នុងការប្រកាសគោលនយោបាយដំបូងៗរបស់រាជរដ្ឋាភិបាលដែលប្រកាសនៅរដ្ឋសភា ក៏ដូចជាការសន្យាជាមួយនឹងប្រជាពលរដ្ឋ។ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជាបានចេញដំណើរស្របទៅតាមគោលនយោបាយដែលខ្លួនបានប្រកាស ដូចជាការផ្ដល់មូលនិធិសង្គម និងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម សុទ្ធសឹងតែជាការចាប់ផ្ដើមចេញដំណើរបានយ៉ាងល្អ។ នៅក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បើទោះបីជាតួលេខនៃការបណ្ដុះបណ្ដាលហាក់មានភាពខុសគ្នាបន្តិចបន្តួច ប៉ុន្តែយើងឃើញថា រាជរដ្ឋាភិបាលបានចេញដំណើរដោយភាពជាក់ស្ដែងនិយមស្របទៅតាមការសន្យារបស់ខ្លួន។ ជាមួយគ្នានេះ ចំណុចសំខាន់មួយទៀតនោះគឺ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតសុទ្ធសឹងតែស្ថិតនៅក្នុងដំណាក់កាល ដែលពិភពលោកកំពុងរំជើបរំជួលលើបញ្ហាសេដ្ឋកិច្ចដោយសារតែវិបត្តិ វិបត្តិដែលអូសបន្លាយដោយសារតែការរីករាលដាលកូវីដ-១៩ក្ដី កម្ពុជាដែលជាប្រទេសតូច និងសេដ្ឋកិច្ចនៅទន់នៅឡើយនោះ ក៏រាជរដ្ឋាភិបាលធានាបាននូវភាពនឹងនរនៃម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនបានផងដែរ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក៏បានអនុវត្តស្របទៅតាមបាវចនា នៃគោលនយោបាយរបស់ខ្លួន ដែលផ្ដោតសំខាន់លើមូលធនមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាផងដែរ តាមរយៈការជំរុញការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យផ្សេងៗ ការបន្តកសាងប្រព័ន្ធធារាសាស្ត្រនិងទឹកស្អាត ការអនុវត្តគម្រោងកែលម្អនិងកសាងផ្លូវដឹកជញ្ជូនផ្សេងៗ ការជំរុញនូវការកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាទំនើបពីបណ្ដាប្រទេសនានា ក៏ដូចជាការលើកទឹកចិត្តដល់វិស័យនវានុវត្តន៍និងបច្ចេកវិទ្យា តាមរយៈការបណ្ដុះបណ្ដាលធនធាននិស្សិតនៅតាមគ្រឹះស្ថានសាធារណៈរបស់រដ្ឋផងដែរ។ ការខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញថា រាជរដ្ឋាភិបាលនីតិកាលទី៧ ពិតជាបានខ្នះខ្នែងនៅក្នុងការសម្រេចឱ្យបាននូវការកែប្រែនិងអភិវឌ្ឍសង្គមឱ្យស្របទៅតាមបាវចនានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះគឺ ការអនុវត្តគម្រោងដ៏មហិមា ដែលមានចរិតជាប្រវត្តិសាស្ត្រយូរអង្វែងរបស់ជាតិនោះគឺ ការចេញដំណើរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមិនត្រឹមតែជារបស់រាជរដ្ឋាភិបាលនោះទេ តែប្រជាពលរដ្ឋរាប់លាននាក់បានចូលរួមអបអរសាទរ ក៏ដូចជាសាទរទៅលើការអនុវត្តជាក់ស្ដែងរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាននៅមុនការសន្យារបស់ខ្លួនទៅទៀត។ រាជរដ្ឋាភិបាលនីតិកាលទី៧បានចេញដំណើរប្រកបដោយភាពស្វាហាប់ ផ្អែកលើគោលនយោបាយដែលបានដាក់ចេញនៅដើមអាណត្តិ និងក្នុងការឃោសនារបស់ខ្លួនផងដែរ។
នៅក្នុងគោលនយោបាយការបរទេស រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជានយោបាយការបរទេសទន់ភ្លន់ បត់បែន ប្រកបដោយភាពរស់រវើក និងស្វាហាប់ ដោយរាជរដ្ឋាភិបាលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយអនុវត្តនូវនយោបាយមិនចូលបក្សសម្ព័ន្ធ ពោលគឺនយោបាយផ្កាចម្រុះពណ៌ ដោយរាជរដ្ឋាភិបាលបានថែរក្សានិងជំរុញទំនាក់ទំនងល្អនិងប្រកបដោយភាពជិតស្និទ្ធជាមួយគ្រប់បណ្ដាប្រទេស និងមហាអំណាចទាំងអស់។ ជាតឹកតាងសំខាន់ដែលគេអាចមើលឃើញដោយងាយនោះគឺ នៅក្នុងឆ្នាំដំបូងនៃការដឹកនាំរបស់សម្ដេចធិបតី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលពីមុនមក អ្នកលើកទស្សនៈនយោបាយ និងអ្នកវិភាគមួយចំនួន បានអះអាងថា កម្ពុជាហាក់មិនមានភាពជិតដិតជាមួយនឹងសហរដ្ឋអាម៉េរិកនៅក្នុងវិស័យយោធា និងវិស័យផ្សេងៗ។ ទោះជាយ៉ាងណា នៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មេដឹកនាំកម្ពុជាបានប្រើប្រាស់សិល្បៈការទូតប្រកបដោយភាពបត់បែននៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី បើទោះបីជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅតំបន់មជ្ឈិមកំពុងតែបន្តក៏ដោយ ក៏រាជរដ្ឋាភិបាលអាចរក្សាបាននូវទំនាក់ទំនងបត់បែន ទន់ភ្លន់ តាមសភាពការណ៍ជាក់ស្ដែង នៃបច្ចុប្បន្នភាពពិភពលោកនេះ។ រីឯនយោបាយការទូតក៏ដូចគ្នាផងដែរ ពោលគឺ សម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង តែងតែបានព្យាយាមជួបជាមួយនឹងអ្នកជំនួញ ក៏ដូចជាធុរជនធំៗ នៅក្នុងពេលដែលសម្ដេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគ្រប់បណ្ដាប្រទេស ដែលសម្ដេចអញ្ជើញទៅ ទាំងនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ ឬនៅក្នុងឱកាសចូលរួមវេទិកាតំបន់និងពិភពលោក ដោយសម្ដេចតែងតែបានជួបជាមួយធុរជនធំៗ ក្រុមហ៊ុនធំៗ ក៏ដូចជាតែងតែបានអនុញ្ញាតឱ្យធុរជនទាំងនោះចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារធុរកិច្ច នៅក្នុងពេលដែលធុរជនទាំងនោះអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានបង្ហាញនូវសក្ដានុពល និងជំរុញបង្កើនការទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនជាច្រើន ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលទាំងនេះ ជាផ្នែកមួយនៃការជំរុញការទូតសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅកសាងប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ មួយវិញទៀត យើងសង្កេតឃើញថា រាជរដ្ឋាភិបាលនីតិកាលទី៧បានប្រកាន់ជំហរការទូតបត់បែន ដោយបានបង្កើនភាពស៊ាំរបស់ខ្លួន នៅក្នុងបរិការណ៍នៃការប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់របស់មហាអំណាច។
ដូច្នេះភាពបត់បែន និងការគោរពតាមនិយាមអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញរបស់ខ្លួនដែលបានចែងយ៉ាងច្បាស់នេះ រាជរដ្ឋាភិបាលនីតិកាលទី៧បានបង្កើនភាពស៊ាំនៅក្នុងការប្រកួតប្រជែងដ៏ស្រួចស្រាល់ក្នុងភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ គ្មានប្រទេសជាតិឬរដ្ឋណាមួយ ដែលអាចអភិវឌ្ឍជាតិបានល្អប្រសើរ ដោយគ្មានការកែទម្រង់ជាបន្តបន្ទាប់តាមលំដាប់ពេលវេលានោះទេ។ ហេតុនេះហើយ បើទោះបីជារាជរដ្ឋាភិបាលនីតិកាលទី៧ បានចេញដំណើរប្រកបដោយភាពស្វាហាប់និងល្អយ៉ាងក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀតដែលរាជរដ្ឋាភិបាលគួរឆ្លុះបញ្ចាំងពិនិត្យមើល និងកែទម្រង់បន្ថែមទៀតផងដែរ។ សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបន្តការកាត់សាច់ស្អុយចេញ ដែលវិធានការនេះ ធ្លាប់ត្រូវបានលើកឡើងនៅក្នុងនីតិកាលមុនៗមកម្ល៉េះ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តសកម្មភាពអសកម្ម ប្រាសចាកពីគោលការណ៍ច្បាប់ និងរារាំងការសម្រេចបាននូវគោលដៅចម្បងៗរបស់រាជរដ្ឋាភិបាល