ព័ត៌មាន

កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ

2024-08-16 04:55:07 ថ្ងៃសុក្រ, 16 សីហា 2024 ម៉ោង 11:55 AM
អ្នកមើល 4915
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុង​ចំណោម​ស្រទាប់​មហាជន ដោយក្រោយពីប្រធានរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤ ហើយបានស្នើឱ្យកម្ពុជាពន្លឿនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាបានផ្ទុះឡើង ដោយចាប់ផ្ដើមចេញពីការលើកឡើងរបស់អ្នកនយោបាយប្រឆាំងនៅបរទេស រហូតដល់មានការបំផុសបំផុលថា កម្ពុជាអាចនឹងបាត់​បង់​ទឹក​ដីទាំង៤ខេត្តទៅកាន់ប្រទេសវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ បញ្ហាពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នេះបានក្លាយទៅជាប្រធានបទក្ដៅនៅក្នុងការ​ជជែក​ដេញ​ដោល និងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់មានការគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិនេះថែមទៀតផង បើទោះបីជាមានការបកស្រាយពីសំណាក់ប្រធានគណបក្សកាន់អំណាចនិងជាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសិក្សាស្រាវជ្រាវយ៉ាងណាក្ដី។

ការផ្ទុះប្រតិកម្ម និងការដាក់មន្ទិលសង្ស័យអំពីការបាត់បង់ទឹកដីទៅ​កាន់ប្រទេសវៀតណាម ដែលកើតឡើងក្រោយអ្នកនយោបាយប្រឆាំងនៅបរទេសចោទប្រកាន់លើរាជរដ្ឋាភិបាលនេះ ប្រហែលជាបណ្ដាលពីប្រជាពលរដ្ឋខ្មែរនៅតែមានការដិតដាមនៅឡើយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានឡើងរួចមកហើយនៅក្នុងសតវត្សរ៍ទី១៦ ដែលកម្ពុជាត្រូវបាត់បង់ខេត្តជាច្រើននៅភាគខាង​កើត ក្នុងតំបន់ដែនដីសណ្ដទន្លេមេគង្គទៅកាន់ប្រទេសអណ្ណាម ដែល​បច្ចុប្បន្នជាប្រទេសវៀតណាម។ ទោះយ៉ាងណា ប្រវត្តិសាស្ត្រគឺជាបទពិសោធដែលត្រូវចងចាំ ហើយត្រូវព្យាយាមបញ្ចៀស ឱ្យបាននូវការដើរជាន់ដានប្រវត្តិសាស្ត្រច្រំដែល ប៉ុន្តែគេមិនត្រូវឱ្យបទពិសោធប្រវត្តិសាស្ត្រនៅតែតាមលងបន្លាចរហូតដល់ខ្មែរខ្លាចរអារទំនាក់ទំនងជាប្រទេសជិតខាង ឬលែងហ៊ានធ្វើអ្វីទាំងអស់ សូម្បីតែអភិវឌ្ឍប្រទេសជាតិខ្លួននោះទេ ព្រោះគេមិនអាចលើកព្រំដែនកម្ពុជាចេញពីប្រទេសជិតខាងបាននោះឡើយ ហើយអ្វីដែលត្រូវធ្វើគឺការរក្សាទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍតំបន់នៅតាមបណ្ដោយព្រំដែនឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ មានហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ មានប្រជាជនរស់នៅ ទើបអាចថែរក្សាការពារព្រំដែនបានរឹងមាំជាងការទុកតំបន់ព្រំដែនឱ្យក្លាយទៅជាទីជនបទដាច់ស្រយាលគ្មានអ្នកទៅដល់។

