Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
នៅក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅក្នុងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងកម្ពុជា មានការរំជើបរំជួល ផ្លាស់ប្ដូរ ក៏ដូចជារដ្ឋប្រហារជាដើម ជាច្រើនករណី។ ថ្មីៗនេះ មានការសម្រេចដកតំណែងនាយករដ្ឋមន្ត្រីពីលោក ស្រេដ្ឋា ថាវីស៊ីន ដោយសារហេតុផលតែងតាំងមន្ត្រីមិនស្របនឹងច្បាប់នៃព្រះរាជាណាចក្រថៃ និងមានការស្នើតែងតាំងបេក្ខភាពនាយរដ្ឋមន្ត្រីឡើងវិញ ដែលមានពីគណបក្សភឿថៃ គឺលោកស្រី ផៃថុងថាន ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានគេធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០០៦។
លោកស្រី ផៃថុងថាន បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតគាំទ្រពីសំណាក់សមាជិករដ្ឋសភាថៃ ឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបានត្រូវបានព្រះមហាក្សត្រថៃ ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីផ្លូវការរបស់ព្រះរាជាណាចក្រថៃផងដែរ។ លោកស្រី ផៃ ថុងថាន បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីរ និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃនិងក្មេងជាងគេនៅក្នុងពិភពលោកក្នុងវ័យ ៣៨ឆ្នាំ ខណៈដែលនាយករដ្ឋមន្ត្រីថៃជាស្ត្រីដំបូងគឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាប្អូនស្រីពៅរបស់លោក ថាក់ស៊ីន ដែលកាលពីឆ្នាំ២០១៤ ត្រូវយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង។
ការប្រែប្រួលនយោបាយនៅក្នុងប្រទេសថៃ បានចាប់ផ្ដើមកើតមានឡើងតាំងពីឆ្នាំ២០០១ ឆ្នាំដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ជាបេក្ខភាពមកពីគណបក្សថៃរ៉ាត់ថៃ បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី ដែលបង្កការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងនយោបាយប្រទេសថៃ។ ក្រោមអាណត្តិដឹកនាំរបស់លោក លោក ថាក់ស៊ីន បានបង្កើតគោលនយោបាយគាំពារអ្នកក្រ (Pro-poor policy) ដែលបង្កើតជាចរន្តសេដ្ឋកិច្ចថ្មីមួយ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសថៃបានស្ទុះងើបឡើង រួមទាំងការងើបផុតចេញពីវិបត្តិសេដ្ឋកិច្ចអាស៊ីផងដែរ។ តាមរយៈគោលនយោបាយរបស់លោក ថាក់ស៊ីណូមិក (Thaksinomic) ដែលក្លាយជាទ្រឹស្ដីសម្រាប់ការដឹកនាំប្រទេសថៃនាពេលនោះ និងបានចែងអំពីគោលនយោបាយគាំពារអ្នកក្រ (Pro-poor policy)។ នៅមុនការដឹកនាំរបស់លោក ថាក់ស៊ីន គោលនយោបាយគាំពារអ្នកក្រនេះ ត្រូវបានរៀបចំឡើងដោយព្រះមហាក្សត្រថៃ ព្រះរាជារាម៉ាទី៩ គឺ ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត ដែលជាតួអង្គដ៏សំខាន់នៅក្នុងនយោបាយថៃ ប៉ុន្តែក្រោយលោក ថាក់ស៊ីន ឡើងជានាយករដ្ឋមន្ត្រី លោកក៏បានក្លាយជាតួអង្គសំខាន់មួយទៀតនៅក្នុងនយោបាយថៃ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋថៃនៅទូទាំងប្រទេស ពិសេសពលរដ្ឋថៃនៅតាមទីជនបទទទួលបានផលប្រយោជន៍ពីគោលនយោបាយ គាំពារអ្នកក្រនេះ តាមរយៈការបង្កើតមូលនិធិភូមិ និងមូលនិធិផ្សេងៗទៀត ដើម្បីជំរុញកសិផលថៃឱ្យមានទីផ្សារ ជំរុញឱ្យប្រជាកសិករថៃ ទទួលបានជីវភាពធូរធារ។
