Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។
សម្រាប់ទស្សនៈយល់ឃើញរបស់បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែការលើកឡើងឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន ហាក់ដូចជាធ្វើឡើងទៅតាមការញុះញង់របស់អ្នកនយោបាយ មិនថាក្នុងឬក្រៅប្រទេស បរទេស ឬអ្នកនយោបាយកម្ពុជានោះទេ ដោយសារតែគ្មានមូលដ្ឋានច្បាស់លាស់។ នេះគឺជាអ្វីដែលគេត្រូវពិចារណាទាំងអស់គ្នា ព្រោះប្រជាពលរដ្ឋនៅក្នុងរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការបញ្ចេញទស្សនៈដើម្បីផលប្រយោជន៍ជាតិ ប៉ុន្តែទស្សនៈខ្លះ បែរជាបញ្ចេញទៅធ្វើឱ្យប្រទេសខាតបង់ផលប្រយោជន៍ទៅវិញ។
បើតាមលោកបណ្ឌិត ការបញ្ចេញទស្សនៈដែលមិនមានមូលដ្ឋានច្បាស់លាស់ មិនមានឯកសារផ្អែកច្បាស់លាស់ មិនយល់អំពីទិដ្ឋភាពនយោបាយនិងទិដ្ឋភាពច្បាប់ អាចនាំឱ្យសង្គមជាតិមានបញ្ហាផងដែរ ដោយសារតែការបញ្ចេញទស្សនៈកម្រិតនយោបាយខ្លះ ត្រូវបានអ្នកនយោបាយទាញប្រយោជន៍ពីការយល់ឃើញនោះ ដោយលាក់របៀបវារៈនយោបាយនៅពីក្រោយ ទាំងអ្នកនយោបាយក្នុងស្រុក អ្នកនយោបាយក្រៅស្រុក ក៏ដូចជាបរទេសដែលតែងតែមានគំនិតទុច្ចរឹតទៅលើនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា គេតែងតែរុញច្រានឱ្យខ្មែរបែកបាក់សង្គម ដើម្បីងាយស្រួលទាញប្រយោជន៍ពីការបែកបាក់នេះ។ នេះគឺជាមេរៀនប្រវត្តិសាស្ត្រដែលខ្មែរត្រូវតែពិនិត្យ និងចងចាំ ចៀសវាងបញ្ចេញមតិប្រឆាំងខ្មែរគ្នានៅគ្រប់រឿង គ្រប់ករណីនោះឡើយ។
លោកបណ្ឌិត យង់ ពៅបន្ថែមទៀតថា ប្រជាពលរដ្ឋគួរតែពិនិត្យពិចារណាថា តើបញ្ហាណាខ្លះដែលត្រូវមានទស្សនៈជារួមនៅក្នុងទស្សនៈជាតិ ពិសេសបញ្ហាអធិបតេយ្យជាតិ និងអធិបតេយ្យទឹកដី ត្រូវតែផ្អែកលើទស្សនៈរួមរបស់ជាតិ។
ចំពោះដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាខ្វែងគំនិតគ្នានេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា វិធានការបន្ទាន់ គឺមានតែការអនុវត្តច្បាប់ដែលមានជាធរមានរបស់រដ្ឋ។ ជាមួយគ្នានេះ ជាដំណោះស្រាយរយៈពេលវែង ក្រសួងស្ថាប័នជំនាញ ត្រូវតែបកស្រាយ ពន្យល់ហើយពន្យល់ទៀត។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលត្រូវព្យាយាមជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទស្សនៈយល់ឃើញ តាមរយៈការជំរុញឱ្យពួកគាត់រៀនសូត្រអំពីប្រវត្តិសាស្ត្រជាតិ ចំណេះដឹងវិទ្យាសាស្ត្រនយោបាយ ស្វែងយល់អំពីទស្សនៈសង្គម ព្រោះប្រសិនបើអ្នកនយោបាយព្យាយាមបិទបាំង នៅពេលដែលមានបញ្ហានយោបាយកើតឡើង ប្រជាពលរដ្ឋច្បាស់ជានឹងបញ្ចេញទស្សនៈទាំងទទឹងទិស (ផ្ទុយពីបរិបទជាក់ស្ដែង) ដែលត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ជាការទទួលខុសត្រូវរបស់រដ្ឋអំណាច។ លោកបណ្ឌិតបានគូសបញ្ជាក់ថា «ព្រោះកន្លងទៅ រដ្ឋអំណាចយើង ចេះតែមានទស្សនៈផ្សេងគ្នា អារឿងរៀននយោបាយ និយាយនយោបាយហ្នឹង អញ្ចឹងនៅពេលមានបញ្ហាមក អ្នកជិតខាងយើងគេញុះថែម សង្គមយើងបែកបាក់ ដោយសារតែប្រជាពលរដ្ឋយើងអត់យល់អាហ្នឹង អញ្ចឹងគាត់បញ្ចេញទស្សនៈតាមការយល់ឃើញ តាមបែបអាណាធិបតេយ្យទៅវិញ មិនបានតម្កល់ផលប្រយោជន៍ជាតិទេ»។
លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គួរតែប្រកាន់ទស្សនៈរួមនៅលើបញ្ហាអធិបតេយ្យ ដោយលោកបានអំពាវនាវទាំងខ្មែរនៅក្រៅស្រុក ខ្មែរនៅក្នុងស្រុក ខ្មែរប្រឆាំងរដ្ឋាភិបាល ឬខ្មែរគាំទ្ររដ្ឋាភិបាលយ៉ាងណាក៏ដោយ ត្រូវតែមានទស្សនៈរួមនៅក្នុងបញ្ហាអធិបតេយ្យភាពនេះ ចៀសវាងការបញ្ចេញទស្សនៈនយោបាយដែលនាំទៅឈានដល់ការបែកបាក់ជាតិ ហើយធ្វើឱ្យបរទេសអាចកេងចំណេញទៅលើការបែកបាក់ជាតិខ្មែរនេះ៕
RAC Media
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...