ជាមួយគ្នានេះ គេត្រូវទទួលស្គាល់ថា របាយនៃការអភិវឌ្ឍប្រទេស​ជាតិ​នីមួយៗ មិនអាចកើតមានឡើងស្មើៗគ្នានៅគ្រប់រាជធានី ខេត្ត និងតំបន់បានឡើយ អាស្រ័យដោយកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ធនធានមនុស្ស និងសក្ដានុពលនៃទីកន្លែងនីមួយៗជាដើម។ ហេតុនេះហើយ ភាពចាំបាច់ក៏ដូចជាវិធីសាស្ត្រនៅក្នុងការអភិវឌ្ឍទីតាំងឬតំបន់នីមួយៗមិនដូចគ្នានោះឡើយ។ ជាក់ស្ដែង ខេត្តទាំង៤របស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលនៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម គឺដោយយោងទៅលើហេតុផលសំខាន់ៗដូចជា ការតភ្ជាប់ការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធជាមួយប្រទេសជិតខាង ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅវិញទៅមកនៅទីតាំងដែលប្រទេសនីមួយៗមានកង្វះ​ខាត ការបង្កើតឱកាសទទួលបានសេវាចាំបាច់ផ្សេងៗដូចជា សេវាសុខាភិបាលនិងការអប់រំ ពិសេសសម្រាប់ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះ ការដាក់បញ្ចូលខេត្តទាំង​៤​របស់​កម្ពុជានៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាការសម្រួលការតភ្ជាប់ទៅច្រកសម្រាប់ការនាំចេញតាមរយៈកំពង់ផែវៀតណាមដែលនៅជាប់សមុទ្រ ដែលការនាំផលិតផលរបស់កម្ពុជានៅក្នុងខេត្តទាំង៤ទៅតាមច្រកនេះ មាន​ផល​ចំណេញ​ជាងការដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ រួចទើបសំដៅបន្តឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុឬកំពង់​ផែ​សមុទ្រ​ផ្សេងៗរបស់កម្ពុជា។

ទោះជាយ៉ាងណា បើតាមទស្សនៈដែលអះអាងអំពីព្រួយបារម្ភខ្លាចបាត់បង់ខេត្តទាំង៤នេះទៅប្រទេសវៀតណាម បានលើកឡើងថា ការដាក់បញ្ចូលខេត្តទាំង៤នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាមហិច្ឆតាដែលប្រទេសវៀតណាម មានបំណង​លេបយកខេត្តទាំង៤នេះ ដាក់បញ្ចូលទៅក្នុងអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសបានហៅថា “តំបន់ឥណ្ឌូចិនតូច”។ នៅត្រង់ចំណុចនេះគេគួរពិចារណាថា តើក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ខេត្ត​ទាំង​៤​របស់​ប្រទេសកម្ពុជាមានការប្រែប្រួលស្ថានភាពយ៉ាងដូចម្ដេចដែរ បើប្រៀបធៀបទៅនឹងស្ថានភាពនៅមុនការដាក់បញ្ចូលខេត្តទាំងនេះ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៅឆ្នាំ១៩៩៩។ តើមានរចនាសម្ព័ន្ធចាត់តាំងរដ្ឋបាលរបស់វៀតណាម នៅលើទឹកដីខេត្តទាំង៤នេះដែរឬទេ? តើមានវត្តមានកងទ័ពវៀតណាមចូលមកក្នុងខេត្តទាំង​៤​នេះ​ឬយ៉ាងណា? ឬតើមានការរំកិលបង្គោលព្រំដែន​កម្ពុជា-វៀតណាម ចូលមកក្នុងទឹកដីប្រទេសកម្ពុជាដែរឬទេ? សំណួរទាំងពីរនេះ ប្រហែលជាមានតែប្រជាជន និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលរស់នៅក្នុងខេត្តទាំង៤ និងឈរជើងការពារនៅតាមព្រំដែនកម្ពុជា-វៀតណាមទេ ដែលអាចឆ្លើយតបបានជាក់ច្បាស់ជាងអ្នកណាទាំងអស់។ ទោះជាយ៉ាងណា ការលើកឡើងឆ្លើយតបរបស់ប្រជាជន និងកងកម្លាំងប្រដាប់​អាវុធ​របស់​កម្ពុជា​នៅ​ក្នុងភូមិសាស្ត្រខេត្តទាំងនោះ ក៏អាចនឹងត្រូវបានទាត់ចោលដោយអ្នកនយោបាយប្រឆាំងថែមទៀតផង ព្រោះគេនឹងលើកឡើងថាជាការរៀបចំរបស់រដ្ឋាភិបាល។ បើទោះជាបែបនេះក្ដី ចម្ងល់ទាំងអស់នេះគួរតែមានការបកស្រាយនិងបង្ហាញឱ្យមហាជនបាន​ដឹង​ជាក់ច្បាស់ និងមើល​ឃើញពិតប្រាកដ ដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋ និងបកស្រាយឆ្លើយតបទៅនឹងការចោទប្រកាន់នានា។ ដូច្នេះ តើគួរតែធ្វើយ៉ាងណា ដើម្បីអាចផ្ទៀងផ្ទាត់និងដឹងច្បាស់ការពិតអំពីបញ្ហាទាំងនេះ?

