ព័ត៌មាន

ទោះជាមានទស្សនៈយល់ឃើញខុសគ្នាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរតែឈរនៅលើទស្សនៈជាតិជារួម ក្នុងបញ្ហាអធិបតេយ្យជាតិ

2024-08-15 11:49:08 ថ្ងៃព្រហស្បតិ៍, 15 សីហា 2024 ម៉ោង 06:49 PM
អ្នកមើល 359
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។

សម្រាប់ទស្សនៈយល់ឃើញរបស់បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែការលើកឡើងឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន ហាក់ដូចជាធ្វើឡើងទៅតាមការញុះញង់របស់អ្នកនយោបាយ មិនថាក្នុងឬក្រៅប្រទេស បរទេស ឬអ្នកនយោបាយកម្ពុជានោះទេ ដោយសារតែគ្មានមូលដ្ឋានច្បាស់លាស់។ នេះគឺជាអ្វីដែលគេត្រូវពិចារណាទាំងអស់គ្នា ព្រោះប្រជាពលរដ្ឋនៅក្នុងរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែទស្សនៈខ្លះ បែរជាបញ្ចេញទៅធ្វើឱ្យប្រទេសខាតបង់ផលប្រយោជន៍ទៅវិញ។

បើតាមលោកបណ្ឌិត ការបញ្ចេញទស្សនៈដែលមិនមានមូលដ្ឋានច្បាស់លាស់ មិនមានឯកសារផ្អែកច្បាស់លាស់ មិនយល់អំពីទិដ្ឋភាពនយោបាយនិងទិដ្ឋភាពច្បាប់ អាចនាំឱ្យសង្គមជាតិមានបញ្ហាផងដែរ ដោយសារតែការបញ្ចេញទស្សនៈកម្រិតនយោបាយខ្លះ ត្រូវបានអ្នកនយោបាយទាញប្រយោជន៍ពីការយល់ឃើញនោះ ដោយលាក់របៀបវារៈនយោបាយនៅពីក្រោយ ទាំងអ្នកនយោបាយក្នុងស្រុក អ្នកនយោបាយក្រៅស្រុក ក៏ដូចជាបរទេសដែលតែងតែមានគំនិតទុច្ចរឹតទៅលើនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា គេតែងតែរុញច្រានឱ្យខ្មែរបែកបាក់សង្គម ដើម្បីងាយស្រួលទាញប្រយោជន៍ពីការបែកបាក់នេះ។ នេះគឺជាមេរៀនប្រវត្តិសាស្ត្រដែលខ្មែរត្រូវតែពិនិត្យ និងចងចាំ ចៀសវាងបញ្ចេញមតិប្រឆាំងខ្មែរគ្នានៅគ្រប់រឿង គ្រប់ករណីនោះឡើយ។

លោកបណ្ឌិត យង់ ពៅបន្ថែមទៀតថា ប្រជាពលរដ្ឋគួរតែពិនិត្យពិចារណាថា តើបញ្ហាណាខ្លះដែលត្រូវមានទស្សនៈជារួមនៅក្នុងទស្សនៈជាតិ ពិសេសបញ្ហាអធិបតេយ្យជាតិ និងអធិបតេយ្យទឹកដី ត្រូវតែផ្អែកលើទស្សនៈរួមរបស់ជាតិ។

ចំពោះដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នានេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា វិធានការបន្ទាន់ គឺមានតែការអនុវត្តច្បាប់ដែលមានជាធរមានរបស់រដ្ឋ។ ជាមួយគ្នានេះ ជាដំណោះស្រាយរយៈពេលវែង ក្រសួងស្ថាប័នជំនាញ ត្រូវតែបកស្រាយ ពន្យល់ហើយពន្យល់ទៀត។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលត្រូវព្យាយាមជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទស្សនៈយល់ឃើញ តាមរយៈការជំរុញឱ្យពួកគាត់រៀនសូត្រអំពីប្រវត្តិសាស្ត្រជាតិ ចំណេះដឹងវិទ្យាសាស្ត្រនយោបាយ ស្វែងយល់អំពីទស្សនៈសង្គម ព្រោះប្រសិនបើអ្នកនយោបាយព្យាយាមបិទបាំង នៅពេលដែលមានបញ្ហានយោបាយកើតឡើង ប្រជាពលរដ្ឋច្បាស់ជានឹងបញ្ចេញទស្សនៈទាំងទទឹងទិស (ផ្ទុយពីបរិបទជាក់ស្ដែង) ដែលត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ជាការទទួលខុសត្រូវរបស់រដ្ឋអំណាច។ លោកបណ្ឌិតបានគូសបញ្ជាក់ថា «ព្រោះកន្លងទៅ រដ្ឋអំណាចយើង ចេះតែមានទស្សនៈផ្សេងគ្នា អារឿងរៀននយោបាយ និយាយនយោបាយហ្នឹង អញ្ចឹងនៅពេលមានបញ្ហាមក អ្នកជិតខាងយើងគេញុះថែម សង្គមយើងបែកបាក់ ដោយសារតែប្រជាពលរដ្ឋយើងអត់យល់អាហ្នឹង អញ្ចឹងគាត់បញ្ចេញទស្សនៈតាមការយល់ឃើញ តាមបែបអាណាធិបតេយ្យទៅវិញ មិនបានតម្កល់ផលប្រយោជន៍ជាតិទេ»។

លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គួរតែប្រកាន់ទស្សនៈរួមនៅលើបញ្ហាអធិបតេយ្យ ដោយលោកបានអំពាវនាវទាំងខ្មែរនៅក្រៅស្រុក ខ្មែរនៅក្នុងស្រុក ខ្មែរប្រឆាំងរដ្ឋាភិបាល ឬខ្មែរគាំទ្ររដ្ឋាភិបាលយ៉ាងណាក៏ដោយ ត្រូវតែមានទស្សនៈរួមនៅក្នុងបញ្ហាអធិបតេយ្យភាពនេះ ចៀសវាងការបញ្ចេញទស្សនៈនយោបាយដែលនាំទៅឈានដល់ការបែកបាក់ជាតិ ហើយធ្វើឱ្យបរទេសអាចកេងចំណេញទៅលើការបែកបាក់ជាតិខ្មែរនេះ៕

RAC Media

អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

  ថ្ងៃសុក្រ, 11 តុលា 2019 ម៉ោង 06:29 PM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

  ថ្ងៃចន្ទ, 07 តុលា 2019 ម៉ោង 09:40 PM
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A សិស្សពូកែ និងគ្រូបង្រៀនឆ្នើម ២៨៣នាក់នៅស្រុកត្រាំកក់

អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...

  ថ្ងៃព្រហស្បតិ៍, 03 តុលា 2019 ម៉ោង 06:44 PM
តើទឹកដោះគោតេជោសែនឫស្សីត្រឹបត្រូវបានបែងចែកទៅណាខ្លះ?

នៅក្នុងរយ:ពេល២០ថ្ងៃកន្លងទៅនេះសមិទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានយកមកចែករំលែកជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃជូនដល់កុមារនៅតាមសលានានា រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យ ចំនួន៦ សា...

  ថ្ងៃអាទិត្យ, 29 កញ្ញា 2019 ម៉ោង 10:19 AM
«ក្រុមការងារថ្នាក់ជាតិរាជបណ្ឌិត្យសភាកម្ពុជា ចុះកាន់បិណ្ឌវត្តមង្គលមានលក្ខណ៍និងវត្តសិរីដំណាក់»

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...

  ថ្ងៃសៅរ៍, 21 កញ្ញា 2019 ម៉ោង 09:48 PM
«របបរាជានិយមក្នុងសង្គមខ្មែរ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជាបើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្...

  ថ្ងៃសៅរ៍, 21 កញ្ញា 2019 ម៉ោង 12:26 PM

សេចក្តីប្រកាស