ព័ត៌មាន

ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម

2024-08-20 08:23:53 ថ្ងៃអង្គារ, 20 សីហា 2024 ម៉ោង 03:23 PM
អ្នកមើល 171
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ តែងតែមានការនិន្នាការប្រឆាំងគ្នាស្ទើតែនៅគ្រប់ករណី ឬគ្រប់ហេតុការណ៍ទាំងអស់នៅក្នុងសង្គមរាប់ចាប់តាំងពីក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងដំណើរការនៃសង្គម។

នៅក្នុងសច្ចភាពជាក់ស្ដែង នៅក្នុងប្រទេសនីមួយៗ ពិសេសនៅក្នុងប្រទេសប្រជាធិបតេយ្យ ការអភិវឌ្ឍជាតិ ទាមទារឱ្យមានការចូលរួមពីក្រុមមនុស្សទាំងអស់នៅក្នុងសង្គម ពីគ្រប់និន្នាការទាំងអស់។ ទោះជាយ៉ាងណា ចរន្តជ្រុលនិយមដែលកើតចេញពីការប្រកាន់ជំហរ ឬនិន្នាការដាច់ខាតរបស់មនុស្សមួយក្រុមណាមួយនៅក្នុងសង្គម ក៏អាចរុញច្រានសង្គមឱ្យប្រាសចាកពីគន្លងអភិវឌ្ឍផងដែរ។

នៅក្នុងសង្គមនយោបាយកម្ពុជា សកម្មភាពភាពជ្រុលនិយមតែងតែឧស្សាហ៍ផ្ទុះឡើងជាញឹកញាប់ ស្តែងឡើងតាមឥរិយាបថ ៥យ៉ាងសំខាន់ៗ ដែលនាំទៅដល់ការលេចចេញឡើងនូវភាពជ្រុលនិយមមួយចំនួននាពេលបច្ចុប្បន្ននេះគឺ ការប្រកាន់យកទស្សនៈអត្តនោម័តិហួសហេតុ, ឥរិយាបថដែលនាំទៅដល់វិទ្ធង្សនាសេដ្ឋកិច្ចនិងសង្គម, ឥរិយាបថដែលបំភ័ន្តការពិត បំប៉ោងបញ្ហាទៅជាលក្ខណៈទ្រង់ទ្រាយធំ, ឥរិយាបថបំពានច្បាប់រដ្ឋ និងឥរិយាបថរើសអើងនិយម។

១- ការប្រកាន់យកទស្សនៈអត្តនោម័តិហួសហេតុ៖

ជាឥរិយាបថប្រកាន់យកនូវទស្សនៈអត្តនោម័តិ ដែលកំណត់ថា រាល់ទស្សនៈយល់ឃើញរបស់ខ្លួននិងក្រុមខ្លួនសុទ្ធសឹងតែត្រឹមត្រូវ និងទាមទារឱ្យអ្នកដទៃធ្វើតាមទស្សនៈនោះ ហើយពួកគេយល់ថា មានតែការធ្វើតាមទស្សនៈរបស់ខ្លួននិងក្រុមខ្លួនទេ ដែលឥតខ្ចោះ រីកចម្រើន និងស្នេហាជាតិជាដើម។ ទោះជាយ៉ាងណា ភាពត្រឹមត្រូវ មិនឆ្លុះបញ្ចាំងដោយការគិតរបស់បុគ្គលតែមួយក្រុមឬមនុស្សភាគច្រើននោះទេ គឺអាស្រ័យនៅលើសច្ចភាពពិតប្រាកដ ហើយស្មារតីស្នេហាជាតិ គឺអាស្រ័យលើមនសិកាជាតិរបស់ពលរដ្ឋម្នាក់ៗជាមួយនឹងការស្ដែងឱ្យឃើញតាមរយៈការលះបង់ដើម្បីប្រយោជន៍ជាតិ និងការចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសរបស់ខ្លួន ពុំមែនអាស្រ័យទៅលើការដើរតាមទស្សនៈឬមនោគមវិជ្ជារបស់បុគ្គលឬក្រុមណាមួយឡើយ។

២- ឥរិយាបថដែលនាំទៅដល់វិទ្ធង្សនាសេដ្ឋកិច្ចនិងសង្គម៖

នៅពេលដែលគេព្យាយាមធ្វើអ្វីៗដើម្បីតែសម្រេចគោលដៅនយោបាយ ដោយមិនខ្វល់ពីវិបាកនៃអំពើរបស់ខ្លួន ឬបើទោះជាត្រូវធ្វើវិទ្ធង្សនាសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនក្ដី នោះគឺជាឥរិយាបថដែលនាំទៅដល់គ្រោះថ្នាក់សម្រាប់សង្គមជាតិមួយ តាមរយៈការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងសង្គម។ សកម្មភាពក្នុងរូបភាពដូចនេះ ទាមទារឱ្យមានការទប់ស្កាត់ជាបន្ទាន់ ចៀសវាងវិវត្តទៅជាវិបត្តិដែលឈានទៅបង្កមហន្តរាយដល់ប្រទេសជាតិ។

៣- ឥរិយាបថដែលបំភ័ន្តការពិត បំប៉ោងបញ្ហាទៅជាលក្ខណៈទ្រង់ទ្រាយធំ៖

ជាឥរិយាបថជ្រុលនិយមដែលបង្កើតនូវព័ត៌មានមិនពិត បំភ្លៃការពិត បំប៉ោងបញ្ហា តាមរយៈការរៀបចំសេនារីយ៉ូដើម្បីបំផុសបំផុល ឬរៀបចំនូវមាតិកាផ្សេងៗដើម្បីផ្សព្វផ្សាយ ក្នុងបំណងឈានទៅសម្រេចនូវគោលដៅដែលអ្នកបង្កើតចង់បាន។ ទាំងអស់នេះ គេអាចមើលឃើញកើតមានជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការបំផុសបំផុលសាធារណៈមតិជាតិអំពីបញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឬការដុតរោលបញ្ហាសេដ្ឋកិច្ច ដែលអ្នកនយោបាយប្រឆាំងបានធ្វើកន្លងមកជាដើម។ បន្ថែមពីនេះ នៅពេលលើកឡើងដូច្នេះ ប្រហែលជាគេអាចនឹកស្រមៃដល់សកម្មភាពអវិជ្ជមានផ្សេងៗដែល ក្រុមអ្នកស្វែងរកចំណូលតាមអនឡាញ (MMO) មួយចំនួនបាននិងកំពុងធ្វើនាបច្ចុប្បន្ន ដោយបានបង្កការយល់ច្រឡំទ្រង់ទ្រាយធំពីសំណាក់មហាជន ដែលក្នុងនោះក៏មានបុគ្គលខ្លះ បានជឿជាក់តាមទាំងស្រុង រហូតដល់ករណីខ្លះ ពួកគេបានធ្វើសកម្មភាពដែលមានលក្ខណៈបំផ្លិចបំផ្លាញសង្គមខ្លួនឯងថែមទៀតផង។

៤- ឥរិយាបថបំពានច្បាប់រដ្ឋ៖

ដោយសារតែការមានទស្សនៈជ្រុលនិយមប្រឆាំងនឹងខ្លឹមសារច្បាប់ដែលមានជាធរមាន ទៅតាមហេតុផលយល់ឃើញផ្ទាល់របស់ខ្លួនឬក្រុមខ្លួន ក្រុមមនុស្សមួយចំនួនក៏អាចសម្រេចចិត្តបង្កជាបាតុភាពផ្សេងៗ បង្កើតទៅជាសកម្មភាពបំពានច្បាប់រដ្ឋ ហើយបង្កជាចលាចលនៅក្នុងសង្គមផងដែរ ដែលជួនកាលផលវិបាកនៃភាពជ្រុលនិយមនេះ ក៏អាចជះផលប៉ះពាល់ដល់ខ្លួនឯងនិងក្រុមគ្រួសារថែមទៀតផង។

