Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក្រោយពីប្រធានរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤ ហើយបានស្នើឱ្យកម្ពុជាពន្លឿនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាបានផ្ទុះឡើង ដោយចាប់ផ្ដើមចេញពីការលើកឡើងរបស់អ្នកនយោបាយប្រឆាំងនៅបរទេស រហូតដល់មានការបំផុសបំផុលថា កម្ពុជាអាចនឹងបាត់បង់ទឹកដីទាំង៤ខេត្តទៅកាន់ប្រទេសវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ បញ្ហាពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នេះបានក្លាយទៅជាប្រធានបទក្ដៅនៅក្នុងការជជែកដេញដោល និងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់មានការគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិនេះថែមទៀតផង បើទោះបីជាមានការបកស្រាយពីសំណាក់ប្រធានគណបក្សកាន់អំណាចនិងជាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសិក្សាស្រាវជ្រាវយ៉ាងណាក្ដី។
ការផ្ទុះប្រតិកម្ម និងការដាក់មន្ទិលសង្ស័យអំពីការបាត់បង់ទឹកដីទៅកាន់ប្រទេសវៀតណាម ដែលកើតឡើងក្រោយអ្នកនយោបាយប្រឆាំងនៅបរទេសចោទប្រកាន់លើរាជរដ្ឋាភិបាលនេះ ប្រហែលជាបណ្ដាលពីប្រជាពលរដ្ឋខ្មែរនៅតែមានការដិតដាមនៅឡើយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានឡើងរួចមកហើយនៅក្នុងសតវត្សរ៍ទី១៦ ដែលកម្ពុជាត្រូវបាត់បង់ខេត្តជាច្រើននៅភាគខាងកើត ក្នុងតំបន់ដែនដីសណ្ដទន្លេមេគង្គទៅកាន់ប្រទេសអណ្ណាម ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។ ទោះយ៉ាងណា ប្រវត្តិសាស្ត្រគឺជាបទពិសោធដែលត្រូវចងចាំ ហើយត្រូវព្យាយាមបញ្ចៀស ឱ្យបាននូវការដើរជាន់ដានប្រវត្តិសាស្ត្រច្រំដែល ប៉ុន្តែគេមិនត្រូវឱ្យបទពិសោធប្រវត្តិសាស្ត្រនៅតែតាមលងបន្លាចរហូតដល់ខ្មែរខ្លាចរអារទំនាក់ទំនងជាប្រទេសជិតខាង ឬលែងហ៊ានធ្វើអ្វីទាំងអស់ សូម្បីតែអភិវឌ្ឍប្រទេសជាតិខ្លួននោះទេ ព្រោះគេមិនអាចលើកព្រំដែនកម្ពុជាចេញពីប្រទេសជិតខាងបាននោះឡើយ ហើយអ្វីដែលត្រូវធ្វើគឺការរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍតំបន់នៅតាមបណ្ដោយព្រំដែនឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ មានប្រជាជនរស់នៅ ទើបអាចថែរក្សាការពារព្រំដែនបានរឹងមាំជាងការទុកតំបន់ព្រំដែនឱ្យក្លាយទៅជាទីជនបទដាច់ស្រយាលគ្មានអ្នកទៅដល់។
ជាមួយគ្នានេះ គេត្រូវទទួលស្គាល់ថា របាយនៃការអភិវឌ្ឍប្រទេសជាតិនីមួយៗ មិនអាចកើតមានឡើងស្មើៗគ្នានៅគ្រប់រាជធានី ខេត្ត និងតំបន់បានឡើយ អាស្រ័យដោយកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ធនធានមនុស្ស និងសក្ដានុពលនៃទីកន្លែងនីមួយៗជាដើម។ ហេតុនេះហើយ ភាពចាំបាច់ក៏ដូចជាវិធីសាស្ត្រនៅក្នុងការអភិវឌ្ឍទីតាំងឬតំបន់នីមួយៗមិនដូចគ្នានោះឡើយ។ ជាក់ស្ដែង ខេត្តទាំង៤របស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលនៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម គឺដោយយោងទៅលើហេតុផលសំខាន់ៗដូចជា ការតភ្ជាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាង ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅវិញទៅមកនៅទីតាំងដែលប្រទេសនីមួយៗមានកង្វះខាត ការបង្កើតឱកាសទទួលបានសេវាចាំបាច់ផ្សេងៗដូចជា សេវាសុខាភិបាលនិងការអប់រំ ពិសេសសម្រាប់ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះ ការដាក់បញ្ចូលខេត្តទាំង៤របស់កម្ពុជានៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាការសម្រួលការតភ្ជាប់ទៅច្រកសម្រាប់ការនាំចេញតាមរយៈកំពង់ផែវៀតណាមដែលនៅជាប់សមុទ្រ ដែលការនាំផលិតផលរបស់កម្ពុជានៅក្នុងខេត្តទាំង៤ទៅតាមច្រកនេះ មានផលចំណេញជាងការដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ រួចទើបសំដៅបន្តឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុឬកំពង់ផែសមុទ្រផ្សេងៗរបស់កម្ពុជា។
ទោះជាយ៉ាងណា បើតាមទស្សនៈដែលអះអាងអំពីព្រួយបារម្ភខ្លាចបាត់បង់ខេត្តទាំង៤នេះទៅប្រទេសវៀតណាម បានលើកឡើងថា ការដាក់បញ្ចូលខេត្តទាំង៤នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាមហិច្ឆតាដែលប្រទេសវៀតណាម មានបំណងលេបយកខេត្តទាំង៤នេះ ដាក់បញ្ចូលទៅក្នុងអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបានហៅថា “តំបន់ឥណ្ឌូចិនតូច”។ នៅត្រង់ចំណុចនេះគេគួរពិចារណាថា តើក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ខេត្តទាំង៤របស់ប្រទេសកម្ពុជាមានការប្រែប្រួលស្ថានភាពយ៉ាងដូចម្ដេចដែរ បើប្រៀបធៀបទៅនឹងស្ថានភាពនៅមុនការដាក់បញ្ចូលខេត្តទាំងនេះ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៅឆ្នាំ១៩៩៩។ តើមានរចនាសម្ព័ន្ធចាត់តាំងរដ្ឋបាលរបស់វៀតណាម នៅលើទឹកដីខេត្តទាំង៤នេះដែរឬទេ? តើមានវត្តមានកងទ័ពវៀតណាមចូលមកក្នុងខេត្តទាំង៤នេះឬយ៉ាងណា? ឬតើមានការរំកិលបង្គោលព្រំដែនកម្ពុជា-វៀតណាម ចូលមកក្នុងទឹកដីប្រទេសកម្ពុជាដែរឬទេ? សំណួរទាំងពីរនេះ ប្រហែលជាមានតែប្រជាជន និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលរស់នៅក្នុងខេត្តទាំង៤ និងឈរជើងការពារនៅតាមព្រំដែនកម្ពុជា-វៀតណាមទេ ដែលអាចឆ្លើយតបបានជាក់ច្បាស់ជាងអ្នកណាទាំងអស់។ ទោះជាយ៉ាងណា ការលើកឡើងឆ្លើយតបរបស់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជានៅក្នុងភូមិសាស្ត្រខេត្តទាំងនោះ ក៏អាចនឹងត្រូវបានទាត់ចោលដោយអ្នកនយោបាយប្រឆាំងថែមទៀតផង ព្រោះគេនឹងលើកឡើងថាជាការរៀបចំរបស់រដ្ឋាភិបាល។ បើទោះជាបែបនេះក្ដី ចម្ងល់ទាំងអស់នេះគួរតែមានការបកស្រាយនិងបង្ហាញឱ្យមហាជនបានដឹងជាក់ច្បាស់ និងមើលឃើញពិតប្រាកដ ដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋ និងបកស្រាយឆ្លើយតបទៅនឹងការចោទប្រកាន់នានា។ ដូច្នេះ តើគួរតែធ្វើយ៉ាងណា ដើម្បីអាចផ្ទៀងផ្ទាត់និងដឹងច្បាស់ការពិតអំពីបញ្ហាទាំងនេះ?