នៅក្នុងនាមជាអ្នកតំណាង និងជាអាណាព្យាបាលប្រជាពលរដ្ឋនៅទូទាំង​ប្រទេស រាជរដ្ឋាភិបាលមានភារកិច្ចនៅក្នុងការពន្យល់បក​ស្រាយ និងបង្ហាញទៅកាន់ប្រជាពលរដ្ឋ នូវរាល់ចម្ងល់ និងការចោទប្រកាន់នានា ពិសេសពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យ ឯក​រាជ្យ និងបូរណភាពទឹកដី។ ថ្វីដ្បិតតែហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ពុំទាន់បានអភិវឌ្ឍឱ្យបានពេញលេញ និងងាយស្រួលដល់ការធ្វើដំណើរនៅឡើយ ប៉ុន្តែការបើកទូលាយឱ្យប្រជាពលរដ្ឋធ្វើ​ដំណើរ​ទៅកាន់តំបន់បង្គោលព្រំដែន ពិសេសនៅក្នុងខេត្តទាំង៤ដែលកំពុងរងការចោទប្រកាន់នោះ គឺជាការបង្ហាញសុចរិតភាពរបស់រាជ​រដ្ឋាភិបាល និងជាការលាងមន្ទិលសង្ស័យឱ្យបានកាន់តែច្បាស់​លាស់​ដល់មហាជន ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នក​នយោបាយ​ប្រឆាំង។ បន្ថែមពីលើការបើកទូលាយដូចនេះ រាជ​រដ្ឋាភិបាលកម្ពុជា គួរតែលើកទឹកចិត្ត ឬអាចឈានទៅរៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ឱ្យទៅពិនិត្យមើលនិងស្វែងយល់អំពីតំបន់ព្រំដែន ដោយរដ្ឋជាអ្នករ៉ាប់រងលើការចំណាយ ដើម្បីលុបបំបាត់ការសង្ស័យ លាតត្រដាងការពិត និងឈានទៅបន្សាបការចោទប្រកាន់នានាពីសំណាក់អ្នក​នយោបាយ​ប្រឆាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ ជាមួយគ្នានេះ រាជ​រដ្ឋាភិបាលកម្ពុជា គួរតែផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ ពិសេសនៅតាមបណ្ដោយតំបន់ព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាលើកទឹកចិត្តដល់ការធ្វើដំណើរទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីឱ្យមហាជនអាចស្វែងយល់ និងមើលឃើញអំពីស្ថានភាពជាក់ស្ដែងនៃខេត្តទាំងនោះ បញ្ចៀសបាននូវការស្រមើលស្រមៃឃើញទិដ្ឋភាពនៃខេត្តទាំងនេះ ទៅតាមការចោទប្រកាន់របស់អ្នកនយោបាយប្រឆាំង។ បន្ថែមពីលើនេះ ការបន្តនិងពន្លឿនកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយតំបន់ព្រំដែន គឺជាកិច្ចការដ៏សំខាន់មួយផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តនិងជាការពង្រឹងការការពារអធិបតេយ្យប្រទេស តាមរយៈការបង្កលទ្ធភាពងាយស្រួល ព្រមទាំងជំរុញឱ្យប្រជាជនទៅតាំងទីលំនៅ និងសាងសង់ភូមិឋាននៅតំបន់ព្រំដែន ពោលគឺជាការយកប្រជាជនធ្វើជារបងការពារព្រំដែន ព្រោះគេមិនអាចបញ្ជូនកងទ័ពឱ្យចល័តល្បាតនៅតាមបណ្ដោយព្រំដែនគ្រប់ពេលវេលានោះទេ (លើកលែងតែមានការប្រឈមឬប៉ះទង្គិច ឬការប្រុងជើងការនៅក្នុងសង្គ្រាមណាមួយរវាងប្រទេសជិតខាង)។ ការធ្វើដូច្នេះ ប្រជាជនដែលរស់នៅតាមបណ្ដោយព្រំដែនគឺជាអ្នកតាមដាន ជាអ្នកឃ្លាំមើល និងអាចរាយការណ៍ពីស្ថានភាពនៅតាមព្រំដែនរបស់កម្ពុជា ហើយនៅពេលដែលមានផ្លូវថ្នល់ ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាគ្រប់គ្រាន់ ការធ្វើដំណើរទៅកាន់តំបន់ព្រំដែន លែងជាការលំបាកទៀតសម្រាប់ប្រជាពលរដ្ឋ នៅពេលដែលមានចម្ងល់ឬមន្ទិលពីបញ្ហាព្រំដែនទៀតហើយ។ ចំណែកឯបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក៏នឹងលែងជារឿងនិទាន ឬជាអាថ៌កំបាំង ដែលអ្នកនយោបាយប្រឆាំងអាចយកធ្វើជាលេសប្រើប្រាស់ ដើម្បីវាយប្រហារ ឬចោទ​ប្រកាន់​រាជរដ្ឋាភិបាលកម្ពុជាទៀតឡើយ។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈនៅក្នុងពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់បន្ថែមទៀត ចំពោះ​ការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាមចូលក្នុងប្រទេសកម្ពុជាដែលជាប្រធានបទក្ដៅ ដែលអ្នកនយោបាយប្រឆាំងតែងតែយកមកវាយប្រហារនិងចោទប្រកាន់លើរាជរដ្ឋាភិបាល ពិសេសនៅ​ក្នុង​បណ្ដាខេត្តទាំង៤ខាងលើ ព្រោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក៏ត្រូវបានអ្នកនយោបាយប្រឆាំងចោទប្រកាន់ផងដែរថា ជាការសម្រួលដល់ការបញ្ចូលដោយសេរីនូវជនជាតិវៀតណាមនៅតាមព្រំដែនក្នុងខេត្តទាំង៤ឱ្យចូលមកក្នុងទឹកដីប្រទេសកម្ពុជា ពិសេសនៅក្នុងតំបន់ដីសម្បទានដែលផ្ដល់ដល់ក្រុម​ហ៊ុនវៀតណាម។ គួរបញ្ជាក់ផងដែរថា ការពង្រឹងវិធានការអន្តោប្រវេសន៍នេះ មិនមែនមានន័យថាជាការរើសអើងនោះទេ ប៉ុន្តែគឺជាអនុវត្តច្បាប់មានជាធរមានសុទ្ធសាធ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការបង្ហាញនូវភាពស្អាតស្អំមួយបន្ថែមទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងនៅក្នុងន័យនយោបាយ។