ពោលគឺរាជរដ្ឋាភិបាលត្រូវតែហ៊ានអាកាត់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តខុសឆ្គងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍប្រទេសនិងគោលការណ៍គាំពារប្រជាពលរដ្ឋដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ជនទាំងអស់នេះ អាចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈនៅក្នុងមុខតំណែង ក៏ដូចជាធុរជនដែលមានចេតនាទុច្ចរិត ដែលធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ បំផ្លាញផលប្រយោជន៍សង្គមជាតិ រារាំងដំណើរវឌ្ឍនភាពប្រទេស ឬក៏ធ្វើឱ្យអសកម្មនូវការអនុវត្តគោលនយោបាយរបស់រដ្ឋជាដើម។ អ្នកទាំងអស់នេះ គួរតែត្រូវបានចាត់វិធានការឱ្យបានតឹងរ៉ឹង ឬកាត់ទោសទៅតាមច្បាប់ដែលមានជាធរមានរបស់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបង្កើនទំនុកចិត្តពីសាធារណជនចំពោះមន្ត្រីមុខងារសាធាណៈ បន្តបង្ខិតសេវាសាធារណៈឱ្យទៅដល់ជិតប្រជាពលរដ្ឋ ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនដល់មហាជន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មានការជជែកវែកញែកគ្នា អំពីការព្រួយបារម្ភ និងមានការលើកឡើងអំពីការរអ៊ូរទាំរបស់ប្រជាពលរដ្ឋមួយចំនួន អំពីការបាត់បង់ជំនឿចិត្តរបស់ពលរដ្ឋទៅលើមន្ត្រីមុខងារសាធារណៈដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែរកឱ្យឃើញនូវមូលហេតុដែលនាំទៅដល់ការបាត់បង់ជំនឿចិត្តនេះ ហើយដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។ ការបាត់បង់ជំនឿចិត្តពីសាធារណជនលើមន្ត្រីសាធារណៈ គឺជាគ្រោះថ្នាក់ដ៏ធំមួយ ដែលរាជរដ្ឋាភិបាលនៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវតែដោះស្រាយឱ្យបាន ព្រោះនៅពេលដែលប្រជាជនបាត់បង់ទំនុកចិត្តលើមន្ត្រីមុខងារសាធារណៈ ការគាំទ្រចំពោះរាជរដ្ឋាភិបាលនឹងអាចថមថយចុះ ឬបាត់បង់ប្រជាប្រិយភាពរហូតដល់បាត់បង់ឱកាសនៅក្នុងការដឹកនាំរដ្ឋតែម្ដង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាគួរតែជំរុញមន្ត្រីនិងសមាជិករបស់ខ្លួន ឱ្យអនុវត្តគោលនយោបាយដែលបានដាក់ចេញ ឱយដើរស្របគ្នាទៅនឹងបាវចនារបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្លាយទៅជាកោសិកាដែលប្រកបដោយថាមភាព និងមានភាពខ្លាំង ក៏ដូចជាភាពធន់ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរជាយថាហេតុណាមួយដែលអាចកើតមានឡើង៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពី ព្រំដែននៅ តំបន់ ប្រាសាទ វិហារ ត្រូវបាន បិទអស់រយៈ ពេល ១៥ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែល កងទ័ព នៃប្រទេសទាំងពីរបាន ប៉ះទង្គិចគ្នា ដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដ...
សៀវភៅ ស្តីអំពី ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ នេះ នឹងសិក្សាអំពីសេចក្តីផ្តើម និងបញ្ញត្តិមូលដ្ឋាននៃដេរីវេដូចជា លីមីតនៃអនុគមន៍ ដេរីវេ...
(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាន...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម សួង ភក្តី នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងអបអរសាទរ និងកោតសរសើរ ដល់វីរៈការិនី ស៊ន សៀវម៉ី ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាជាប្រវត្តិសាស...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់កីឡាការិនី ខាន់ ចេសា ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាកន្លងមក...