នៅក្នុងនាមជាអ្នកតំណាង និងជាអាណាព្យាបាលប្រជាពលរដ្ឋនៅទូទាំងប្រទេស រាជរដ្ឋាភិបាលមានភារកិច្ចនៅក្នុងការពន្យល់បកស្រាយ និងបង្ហាញទៅកាន់ប្រជាពលរដ្ឋ នូវរាល់ចម្ងល់ និងការចោទប្រកាន់នានា ពិសេសពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។ ថ្វីដ្បិតតែហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ពុំទាន់បានអភិវឌ្ឍឱ្យបានពេញលេញ និងងាយស្រួលដល់ការធ្វើដំណើរនៅឡើយ ប៉ុន្តែការបើកទូលាយឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់តំបន់បង្គោលព្រំដែន ពិសេសនៅក្នុងខេត្តទាំង៤ដែលកំពុងរងការចោទប្រកាន់នោះ គឺជាការបង្ហាញសុចរិតភាពរបស់រាជរដ្ឋាភិបាល និងជាការលាងមន្ទិលសង្ស័យឱ្យបានកាន់តែច្បាស់លាស់ដល់មហាជន ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នកនយោបាយប្រឆាំង។ បន្ថែមពីលើការបើកទូលាយដូចនេះ រាជរដ្ឋាភិបាលកម្ពុជា គួរតែលើកទឹកចិត្ត ឬអាចឈានទៅរៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ឱ្យទៅពិនិត្យមើលនិងស្វែងយល់អំពីតំបន់ព្រំដែន ដោយរដ្ឋជាអ្នករ៉ាប់រងលើការចំណាយ ដើម្បីលុបបំបាត់ការសង្ស័យ លាតត្រដាងការពិត និងឈានទៅបន្សាបការចោទប្រកាន់នានាពីសំណាក់អ្នកនយោបាយប្រឆាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ ពិសេសនៅតាមបណ្ដោយតំបន់ព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាលើកទឹកចិត្តដល់ការធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីឱ្យមហាជនអាចស្វែងយល់ និងមើលឃើញអំពីស្ថានភាពជាក់ស្ដែងនៃខេត្តទាំងនោះ បញ្ចៀសបាននូវការស្រមើលស្រមៃឃើញទិដ្ឋភាពនៃខេត្តទាំងនេះ ទៅតាមការចោទប្រកាន់របស់អ្នកនយោបាយប្រឆាំង។ បន្ថែមពីលើនេះ ការបន្តនិងពន្លឿនកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយតំបន់ព្រំដែន គឺជាកិច្ចការដ៏សំខាន់មួយផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តនិងជាការពង្រឹងការការពារអធិបតេយ្យប្រទេស តាមរយៈការបង្កលទ្ធភាពងាយស្រួល ព្រមទាំងជំរុញឱ្យប្រជាជនទៅតាំងទីលំនៅ និងសាងសង់ភូមិឋាននៅតំបន់ព្រំដែន ពោលគឺជាការយកប្រជាជនធ្វើជារបងការពារព្រំដែន ព្រោះគេមិនអាចបញ្ជូនកងទ័ពឱ្យចល័តល្បាតនៅតាមបណ្ដោយព្រំដែនគ្រប់ពេលវេលានោះទេ (លើកលែងតែមានការប្រឈមឬប៉ះទង្គិច