៥- ឥរិយាបថរើសអើងនិយម៖

ជាឥរិយាបថដែលមនុស្សមួយក្រុមនៅក្នុងសង្កម មានការរើសអើងចំពោះក្រុមមនុស្សដទៃទៀតនៅក្នុងសង្គម ដោយសារតែទស្សនៈនយោបាយខុសគ្នា ឬកើតចេញពីការរើសអើងជាតិសាសន៍ជាដើម។ ឥរិយាបថឬទស្សនៈរើសអើងនេះ អាចបង្កទៅជាកំហឹងគុំគួន ការបែងចែកក្រុមមនុស្សនៅក្នុងសង្គម និងរើសអើងគ្នាទៅវិញទៅមក ដែលជាហេតុអាចនាំទៅដល់ការបែកបាក់នៅក្នុងសង្គម ការសម្រេចចិត្តខុសឆ្គង រហូតដល់អាចធ្វើឱ្យក្រុមមនុស្សណាមួយ ឈានទៅធ្វើសកម្មភាពល្មើសច្បាប់សង្គមថែមទៀតផង។ ទស្សនៈរើសអើងនិន្នាការនយោបាយ អាចបង្កក្លាយទៅជាការស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង រហូតដល់ជួនកាលចោទប្រកាន់ភាគីម្ខាងទៀតថា ក្បត់ជាតិ កាន់ជើង លើកជើង និងទ្រពងជាដើម។

ចំណែកឯការប្រកាន់ជាតិសាសន៍ជ្រុល ក៏ជាទង្វើជ្រុលនិយមមួយ ដែលអាចនាំមកនូវជំងឺជាតិនិយមជ្រុល ធ្វើឱ្យមនុស្សបាត់បង់នូវគតិបណ្ឌិត បាត់បង់ស្មារតីវិចារណញាណ ដែលអាចឈានទៅការបាត់បង់ផលប្រយោជន៍ជាតិ និងសង្គម ដោយសារតែអរិភាពនៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងជាដើម។

ជាក់ស្ដែងកន្លងទៅថ្មីៗនេះ នៅកម្ពុជា ដោយសារតែការរើសអើងជាតិសាសន៍ជ្រុលនិយម មានអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបំផុសបំផុលការតវ៉ាជំរុញឱ្យរាជរដ្ឋាភិបាលដកខេត្តទាំង៤ របស់ប្រទេសម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថែមទៅទៀត។ ទស្សនៈនេះពុំត្រឹមត្រូវទាល់តែសោះ ព្រោះប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាប្រទេសនៅជាប់ខាងគ្នា គេមិនអាចលើកព្រំដែនចេញពីគ្នាបានឡើយ ហើយបើរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តស្របតាមទស្សនៈនេះ គឺមានតែប្រគល់ខេត្តទាំង៤នេះ ឱ្យវៀតណាមឬឡាវ ដោយទស្សនៈនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃភាពជ្រុលនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនតូច។

ភាពជ្រុលនិយមដូចបានលើកឡើងខាងលើនេះ មិនបានផ្ដល់ផលចំណេញដល់កម្ពុជាទេ ប៉ុន្តែមានតែនាំផលវិបាកអវិជ្ជមានទៅវិញ ក៏ព្រោះតែអ្នកមាននិន្នាការស្អប់បរទេសជិតខាង ជានិច្ចកាល មិនបានព្យាយាមស្វែងយល់ ឬរៀនសូត្រអំពីបទពិសោធនៃជាតិសាសន៍ជិតខាងនោះទេ។ ពលរដ្ឋខ្មែរមួយចំនួនដែលមាននិន្នាការជ្រុលនិយម ច្រើនតែយល់និងគិតដូច ពាក្យចាស់ដែលពោលថា "តែស្អប់ហើយ ដានជើងក៏មិនចង់ឃើញផង" ដែលនេះជាការខាតបង់ផលប្រយោជន៍របស់ខ្មែរ នៅក្នុងយុទ្ធសាស្ត្រទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រោះគេមិនអាចអភិវឌ្ឍប្រទេសជាតិ ដោយបិទទ្វារប្រទេសលែងពាក់ព័ន្ធនឹងពិភពលោក ឬប្រទេសជាតិខាងបានឡើយ ហើយការមិនយល់ដឹងឬស្គាល់អំពីដៃគូរបស់ខ្លួន គឺជាកំហុសខាងយុទ្ធសាស្ត្រដ៏ធំមួយនៅក្នុងបរិបទទំនាក់ទំនងនយោបាយការបរទេស។

តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់នូវសកម្មភាពជ្រុលនិយមទាំងអស់នេះ?

នៅចំពោះមុខការផ្ទុះឡើងនូវសកម្មភាពជ្រុលនិយមនៅក្នុងសង្គមជាតិមួយ ទាមទារឱ្យមានការចាត់វិធានការឆ្លើយតបដែលមានលក្ខណៈបន្ទាន់និងចាំបាច់ ពោលគឺការអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ដើម្បីគ្រប់គ្រងសន្តិសុខសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។

ចំណែកឯវិធានការដែលមានប្រសិទ្ធភាពយូរអង្វែងនោះគឺការអប់រំ។ គេត្រូវតែបើកទូលាយឱ្យមានការអប់រំ ស្វែងយល់អំពីសច្ចភាពសង្គម នយោបាយ និងប្រវត្តិសាស្ត្រជាតិ ក៏ដូចជាប្រវត្តិសាស្ត្រពិភពលោកឱ្យបានទូលំទូលាយ។ នៅពេលដែលពលរដ្ឋនៃសង្គមជាតិមួយមានចំណេះដឹងទូលំទូលាយ គេអាចសម្រេចចិត្តប្រកបដោយវិចារណាញាណ ពិចារណាបានវែងឆ្ងាយ មុននឹងធ្វើសកម្មភាពណាមួយដែលអាចជះឥទ្ធិពលទៅដល់សង្គម និងជះឥទ្ធិពលត្រឡប់មកខ្លួនឯងនិងគ្រួសារវិញ។ រដ្ឋត្រូវតែបន្តជំរុញនូវកម្មវិធីរៀនពេញមួយជីវិត (Long Life Learning) ដើម្បីជំរុញពលរដ្ឋឱ្យទទួលយកនូវទម្លាប់អានសៀវភៅ មានទម្លាប់តែងនិពន្ធអត្ថបទដែលមានគុណតម្លៃសម្រាប់ជាតិជាប្រចាំ និងការពង្រីកចំណេះដឹងសង្គមឱ្យបានជ្រៅជ្រះ។ នៅពេលនោះ គេនឹងអាចកាត់បន្ថយផ្នត់គំនិតសួនតួនិយម អត្តនោម័តនិយម ព្រមទាំងអាចបើកចិត្តគំនិតឱ្យបានទូលាយ ទទួលយកចំណេះដឹងជាច្រើនផ្សេងទៀតពីប្រភពផ្សេងៗ។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយដែលបច្ចុប្បន្នមានលក្ខណៈសម្បូរបែប ត្រូវចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយមាតិកាអប់រំដែលមានសារៈប្រយោជន៍ និងមានគុណតម្លៃនៅក្នុងន័យស្ថាបនា ដើម្បីជំរុញទឹកចិត្តមនសិកាជាតិ ស្មារតីចូលរួមកសាងប្រទេសជាតិ ហើយរាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយជាប្រពៃណីដូចជាទូរទស្សន៍ វិទ្យុ កាសែតឱ្យធ្វើការផ្សព្វផ្សាយ ក៏ដូចជាជំរុញឱ្យមានការផលិតនូវមាតិកាព័ត៌មានខ្លីៗ ប្រកបដោយអត្ថន័យ និងមានខ្លឹមសារងាយស្រួលស្វែងយល់ដឹង ព្រមទាំងមានលក្ខណៈលឿនរហ័ស ផ្សព្វផ្សាយទៅឱ្យដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន។ លើសពីនេះ រាជរដ្ឋាភិបាលក៏ពុំគួរមើលរំលងនូវក្រុមអ្នកស្វែងរកចំណូលតាមអនឡាញ (MMO) មួយចំនួន ដែលបង្កើតមាតិកាផ្សព្វផ្សាយដែលបង្កផលប៉ះបាល់អវិជ្ជមានដល់សង្គមផងដែរ។