គោលនយោបាយគាំពារប្រជាជនក្រីក្ររបស់លោក ថាក់ស៊ីន ត្រូវបានអនុវត្តប្រកបដោយភាពជោគជ័យ ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់លោកកើនឡើង ដែលនេះគឺជាហេតុផលនាំទៅដល់ការកើតឡើងនូវវិបត្តិនយោបាយ ដោយមានការប្រកួតប្រជែងប្រជាប្រិយភាពរវាងបរមរាជវាំងនិងត្រកូលលោក ថាក់ស៊ីន ហើយបញ្ហានេះបានបន្តជះឥទ្ធិពលរហូតមកដល់បច្ចុប្បន្ន។ ប្រជាប្រិយភាពតាមរយៈនយោបាយគាំពារប្រជាជនក្រីក្រ បានផ្ដល់នូវតួនាទីយ៉ាងសំខាន់របស់ត្រកូលស៊ីណាវ៉ាត់ត្រានៅក្នុងនយោបាយថៃ ដែលប្រជាជនថៃភាគច្រើនគាំទ្រលោកថាក់ស៊ីន ហើយបើទោះជាលោកត្រូវបានគេធ្វើរដ្ឋប្រហារនៅឆ្នាំ២០០៦ក្ដី ជាបន្តបន្ទាប់ត្រកូលស៊ីណាវ៉ាត់ត្រាដែលបានចូលរួមការបោះឆ្នោត តែងតែទទួលបានការគាំទ្រពីប្រជាជន។
ជាក់ស្ដែងសាច់ញាតិបង្កើតនិងសាច់ថ្លៃរបស់ លោក ថាក់ស៊ីន ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃជាបន្តបន្ទាប់រួមមាន លោកស្រី យីងឡាក់ (ជាប្អូនស្រីពៅបង្កើតរបស់ លោក ថាក់ស៊ីន) លោក សាម៉ាក់ សុនដរ៉ាវេត (ជាបងថ្លៃរបស់ លោក ថាក់ស៊ីន) លោក ស៊ុមឆៃ វង់សុវ៉ាត (ជាប្អូនថ្លៃរបស់ លោក ថាក់ស៊ីន) និងចុងក្រោយនេះគឺលោកស្រី ផៃ ថុងថាន ដែលជាកូនស្រីពៅបង្កើតរបស់លោក ថាក់ស៊ីន ផ្ទាល់តែម្ដង។ ដូច្នេះហើយ ត្រកូលស៊ីណាវ៉ាត់ត្រាបានដឹកនាំប្រទេសថៃ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលសបញ្ជាក់ថា លោក ថាក់ស៊ីន ជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូប បើទោះបីជាលោកមានទោសទណ្ឌ ឬត្រូវនិរទេសយ៉ាងណាក៏ដោយ ក៏លោកមានយុទ្ធសាស្ត្រនយោបាយនៅក្នុងការរៀបចំឱ្យកូនស្រីរបស់លោក ទទួលបានលទ្ធភាពនៅក្នុងការដឹកនាំប្រទេសថៃផងដែរ។ ពោលគឺ លោកបានរៀបចំសេនារីយ៉ូដ៏ល្អឥតខ្ចោះមួយ ដែលប្រជាពលរដ្ឋថៃអាចទទួលយកបាន ព្រោះដ្បិតតែលោកស្រី ផៃ ថុងថាន ជាកូនស្រីអតីតនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែលោកស្រីទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋជាម្ចាស់ឆ្នោត មានការផ្ដល់ទំនុកចិត្តតែងតាំងពីរដ្ឋសភា និងការប្រោសព្រះរាជទានតែងតាំងជាផ្លូវការ ដែលមិនមែនជាការស្នងតំណែងដោយត្រកូល គ្មានការបោះឆ្នោតតាមប្រជាធិបតេយ្យនោះទេ។
ប្រសិនបើគេពិនិត្យមើលស្ថានការណ៍នយោបាយថៃ និងស្ថានការណ៍នយោបាយរបស់កម្ពុជា គឺមានចំណុចដូចគ្នានិងមិនដូចគ្នា។ ចំណុចដូចគ្នានោះគឺ មានកូនរបស់ថ្នាក់ដឹកនាំប្រទេស បន្តដឹកនាំ ប៉ុន្តែរបៀបនៃការចាត់ចែង ស្ថានភាពនយោបាយ និងលក្ខខណ្ឌច្បាប់មានលក្ខណៈខុសគ្នាផងដែរ។ សម្រាប់ប្រទេសថៃ គឺជាប្រទេសដែលមានការធ្វើរដ្ឋប្រហារ និងការរៀបចំតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញឡើងវិញជាញឹកញាប់ បើធៀបនឹងបណ្ដាប្រទេសនានាលើពិភពលោក ព្រោះនៅរៀងរាល់ពេលធ្វើរដ្ឋប្រហារម្ដងៗ គេឃើញតែងតែមានការរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដែលនេះជាបែបបទនៃគោលការណ៍ដឹកនាំរដ្ឋ។ បើទោះជាយ៉ាងនេះក្ដី ប្រទេសថៃនៅតែបន្តមានការអភិវឌ្ឍ ក៏ព្រោះតែប្រទេសថៃបានត្រៀមលក្ខណៈនៅក្នុងការផ្លាស់ប្ដូរ ទទួលយកស្ថានការណ៍នៃការផ្លាស់ប្ដូរនយោបាយជានិច្ច