ឬការប្រុងជើងការនៅក្នុងសង្គ្រាមណាមួយរវាងប្រទេសជិតខាង)។ ការធ្វើដូច្នេះ ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែនគឺជាអ្នកតាមដាន ជាអ្នកឃ្លាំមើល និងអាចរាយការណ៍ពីស្ថានភាពនៅតាមព្រំដែនរបស់កម្ពុជា ហើយនៅពេលដែលមានផ្លូវថ្នល់ ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាគ្រប់គ្រាន់ ការធ្វើដំណើរទៅកាន់តំបន់ព្រំដែន លែងជាការលំបាកទៀតសម្រាប់ប្រជាពលរដ្ឋ នៅពេលដែលមានចម្ងល់ឬមន្ទិលពីបញ្ហាព្រំដែនទៀតហើយ។ ចំណែកឯបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក៏នឹងលែងជារឿងនិទាន ឬជាអាថ៌កំបាំង ដែលអ្នកនយោបាយប្រឆាំងអាចយកធ្វើជាលេសប្រើប្រាស់ ដើម្បីវាយប្រហារ ឬចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាទៀតឡើយ។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈនៅក្នុងពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់បន្ថែមទៀត ចំពោះការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមចូលក្នុងប្រទេសកម្ពុជាដែលជាប្រធានបទក្ដៅ ដែលអ្នកនយោបាយប្រឆាំងតែងតែយកមកវាយប្រហារនិងចោទប្រកាន់លើរាជរដ្ឋាភិបាល ពិសេសនៅក្នុងបណ្ដាខេត្តទាំង៤ខាងលើ ព្រោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក៏ត្រូវបានអ្នកនយោបាយប្រឆាំងចោទប្រកាន់ផងដែរថា ជាការសម្រួលដល់ការបញ្ចូលដោយសេរីនូវជនជាតិវៀតណាមនៅតាមព្រំដែនក្នុងខេត្តទាំង៤ឱ្យចូលមកក្នុងទឹកដីប្រទេសកម្ពុជា ពិសេសនៅក្នុងតំបន់ដីសម្បទានដែលផ្ដល់ដល់ក្រុមហ៊ុនវៀតណាម។ គួរបញ្ជាក់ផងដែរថា ការពង្រឹងវិធានការអន្តោប្រវេសន៍នេះ មិនមែនមានន័យថាជាការរើសអើងនោះទេ ប៉ុន្តែគឺជាអនុវត្តច្បាប់មានជាធរមានសុទ្ធសាធ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការបង្ហាញនូវភាពស្អាតស្អំមួយបន្ថែមទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងនៅក្នុងន័យនយោបាយ។
ជាការពិតណាស់ ពលរដ្ឋខ្មែរគ្រប់រូបដែលមានប្រភពកំណើតចេញពីទឹកដីប្រទេសកម្ពុជា ពិតសុទ្ធសឹងតែជាអ្នកសមានចិត្តចំពោះប្រទេសកំណើត មានស្មារតីស្នេហាជាតិ ស្រឡាញ់មាតុប្រទេសរបស់ខ្លួនទៅតាមកម្រិតនិងមនោសញ្ចេតនារៀងៗខ្លួន។ ហេតុនេះហើយ ពាក្យ «ជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ» យើងតែងតែឭពាក្យទាំងអស់នេះស្ទើរតែនៅគ្រប់សម័យកាលនៃប្រទេសកម្ពុជា