បន្ថែមពីនេះ បុគ្គលសាធារណៈឬអ្នកមានឥទ្ធិពលនៅក្នុងសង្គម ត្រូវតែចូលរួមផ្សព្វផ្សាយទង្វើនិងសកម្មភាពទាំងឡាយណា ដែលនាំទៅដល់វឌ្ឍនភាព និងវិបុលភាពនៃសង្គម ចៀសវាងការរួមចំណែកបន្ថែមនៅក្នុងការជំរុញភាពជ្រុលនិយមនៅក្នុងសង្គម ព្រោះបុគ្គលគ្រប់រូបនៅក្នុងសង្គម សុទ្ធសឹងតែមានភារកិច្ច នៅក្នុងការចូលរួមចំណែកជ្រោមជ្រែងវឌ្ឍនភាពសង្គមជាតិរបស់ខ្លួន។

លើសពីនេះ រដ្ឋត្រូវតែទប់ស្កាត់និងកាត់បន្ថយការផ្សព្វផ្សាយឬបង្ហោះរូបភាព/ខ្លឹមសារទាំងឡាយណា ដែលបង្ហាញអំពីវិសមភាពសង្គមពីសំណាក់មន្ត្រីរាជការជាន់ខ្ពស់ ដែលតែងតែបង្ហាញអំពីភាពថ្កុំថ្កើង និងហ៊ឺហាររបស់ខ្លួន ដែលអាចឈានទៅដល់ការមើលឃើញពីគម្លាតដ៏ធំ ទាញឱ្យមានការប្រៀបធៀបក្នុងលក្ខណៈអវិជ្ជមានផ្សេងៗ ក្នុងពេលដែលសង្គមកម្ពុជាកំពុងជួបប្រទះនឹងវិសមភាពសង្គម និងញាំញីដោយវិបត្តិសេដ្ឋកិច្ចសាកល ក៏ដូចជាបញ្ហាសង្គមផ្សេងៗដែលកំពុងកើតមានឡើង៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ការត្រួតពិនិត្យរកសារធាតុញៀនចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺជាការជំរុញស្មារតីរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវ...

  ថ្ងៃពុធ, 21 កុម្ភៈ 2024 ម៉ោង 03:51 PM
ប្រភពនៃទស្សនវិជ្ជាអប់រំ៖ មនោនិយម និងតថនិយម ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...

  ថ្ងៃចន្ទ, 19 កុម្ភៈ 2024 ម៉ោង 11:36 AM
ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ ដោយ៖ បណ្ឌិត វង់ សំអូន- ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...

  ថ្ងៃសុក្រ, 16 កុម្ភៈ 2024 ម៉ោង 10:34 PM
ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី (Constructivist)

ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រា...

  ថ្ងៃអង្គារ, 13 កុម្ភៈ 2024 ម៉ោង 02:22 PM
ការស្វែងយល់ពីមូលធនមនុស្ស ដោយ៖ ដោយ៖ លោក ប៉ាន់ សំណាង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមរាជបណ្ឌិត្យសភាកម្ពុជា

ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...

  ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 05:05 PM
បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...

  ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 04:48 PM

សេចក្តីប្រកាស