ជាមួយនឹងស្ថានភាពសង្គមរឹងមាំ ក៏ដូចជាការយល់ដឹងច្រើនរបស់ប្រជាពលរដ្ឋថៃអំពីស្ថានភាពសង្គម ជាហេតុពុំបណ្ដាលឱ្យប្រទេសថៃជាប់គាំងនយោបាយ ឬឈានទៅដល់ការផ្ទុះសង្គ្រាមនោះឡើយ។ នៅពេលដែលស្ថានការណ៍នយោបាយប្រទេសមានភាពវឹកវរ ក្រុមយោធានៃប្រទេសនេះតែងតែចេញមុខមកធ្វើរដ្ឋប្រហារក្ដោបក្ដាប់អំណាចមួយរយៈពេល ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យស្ងប់ស្ងាត់ ហើយគេនឹងតាក់តែងរដ្ឋធម្មនុញ្ញថ្មី ហើយប្រគល់ភារកិច្ចដឹកនាំប្រទេសទៅឱ្យរដ្ឋាភិបាលដែលទទួលបានការគាំទ្រពីការបោះឆ្នោតជាអ្នកទទួលបន្ទុកជំនួសវិញ។ ហេតុនេះហើយ ទើបប្រទេសថៃនៅតែមានការរីកចម្រើន អាចទទួលបានទេសចរណ៍រាប់សិនលាននាក់ នៅមុនដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ហើយប្រទេសនានាលើពិភពលោកនៅតែស្គាល់ប្រទេសថៃ ដែលហាក់ខុសប្លែកពីប្រទេសកម្ពុជា ហើយនេះគឺជាចំណុចដែលកម្ពុជាគួរតែសិក្សាអំពីប្រទេសថៃ ដែលជាប្រទេសជិត និងជួបប្រទះវិបត្តិនយោបាយបន្តបន្ទាប់ ប៉ុន្តែនៅតែអាចបន្តផ្លាស់ប្ដូរការដឹកនាំ ដោយមិនជះឥទ្ធិពលធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គម ព្រមទាំងអាចធានាបាននូវសណ្ដាប់ធ្នាប់ និងការរីកចម្រើនជាប្រចាំធ្ងន់ធ្ងរ ព្រមទាំងមានទំនាក់ទំនងល្អជាមួយគ្រប់មហាអំណាចទាំងអស់។ កម្ពុជាគួរតែពិនិត្យមើលជាការពិសោធ និងជាការសិក្សាផងដែរ។
សម្រាប់ប្រទេសកម្ពុជា មិនអាចអនុវត្តដូចប្រទេសថៃនោះទេ ដោយសារតែប្រទេសទាំងពីរ មានស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមខុសប្លែកពីគ្នានៅចំណុចមួយចំនួន។ ទោះជាយ៉ាងណា កម្ពុជាគួរតែពង្រឹងរចនាសម្ព័ន្ធរដ្ឋ ពង្រឹងប្រព័ន្ធដឹកនាំរដ្ឋចាប់តាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ។ នៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋខ្លាំងហើយ នោះការផ្លាស់ប្ដូរមេដឹកនាំ ពុំមានបង្កការច្របូកច្របល់នៅក្នុងសង្គមឡើយ។ ម្យ៉ាងវិញទៀត កម្ពុជាត្រូវតែពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ឱ្យមានភាពរឹងមា ទាំងចំណេះដឹងនយោបាយ សេដ្ឋកិច្ច និងសង្គម ឱ្យស្របតាមសម័យកាល មានវិជ្ជាជីវៈក្នុងខ្លួនគ្រប់ៗគ្នា នោះការពិចារណាទៅលើស្ថានភាពសង្គមនិងនយោបាយពីសំណាក់ប្រជាពលរដ្ឋ នឹងមានភាពគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់ ហើយមិនអាចឈូឆរតាមការបញ្ចើចបញ្ចើរបស់អ្នកនយោបាយ ដែលអាចបង្កជាគ្រោះថ្នាក់សម្រាប់សង្គមនោះឡើយ។ នេះគឺជាចំណុចដែលកម្ពុជាគួរតែចាប់ផ្ដើមធ្វើពីពេលនេះតទៅ ដោយធ្វើយ៉ាងណាឱ្យប្រព័ន្ធដឹកនាំរដ្ឋមានភាពរឹងមាំ ធ្វើឱ្យប្រជាពលរដ្ឋមានភាពរឹងមាំខាងចំណេះដឹង ជំនាញ និងមានគ្រឹះរឹងមាំនៅក្នុងវិស័យអប់រំ ដែលជាគោលការណ៍គ្រឹះរបស់ខ្លួន ត្រៀមលក្ខណៈនៅក្នុងការផ្លាស់ប្ដូរជាប្រចាំ មិនព្រួយបារម្ភចំពោះការផ្លាស់ប្ដូរដោយសារតែមានការគិតគូរបានល្អិតល្អន់ និងពិចារណាបានគ្រប់ជ្រុងជ្រោយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅ...
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព...
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេ...