ព័ត៌មាន

ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា

2024-08-19 04:28:20 ថ្ងៃចន្ទ, 19 សីហា 2024 ម៉ោង 11:28 AM
អ្នកមើល 168
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

គម្រោងធ្វើបាតុកម្មរបស់ក្រុមនយោបាយមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ឱ្យដកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ត្រូវបានរំសាយចោលវិញ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈឆ្លើយតបទៅនឹងការរៀបចំបាតុកម្មដោយខុសច្បាប់ ហើយអ្នកពាក់ព័ន្ធមួយចំនួនត្រូវបានចាប់ខ្លួន និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមានរបស់កម្ពុជា។

គម្រោងបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលបំផុសបំផុល ដោយយកចរន្តជាតិនិយមជ្រុលនៅកម្ពុជាជាមូលដ្ឋាននោះ ត្រូវបានប្រកាសរំសាយទៅវិញដោយអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស។ គេអាចមើលឃើញយ៉ាងច្បាស់ថា គម្រោងបាតុកម្មនេះ បានបរាជ័យទៅវិញ ក៏ព្រោះតែគម្រោងនេះជាការយកលេសជាតិនិយមធ្វើជាស្លាកពាំងនៅពីមុខ ជាមួយនឹងការគិតបែបស្រមើលស្រមៃ និងគ្មានមូលដ្ឋានយល់ដឹងប្រាកដនិយមអំពីកិច្ចការអភិវឌ្ឍប្រទេសជាតិ។ មានន័យថា អ្នករៀបចំគម្រោងបាតុកម្មខាងលើមិនបានយល់ច្បាស់ពីទម្រង់នៃកិច្ចសហប្រតិបត្តិការនេះឡើយ ហើយបានបញ្ឆេះរឿងនេះឡើង ក្នុងគោលបំណងដើម្បីតែទាញប្រជាប្រិយភាពសម្រាប់ក្រុមរបស់ខ្លួន សម្រាប់មេដឹកនាំនៅក្រៅស្រុករបស់ខ្លួនតែប៉ុណ្ណោះ។

ការប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ខាងលើនេះ គ្រាន់តែជាសេណារីយ៉ូមួយ របស់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ក្នុងគោលដៅឆ្កឹះឆ្កៀលនយោបាយផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះ ដោយពួកគេបានព្យាយាមដុតរោលចរន្តជាតិនិយមជ្រុលនៅកម្ពុជាឱ្យផ្ទុះឡើង ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំភ័ន្តសាធារណៈមតិថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គឺជាការកាត់ដីខេត្តទាំង៤ទៅឱ្យប្រទេសវៀតណាម។ ទោះជាយ៉ាងណា ផែនការដែលរៀបចំឡើងដោយឈរនៅលើមូលដ្ឋានមិនប្រាកដនិយមនេះ ពុំទទួលបានជោគជ័យនោះទេ ព្រោះប្រជាពលរដ្ឋមិនបានជឿទៅតាមការញុះញង់ និងបំភ័ន្តរឿងហេតុពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងទាំងនោះឡើយ។

បរាជ័យនៃគម្រោងរៀបចំបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានបង្ហាញឱ្យគេឃើញយ៉ាងច្បាស់ថា៖

១. ក្រុមអ្នកនយោបាយប្រឆាំង ពុំយល់ទាល់តែសោះ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ដែលជាការផ្ដួចផ្ដើមគំនិតរបស់មេដឹកនាំកម្ពុជាផ្ទាល់នាឆ្នាំ១៩៩៩

២. ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ពិតជាពុំបានយល់ដឹងសោះឡើយ អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសមួយនិងប្រទេសមួយ

៣. ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស មិនយល់អំពីស្ថានភាពនៃនយោបាយនៅក្នុងប្រទេសកម្ពុជា។

៤. ក្បាលនិងកន្ទុយរវាងក្រុមប្រឆាំងក្រៅស្រុក និង អ្នកប្រឆាំងក្នុងស្រុកសម្លឹងឃើញផលប្រយោជន៍ផ្សេងគ្នា

៥. បាត់បង់ភាពជឿជាក់លើសមត្ថភាពលើមេដឹកនាំរបស់ខ្លួន ដោយសារកុហកហើយកុហកទៀត ថែមទាំងប្រើប្រាស់សកម្មជនខ្លួនជាខែលនយោបាយស្វែងរកភាគលាភនយោបាយ។

ចំណុចទាំង៥នេះ គឺជាហេតុផលចម្បងបណ្ដាលឱ្យគម្រោងធ្វើបាតុកម្មដែលរៀបចំឡើងដើម្បីជាការបំផុសបំផុលសាធារណៈមតិជាតិ ត្រូវបរាជ័យទៅវិញ ដោយមិនអាចលេចចេញជារូបរាង តាមមហិច្ឆតានយោបាយរបស់ក្រុមប្រឆាំងឡើយ។

សម្រាប់រាជរដ្ឋាភិបាល មានកាតព្វកិច្ចនៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខប្រទេសជាតិ ដើម្បីបន្តដំណើរការអភិវឌ្ឍជាតិបន្តទៀត ហើយការដែលស្នើសុំឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA) គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ ព្រោះថា តើគេត្រូវឱ្យកម្ពុជាដកខ្លួនចេញពីការអភិវឌ្ឍយ៉ាងដូចម្ដេច? បើសិនជារាជរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីការអភិវឌ្ឍ នោះមានន័យថា រាជរដ្ឋាភិបាលបន្តទុកឱ្យកម្ពុជារស់នៅតែក្នុងភាពក្រីក្រជានិច្ច ហើយកម្ពុជាពិតជាមិនអាចអភិវឌ្ឍទៅតាមតំបន់ផ្សេងៗគ្នាបានទេ។

នៅក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ទាមទារឱ្យអ្នកនយោបាយស្វែងយល់ឱ្យបានច្បាស់ថា ខេត្តនិងតំបន់ដែលស្ថិតនៅតាមបណ្ដោយព្រំដែន សុទ្ធសឹងតែទាមទារឱ្យមានការអភិវឌ្ឍដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវព្រំដែនសន្តិភាព ស្ថិរភាព និងដំណើរការអភិវឌ្ឍន៍ជាប្រក្រតី។ ជាឧទាហរណ៍ជាក់ស្ដែងផ្សេងទៀត ខេត្តនិងតំបន់របស់កម្ពុជា ដែលស្ថិតនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នានឹងថៃ បើទោះជាកន្លងទៅមានបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ ប៉ុន្តែនៅក្នុងតំបន់ផ្សេងៗទៀត ត្រូវតែមានកិច្ចសហប្រតិបត្តិការគ្នា ដើម្បីអភិវឌ្ឍន៍ ដោយភាគីថៃអភិវឌ្ឍខេត្តនិងតំបន់នៅក្នុងទឹកដីរបស់ខ្លួន ហើយចំណែកឯកម្ពុជាក៏ត្រូវការអភិវឌ្ឍន៍ខេត្តនិងតំបន់នៅក្នុងទឹកដីរបស់ខ្លួនដែរ ដែលកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាងរួមមានដូចជា ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែន ការដោះដូរទំនិញ ការសម្របសម្រួលការដឹកជញ្ជូន ការផ្ដល់សេវាចាំបាច់នានា ដូចជាការសម្របសម្រួលនីតិវិធីតាមព្រំដែនជាដើម។ រីឯខេត្តនិងតំបន់របស់កម្ពុជាដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឡាវ និងប្រទេសវៀតណាមក៏ត្រូវធ្វើឡើងដូចគ្នានេះផងដែរ។

កិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាង គឺជាតម្រូវការចាំបាច់មិនអាចខ្វះបានរបស់ប្រទេសជាតិនីមួយៗ ព្រោះយើងមិនអាចដកឬលើកព្រំដែនចេញពីប្រទេសជិតខាងជាប់ព្រំដែនគ្នាទេ។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង គឺជារឿងមិនអាចខ្វះបានឡើយ ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។ ប្រសិនបើកម្ពុជាអភិវឌ្ឍតែម្នាក់ឯង ហើយប្រទេសជិតខាងកម្ពុជាមិនអភិវឌ្ឍខេត្តនិងតំបន់នៅតាមព្រំដែននោះ តើប្រជាពលរដ្ឋទាំងសងខាងអាចដោះដូរទំនិញ និងមានការដោះដូរផ្សេងទៀតយ៉ាងដូចម្ដេច? ពោលគឺគ្មានការរីកចម្រើន ហើយតំបន់ព្រំដែននឹងក្លាយទៅជាទីដាច់ស្រយាល ដែលប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសបទល្មើសឆ្លងកាត់ព្រំដែនជាដើម។

ហេតុនេះហើយ ទាំងប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកនយោបាយត្រូវតែព្យាយាមស្វះស្វែងយល់អំពីដំណើរការអភិវឌ្ឍប្រទេសជាតិ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ជៀសវាងការសម្រេចចិត្តធ្វើអ្វីមួយ ឬចូលរួមនៅក្នុងការតវ៉ាផ្សេងៗទៅតាមតែការឆ្កឹះឆ្កៀលរបស់អ្នកនយោបាយ ហើយបញ្ឆេះទៅជាកំហឹងជាតិនិយមជ្រុល ដែលដុតរោលស្ថានការណ៍សង្គមដូចករណីខាងលើនេះ។

គួរបញ្ជាក់ផងដែរថា បើសិនជាគេពិនិត្យមើលសារបស់អ្នកនយោបាយប្រឆាំងនៅក្រៅស្រុក គេតែងតែមានសារនយោបាយរបៀបបញ្ឆេះ ដុតរោលនូវកំហឹងក្រុមជាតិនិយមជ្រុល ដែលមិនទទួលបានព័ត៌មានដឹងជាក់លាក់ ខ្វះចំណេះដឹងទៅលើកិច្ចការអន្តរជាតិនិងកិច្ចការនយោបាយប្រាកដប្រជា ដែលអាចងាយនឹងលង់ជឿតាមឧបាយកលរបស់ក្រុមខ្លួន ដោយគេតែងតែបានព្យាយាមប្រើសារនយោបាយទាំងនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ ពោល ជានិច្ចកាល ក្រុមអ្នកនយោបាយប្រឆាំងក្រៅស្រុក តែងតែប្រើប្រាស់យុទ្ធសាស្ត្រនយោបាយបែបនេះ ដូចជាកាលពីឆ្នាំ២០១៩ ដែលលោក បានប្រកាសអំពីការធ្វើដំណើរត្រឡប់ចូលស្រុករបស់លោក សម រង្សី ហើយយើងឃើញមានជាហូរហែរផ្សេងទៀតដូចជា កម្មវិធីហូបអំបុក មានកម្មវិធីហូបនំបញ្ចុក ដើម្បីឆ្លើយតបទៅនឹងលោក សម រង្ស៊ី។ ចំណែកឯលើកនេះ ក៏ដូចគ្នាដែរ គឺចរន្តប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក៏កើតចេញពីការបំផុសបំផុលពីសំណាក់ក្រុមរបស់លោក សម រង្ស៊ី ដែរ។

ដូច្នេះ ទាំងនេះជាចេតនារបស់លោក សម រង្ស៊ី និងក្រុមខ្លួន ដែលតែងតែធ្វើជាដដែលៗ ហើយរាជរដ្ឋាភិបាលគួរតែដកស្រង់ពិសោធន៍ពីរឿងដែលធ្លាប់កើតមានឡើងទាំងអស់នេះ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានស្រដៀងគ្នានេះនាពេលអនាគត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលពុំគួរខ្លាចនឹងការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំងខ្លាំងពេកនោះទេ ប្រសិនបើរាជរដ្ឋាភិបាលអាចពង្រឹងភាពខ្លាំងខាងក្នុងប្រទេសរួចស្រេចទៅហើយនោះ។

ជារួម សារនយោបាយរបស់ក្រុមប្រឆាំងគឺជាសារដែលមានលក្ខណៈដុតរោលបញ្ឆេះ ហើយរាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវតែគ្រប់គ្រងនិងទប់ទល់នឹងស្ថានការណ៍ តាមរយៈបុរេសកម្មរបស់ខ្លួននៅក្នុងការត្រៀមលក្ខណៈទុកជាមុននៅក្នុងការអនុវត្តច្បាប់ ដើម្បីធានាសុខសុវត្ថិភាព សន្តិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងនាមជាអ្នកដឹកនាំប្រទេស។

លើសពីនេះ អ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើនាពេលនេះគឺ ការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពប្រាកដនិយមច្បាស់លាស់ ដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយថាមភាព។ ពោលគឺ នៅពេលដែលប្រជាពលរដ្ឋ មើលឃើញជាក់ច្បាស់អំពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម អ្នកនយោបាយប្រឆាំង ពិតជាពិបាកនៅក្នុងការបំផុសបំផុលចរន្តប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ព្រោះតែប្រជាពលរដ្ឋបានជឿជាក់យ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាលដែលខ្លួនបានបោះឆ្នោតគាំទ្រ។

ស្របគ្នាជាមួយនឹងកំណែទម្រង់ស៊ីជម្រៅ រាជរដ្ឋាភិបាលក៏ត្រូវតែពង្រឹងប្រព័ន្ធរដ្ឋបាលដឹកនាំ និងការដឹកនាំរដ្ឋ ដើម្បីឱ្យមានភាពស៊ាំ និងភាពខ្លាំងរបស់រដ្ឋ ក៏ដូចជារដ្ឋបាលដែនដីទាំងអស់ ដើម្បីទប់នឹងស្ថានការណ៍នានា ដែលមិនត្រឹមតែជាមួយនឹងបាតុកម្មនោះទេ តែជាមួយនឹងការវិវត្តលឿនរហ័សរបស់ពិភពលោកផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

How the US-Cambodia Relationship Could Be Further Strengthened By: Dr. Seun Sam

Since Prime Minister Hun Manet was appointed as the country's new leader, US Ambassador to Cambodia Patrick Murphy has been actively holding meetings with important figures in Cambodia. He has also ha...

  ថ្ងៃពុធ, 04 តុលា 2023 ម៉ោង 03:18 PM
«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»

មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្...

  ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 05:56 PM
ASEAN's Balancing Act between the US and China in the Indo-Pacific By: Dr. Seun Sam

The Indo-Pacific region has emerged as a crucial geopolitical theater, capturing the attention of major global powers such as the United States and China. This vast expanse, stretching from the Indian...

  ថ្ងៃអង្គារ, 03 តុលា 2023 ម៉ោង 04:38 PM
បទវិភាគ៖ ភាពយន្តចិនពីរគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) កំពុងធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនព្រួយបារម្ភពីសុវត្ថិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។​ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Star...

  ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 03:18 PM
ធម្មចរិយានៃស្នាដៃគតិលោក ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី- ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានរៀបរៀងស្នាដៃមួយដ៏ល្បីល្បាញ មានឈ្មោះថា «គតិលោក»។ ស្នាដៃនេះជាឃ្លាំងផ្ទុកចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាគ្រប់ស្រទាប់វណ្ណៈដែលអាចបណ្តុះការយល់ដឹងរបស់គេឱ្យកាន់តែស៊ីជម្រៅនិងក...

  ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 09:07 AM
ភ្នំបូរី និងទំនាក់ទំនងជាមួយអង្គរបូរី, Phnom Borei and Its Relationship with Angkor Borei ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

អង្គរបូរី គឺជាទីតាំងនៃទីក្រុងមានកំពែងធំ ដែលជារាជធានីសម័យហ្វូណន (សតវត្សទី១ ដល់ទី៦ តាមរយៈបរិច្ឆេទវិទ្យុសកម្មធ្យូង C14 ជាទីកន្លែងមនុស្សរស់ច្រើនសតវត្សរ៍ និងនិងជាទីបញ្ចុះសពរហូតដល់ចុងសហស្សវត្សរ៍ទី១ មុន...

  ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 08:52 AM

សេចក្តីប្រកាស