ជាការពិតណាស់ ពលរដ្ឋខ្មែរគ្រប់រូបដែលមានប្រភពកំណើតចេញពីទឹកដីប្រទេសកម្ពុជា ពិតសុទ្ធសឹងតែជាអ្នកសមានចិត្តចំពោះប្រទេសកំណើត មានស្មារតីស្នេហាជាតិ ស្រឡាញ់មាតុប្រទេសរបស់ខ្លួនទៅតាមកម្រិតនិងមនោសញ្ចេតនារៀងៗខ្លួន។ ហេតុនេះហើយ ពាក្យ «ជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ» យើងតែងតែឭពាក្យទាំងអស់នេះស្ទើរតែនៅគ្រប់សម័យកាលនៃប្រទេសកម្ពុជា ពិសេសនៅពេលដែលអ្នក​នយោបាយព្យាយាមកៀងគរការគាំទ្រពីសំណាក់ប្រជាជន ពិសេសយុវជន ឱ្យចូលរួមនៅក្នុងការបង្កើតចលនាប្រឆាំង ឬការធ្វើបាតុកម្មទាមទារអ្វីមួយ ដែលពួកគេប្រកាសថាដើម្បីបុព្វហេតុប្រទេសជាតិ ឬជាផលប្រយោជន៍ជាតិសាសន៍ខ្លួន បើទោះបីជាការទាមទារខ្លះ មានបង្កប់នូវបុព្វហេតុជាផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមនយោបាយទាំងនោះក្ដី។ ជានិច្ចកាល ការប្រើប្រាស់ចរន្តជាតិនិយមរបស់មហាជនធ្វើបាតុកម្មប្រឆាំង បានក្លាយជាវិធីសាស្ត្រដណ្ដើមអំណាច ដែលប្រើប្រាស់ដោយកម្លាំងនយោបាយមួយក្រុម ឬក្រុមអ្នកនយោបាយប្រឆាំងណាមួយ ក្នុងការសម្រេចមហិច្ឆតានយោបាយរបស់ពួកគេផងដែរ។ ពួកគេអាចប្រែក្លាយចលនាមហាជន (Mass People) ដែលមានគោលដៅដើម្បីបុព្វហេតុប្រទេសជាតិ ឬផលប្រយោជន៍ជាតិសាសន៍ខ្លួន (បើទោះជាកើតឡើងដោយសារការបំភ័ន្ត ឬប្រតិដ្ឋរឿងហេតុក្ដី) ទៅជាចលនាប្រឆាំងរដ្ឋាភិបាល ឬមេដឹកនាំនៃប្រទេសនោះ ព្រោះនៅ​ពេល​ដែលចលនាមហាជនត្រូវបានបានគេបញ្ឆេះកំហឹង ដោយដាក់បញ្ចូលសារនយោបាយ ដែលទម្លាក់កំហុសលើការដឹកនាំរបស់រដ្ឋាភិបាលថា ជាដើមហេតុនៃវិបត្តិទាំងឡាយនៅក្នុងសង្គម នៅពេលនោះចលនាមហាជនដែលកំពុងតែឆាបឆួលស្រាប់ នឹងអាចប្រែក្លាយខ្លួនទៅជាបដិវត្តន៍ផ្ដួលរំលំរដ្ឋាភិបាល ឬរបបនៃមេដឹកនាំនោះផងដែរ។ គម្រោងការរៀបចំបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលអ្នកនយោបាយប្រឆាំងបានដាក់ចេញនាពេលថ្មីៗនេះ មិនមែនជារឿងចៃដន្យនោះឡើយ ព្រោះកិច្ចសហប្រតិបត្តិការនេះ ពុំមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ហើយចាប់ពី២៥ឆ្នាំមុន រហូតមក តំណាងរាស្ត្រនៃអតីតគណបក្សប្រឆាំង (ទាំងគណបក្ស សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ) សុទ្ធសឹងតែមានវត្តមាននិងបានចូលរួមនៅក្នុងកិច្ចប្រជុំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនព្រមតវ៉ា ឬប្រឆាំងតាំងពីពេលនោះមក? ហេតុអ្វីបានជាទើបតែនៅក្រោយពីបានមើលឃើញចលនាបាតុកម្មនៅក្នុងប្រទេសបង់ក្លាដែស ដែលវិវត្តទៅជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយបានបណ្ដេញដោយបង្ខំឱ្យនាយករដ្ឋមន្ត្រីប្រទេសនេះ លាលែងតំណែង ទើបពួកគេលើកឡើងអំពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ?

ទាំងអស់នេះ មិនមែនជារឿងថ្មីនោះទេសម្រាប់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ព្រោះពួកគេធ្លាប់បានធ្វើរួចមកហើយកាលពីឆ្នាំ២០១៣-២០១៤ ដែលគេព្យាយាមជំរុញបាតុកម្មដែលដំបូងឡើយជាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត និងបាតុកម្មតវ៉ាទាមទារតម្លើងប្រាក់ខែកម្មករ-កម្មការិនី ឱ្យទៅជាបាតុកម្មទាមទារទម្លាក់នាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ តាមរយៈការបញ្ចូលសារនយោបាយដែលព្យាយាមទម្លាក់បញ្ហាទាំងឡាយនៅក្នុងសង្គមថា បណ្ដាលមកពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជារួម ស្មារតីជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ គឺជាមូលដ្ឋានសំខាន់និងចាំបាច់បំផុតនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឆ្ពោះទៅមុខ ហើយមានតែពលរដ្ឋដែលមានធាតុផ្សំទាំង៣នេះទេ ដែលជាកម្លាំងចលករនៅក្នុងការជំរុញដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យមានវឌ្ឍនភាពជាលំដាប់ទៅថ្ងៃអនាគត។ ទោះជាយ៉ាងណា គេក៏មិនត្រូវអនុញ្ញាត ឬបណ្ដោយឱ្យអ្នកនយោបាយប្រើប្រាស់ស្មារតីជាតិនិយម មនសិកាស្នេហាជាតិ និងការលះបង់ដើម្បីមាតុភូមិ របស់ប្រជាពលរដ្ឋធ្វើជាឈ្នាន់ ដើម្បីឈានទៅដណ្ដើមអំណាចដោយខុសច្បាប់ និងប្រាសចាកគន្លងប្រជាធិបតេយ្យនោះឡើយ។ ហេតុនេះហើយ ការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយ ប្រវត្តិសាស្ត្រ និងច្បាប់សង្គម ព្រមទាំងការពង្រឹងសមត្ថភាពឱ្យក្លាយទៅជាមូលធនមនុស្សសម្រាប់សង្គមជាតិ គឺជាការចាំបាច់នៅការសម្ដែងស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ពិសេសយុវជន។ ជាមួយគ្នានេះ ក្នុងនាមជាកោសិកាសង្គម យើងគួរតែចូលរួមចំណែកនៅគ្រប់លទ្ធភាពក្នុងអភិវឌ្ឍប្រទេសជាតិ ដែលជាផ្ទះ និងជាមាតុភូមិរបស់យើងទាំងអស់គ្នា តាមរយៈការអភិវឌ្ឍសមត្ថភាព ការបំពេញការងារប្រកបដោយមនសិកា ការទទួលខុសត្រូវ និងឱ្យអស់ពីលទ្ធភាព។ ដូចដែលបានលើកឡើងខាងលើ ការសម្ដែងស្មារតីជាតិនិយម គឺជារឿងដែលត្រូវអបអរសាទរ និងលើកទឹកចិត្ត ប៉ុន្តែគេត្រូវចៀសវាងការសម្ដែងស្មារតីជាតិនិយម ដោយប្រើប្រាស់តែមនោសញ្ចេតនាទៅតាមការញុះញង់ ឬប្រតិដ្ឋបំភ័ន្តព្រឹត្តិការណ៍ ដើម្បីឈានទៅសម្រេចបំណងមហិច្ឆតារបស់អ្នកនយោបាយ។ លើសពីនេះទៅទៀត គួរតែដល់ហើយដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ ត្រូវរួមគ្នាជំរុញឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុងជាតិខ្មែរ ព្រមទាំងចូលរួមចំណែកនៅក្នុងការជ្រោមជ្រែងប្រទេសជាតិដែលជាផ្ទះនិងជាមាតុភូមិរបស់ខ្លួន រួមគ្នាកសាងផ្ទះមួយនេះឱ្យរីកធំស្កឹមស្កៃដូចផ្ទះនៃបណ្ដាប្រទេសជិតខាងក៏ដូចជាអារ្យប្រទេសនានាលើពិភពលោក ជាជាងការហែកហួរគ្នា និងដុតបញ្ឆេះផ្ទះរបស់ខ្លួនឯងហើយ ទើបមានការសោកស្ដាយ រួចរត់រកអ្នកដទៃឱ្យជួយឈឺឆ្អាលពន្លត់ ព្រោះគ្មានអ្នកណាដែលស្រលាញ់ផ្ទះរបស់យើងជាងយើងខ្លួនឯងនោះទេ៕