ពិសេសនៅពេលដែលអ្នកនយោបាយព្យាយាមកៀងគរការគាំទ្រពីសំណាក់ប្រជាជន ពិសេសយុវជន ឱ្យចូលរួមនៅក្នុងការបង្កើតចលនាប្រឆាំង ឬការធ្វើបាតុកម្មទាមទារអ្វីមួយ ដែលពួកគេប្រកាសថាដើម្បីបុព្វហេតុប្រទេសជាតិ ឬជាផលប្រយោជន៍ជាតិសាសន៍ខ្លួន បើទោះបីជាការទាមទារខ្លះ មានបង្កប់នូវបុព្វហេតុជាផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមនយោបាយទាំងនោះក្ដី។ ជានិច្ចកាល ការប្រើប្រាស់ចរន្តជាតិនិយមរបស់មហាជនធ្វើបាតុកម្មប្រឆាំង បានក្លាយជាវិធីសាស្ត្រដណ្ដើមអំណាច ដែលប្រើប្រាស់ដោយកម្លាំងនយោបាយមួយក្រុម ឬក្រុមអ្នកនយោបាយប្រឆាំងណាមួយ ក្នុងការសម្រេចមហិច្ឆតានយោបាយរបស់ពួកគេផងដែរ។ ពួកគេអាចប្រែក្លាយចលនាមហាជន (Mass People) ដែលមានគោលដៅដើម្បីបុព្វហេតុប្រទេសជាតិ ឬផលប្រយោជន៍ជាតិសាសន៍ខ្លួន (បើទោះជាកើតឡើងដោយសារការបំភ័ន្ត ឬប្រតិដ្ឋរឿងហេតុក្ដី) ទៅជាចលនាប្រឆាំងរដ្ឋាភិបាល ឬមេដឹកនាំនៃប្រទេសនោះ ព្រោះនៅពេលដែលចលនាមហាជនត្រូវបានបានគេបញ្ឆេះកំហឹង ដោយដាក់បញ្ចូលសារនយោបាយ ដែលទម្លាក់កំហុសលើការដឹកនាំរបស់រដ្ឋាភិបាលថា ជាដើមហេតុនៃវិបត្តិទាំងឡាយនៅក្នុងសង្គម នៅពេលនោះចលនាមហាជនដែលកំពុងតែឆាបឆួលស្រាប់ នឹងអាចប្រែក្លាយខ្លួនទៅជាបដិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាល ឬរបបនៃមេដឹកនាំនោះផងដែរ។ គម្រោងការរៀបចំបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលអ្នកនយោបាយប្រឆាំងបានដាក់ចេញនាពេលថ្មីៗនេះ មិនមែនជារឿងចៃដន្យនោះឡើយ ព្រោះកិច្ចសហប្រតិបត្តិការនេះ ពុំមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ហើយចាប់ពី២៥ឆ្នាំមុន រហូតមក តំណាងរាស្ត្រនៃអតីតគណបក្សប្រឆាំង (ទាំងគណបក្ស សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ) សុទ្ធសឹងតែមានវត្តមាននិងបានចូលរួមនៅក្នុងកិច្ចប្រជុំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនព្រមតវ៉ា ឬប្រឆាំងតាំងពីពេលនោះមក? ហេតុអ្វីបានជាទើបតែនៅក្រោយពីបានមើលឃើញចលនាបាតុកម្មនៅក្នុងប្រទេសបង់ក្លាដែស ដែលវិវត្តទៅជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយបានបណ្ដេញដោយបង្ខំឱ្យនាយករដ្ឋមន្ត្រីប្រទេសនេះ លាលែងតំណែង ទើបពួកគេលើកឡើងអំពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ?