(រាល់ខ្លឹមសារដែលបានលើកឡើងខាងលើ គឺជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

post_detail
post_detail

អត្ថបទទាក់ទង

គុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើវិធីសាស្រ្តបង្រៀនបញ្ច្រាស់ (Flipped Classroom))​ក្នុងការបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...

2023-08-02 10:26:36   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 05:26 PM
Southeast Asian Alliances and the US-China Partnership by Dr. Seun Sam

In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...

2023-08-02 08:18:33   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:18 PM
ស្វែងយល់អំពីល្បែងបោះអង្គញ់ (Understanding on Angkugn Game) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...

2023-08-02 08:00:27   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:00 PM
Challenges and Solutions for the Next Prime Minister of Cambodia By: Dr. Seun Sam

Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...

2023-07-28 14:22:30   ថ្ងៃសុក្រ, 28 កក្កដា 2023 ម៉ោង 09:22 PM
សេចក្តីថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្តល់សៀវភៅជូនដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...

2023-07-12 09:48:28   ថ្ងៃពុធ, 12 កក្កដា 2023 ម៉ោង 04:48 PM
ទិដ្ឋភាពមួយចំនួន ស្ដីពី មេដឹកនាំ(Some Overviews on Leaders) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...

2023-07-10 14:35:15   ថ្ងៃចន្ទ, 10 កក្កដា 2023 ម៉ោង 09:35 PM

សេចក្តីប្រកាស