ទាំងអស់នេះ មិនមែនជារឿងថ្មីនោះទេសម្រាប់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ព្រោះពួកគេធ្លាប់បានធ្វើរួចមកហើយកាលពីឆ្នាំ២០១៣-២០១៤ ដែលគេព្យាយាមជំរុញបាតុកម្មដែលដំបូងឡើយជាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត និងបាតុកម្មតវ៉ាទាមទារតម្លើងប្រាក់ខែកម្មករ-កម្មការិនី ឱ្យទៅជាបាតុកម្មទាមទារទម្លាក់នាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ តាមរយៈការបញ្ចូលសារនយោបាយដែលព្យាយាមទម្លាក់បញ្ហាទាំងឡាយនៅក្នុងសង្គមថា បណ្ដាលមកពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជារួម ស្មារតីជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ គឺជាមូលដ្ឋានសំខាន់និងចាំបាច់បំផុតនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឆ្ពោះទៅមុខ ហើយមានតែពលរដ្ឋដែលមានធាតុផ្សំទាំង៣នេះទេ ដែលជាកម្លាំងចលករនៅក្នុងការជំរុញដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យមានវឌ្ឍនភាពជាលំដាប់ទៅថ្ងៃអនាគត។ ទោះជាយ៉ាងណា គេក៏មិនត្រូវអនុញ្ញាត ឬបណ្ដោយឱ្យអ្នកនយោបាយប្រើប្រាស់ស្មារតីជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ របស់ប្រជាពលរដ្ឋធ្វើជាឈ្នាន់ ដើម្បីឈានទៅដណ្ដើមអំណាចដោយខុសច្បាប់ និងប្រាសចាកគន្លងប្រជាធិបតេយ្យនោះឡើយ។ ហេតុនេះហើយ ការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយ ប្រវត្តិសាស្ត្រ និងច្បាប់សង្គម ព្រមទាំងការពង្រឹងសមត្ថភាពឱ្យក្លាយទៅជាមូលធនមនុស្សសម្រាប់សង្គមជាតិ គឺជាការចាំបាច់នៅការសម្ដែងស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ពិសេសយុវជន។ ជាមួយគ្នានេះ ក្នុងនាមជាកោសិកាសង្គម យើងគួរតែចូលរួមចំណែកនៅគ្រប់លទ្ធភាពក្នុងអភិវឌ្ឍប្រទេសជាតិ ដែលជាផ្ទះ និងជាមាតុភូមិរបស់យើងទាំងអស់គ្នា តាមរយៈការអភិវឌ្ឍសមត្ថភាព ការបំពេញការងារប្រកបដោយមនសិកា ការទទួលខុសត្រូវ និងឱ្យអស់ពីលទ្ធភាព។ ដូចដែលបានលើកឡើងខាងលើ ការសម្ដែងស្មារតីជាតិនិយម គឺជារឿងដែលត្រូវអបអរសាទរ និងលើកទឹកចិត្ត ប៉ុន្តែគេត្រូវចៀសវាងការសម្ដែងស្មារតីជាតិនិយម ដោយប្រើប្រាស់តែមនោសញ្ចេតនាទៅតាមការញុះញង់ ឬប្រតិដ្ឋបំភ័ន្តព្រឹត្តិការណ៍ ដើម្បីឈានទៅសម្រេចបំណងមហិច្ឆតារបស់អ្នកនយោបាយ។ លើសពីនេះទៅទៀត គួរតែដល់ហើយដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ ត្រូវរួមគ្នាជំរុញឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុងជាតិខ្មែរ ព្រមទាំងចូលរួមចំណែកនៅក្នុងការជ្រោមជ្រែងប្រទេសជាតិដែលជាផ្ទះនិងជាមាតុភូមិរបស់ខ្លួន រួមគ្នាកសាងផ្ទះមួយនេះឱ្យរីកធំស្កឹមស្កៃដូចផ្ទះនៃបណ្ដាប្រទេសជិតខាងក៏ដូចជាអារ្យប្រទេសនានាលើពិភពលោក ជាជាងការហែកហួរគ្នា និងដុតបញ្ឆេះផ្ទះរបស់ខ្លួនឯងហើយ ទើបមានការសោកស្ដាយ រួចរត់រកអ្នកដទៃឱ្យជួយឈឺឆ្អាលពន្លត់ ព្រោះគ្មានអ្នកណាដែលស្រលាញ់ផ្ទះរបស់យើងជាងយើងខ្លួនឯងនោះទេ៕
(រាល់ខ្លឹមសារដែលបានលើកឡើងខាងលើ គឺជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
To celebrate the 65th anniversary of the establishment of diplomatic ties between Cambodia and China, 2023 was designated the Year of Cambodia-China Friendship. Over 65 years, both countries have forg...
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបមួយជាមួយនឹងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopemberនៅអគារខេមរវិទូ (បន្ទប់ក្រវ៉ាន់) ក្រោមការដឹកនា...
នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ រប...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container