ព័ត៌មាន

អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងធ្វើឱ្យប្រទេសច្របូកច្របល់ ឬស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល

2024-08-13 06:47:25 ថ្ងៃអង្គារ, 13 សីហា 2024 ម៉ោង 01:47 PM
អ្នកមើល 417
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

ការឈោងចាប់យកអំណាចដឹកនាំរដ្ឋនៃបណ្ដាគណបក្សនយោបាយ ឬកម្លាំងនយោបាយនានានៅក្នុងប្រទេសប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើរបបនយោបាយ ប្រព័ន្ធច្បាប់ និងស្ថានភាពនយោបាយនិងសង្គមនៅក្នុងប្រទេសនីមួយៗ។ ទោះជាយ៉ាងណា បើគេក្រឡេកមើលបទពិសោធទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នកន្លងទៅថ្មីៗនេះ គេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន អ្នកនយោបាយនៃប្រទេសនោះ បានងាកទៅរកនិន្នាការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីក្រសោបយកអំណាចដឹកនាំរដ្ឋ ដែលប្រាស់ចាកពីគន្លងប្រជាធិតេយ្យ ដែលអ្នកនយោបាយអាចឈានទៅដឹកនាំប្រទេសអាស្រ័យលើការគាំទ្រពីពលរដ្ឋជាម្ចាស់អំណាច តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន។ សម្រាប់ប្រទេសកម្ពុជា បទពិសោធដ៏ជូរចត់បានបង្រៀនឱ្យយើងដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព និងការឯកភាពផ្ទៃក្នុងប្រទេសរវាងអ្នកនយោបាយ និងប្រជាពលរដ្ឋ ហើយការឈោងចាប់អំណាចដោយប្រើប្រាស់កម្លាំង មិនអានមានអត្ថិភាពយូរអង្វែងបាននោះទេ ហើយនេះមិនត្រឹមតែជាបទពិសោធប្រវត្តិសាស្ត្ររបស់កម្ពុជានោះទេ បទពិសោធថ្មីៗកន្លងទៅនោះ ក៏បានឆ្លុះបញ្ចាំងនៅក្នុងន័យដូចគ្នានេះដែរ។

អំពីបទពិសោធកម្ពុជា

បទពិសោធនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យយើងមើលឃើញយ៉ាងច្បាស់អំពី ផលវិបាកនៃ នយោបាយផ្ទៃក្នុង និងការប្រកួតប្រជែងមនោគមវិជ្ជារបស់មហាអំណាច ដែលបានរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ ទៅក្នុងសង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមស៊ីវិល ដែលប្រទេសកម្ពុជាបានឆ្លងកាត់អស់ជាង៣ទសវត្សរ៍រួចមកហើយ។ ការដណ្ដើមអំណាចដោយកម្លាំងយោធា ឬបដិវត្តន៍ បានបង្កនូវ ភយន្តរាយឥតឈប់ឈរដល់ប្រទេសនិងប្រជាជនកម្ពុជា បើទោះបីជាកម្លាំងនយោបាយមួយបានផ្ដួលរំលំរបបនយោបាយមួយទៀត ហើយឡើងគ្រប់គ្រងអំណាចបានក្ដី ក៏ប្រទេសកម្ពុជា ត្រូវរងនូវវិបាកនយោបាយនិងសង្គមដែលកាន់តែធ្ងន់ធ្ងរជាងមុនពីរបបមួយទៅរបបមួយ។ គេអាចកត់សម្គាល់បានថា ការទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលជាមេដឹកនាំកាន់អំណាចស្របច្បាប់របស់កម្ពុជា ពីតំណែងប្រមុខរដ្ឋ ហើយបង្កើតនូវរបបសាធារណរដ្ឋខ្មែរ គឺជាការចាប់ផ្ដើមមួយនៃទំព័រប្រវត្តិសាស្ត្រដ៏ស្រពិចស្រពិលសម្រាប់ជោគវាសនាប្រទេស និងប្រជាជនកម្ពុជា ហើយនេះក៏ជាឧទាហរណ៍ជាក់ស្ដែង ដែលកម្ពុជាបានជួបប្រទះផ្ទាល់ដែលអាចឆ្លុះបញ្ចាំងឱ្យអ្នកជំនាន់ក្រោយ មើលឃើញពីផលវិបាកជាវិជ្ជមាននៃការផ្លាស់ប្ដូរអំណាចតាមរយៈវិធីសាស្ត្រដែលប្រាសចាកពីប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា នៅបន្ទាប់ពីការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ រដ្ឋាភិបាលរបបសាធារណរដ្ឋខ្មែរ មិនអាចគ្រប់គ្រងប្រទេសជាតិដោយរក្សាបាននូវស្ថិរភាពនយោបាយ និងសន្តិភាពយូរអង្វែងនោះទេ ហើយការដណ្ដើមយកអំណាចតាមរយៈការផ្ដួលរំលំរបបដឹកនាំចាស់នេះ បានក្លាយជាគំរូមួយសម្រាប់កម្លាំងនយោបាយមួយផ្សេងទៀត ដើម្បីឈានទៅកាន់កាប់អំណាចរដ្ឋ ដែលនោះគឺក្រុមកុម្មុយនីស្តខ្មែរ ដែលសម្ដេចព្រះនរោត្ដម សីហនុ ហៅថា ខ្មែរក្រហម ដែលក្រោយមកបានបង្កើតទៅជារបបប្រល័យមនុស្សជាតិ ហើយបង្កើតនូវទំព័រដ៏ខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ បទពិសោធក្នុងប្រវត្តិសាស្ត្រខ្មែរទាំងនេះ បានបង្ហាញឱ្យយើងបានយល់ដឹងយ៉ាងច្បាស់ថា អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងធ្វើឱ្យប្រទេសច្របូកច្របល់ រហូតដល់ឈានទៅដល់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសទៀតផង។

អំពីបទពិសោធអន្តរជាតិ

គេពិតជាអាចនៅចងចាំបាន អំពីចរន្តបដិវត្តន៍ពណ៌នៅបណ្ដាប្រទេសនៅមជ្ឈិមបូព៌ានាពេលកន្លងទៅប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាបដិវត្តពណ៌ ចលនាមហាជនទម្លាក់រដ្ឋាភិបាល លោក ប៊ិន អាលី នៅក្នុងប្រទេសទុយនេស៊ី បដិវត្តពណ៌និងអន្តរាគមន៍យោធាពីសំណាក់បស្ចិមលោក ផ្តួលរំលំរបបដឹកនាំរបស់លោក ម៉ូអាម៉ា ហ្កាដាហ្វី ដែលសុទ្ធសឹងជាមេដឹកនាំកំពុងកាន់អំណាចរបស់ប្រទេសទាំងនេះ ហើយបានរៀបចំបង្កើតរដ្ឋាភិបាលកណ្ដាលមួយដែលត្រូវគ្រប់គ្រងប្រទេសជាតិ ប៉ុន្តែជាក់ស្ដែង រហូតមកដល់បច្ចុប្បន្ន ប្រទេសទាំងនេះ នៅពុំទាន់អាចស្ដារស្ថានភាពសង្គម និងសេដ្ឋកិច្ច ឱ្យមានស្ថិរភាព និងវឌ្ឍនភាពដូចកាលពីមុនបដិវត្តន៍បាននៅឡើយនោះទេ។ នោះក៏ដោយសារតែការផ្លាស់ប្ដូររបបដឹកនាំនៃប្រទេសទាំងនេះ មិនអនុលោមទៅតាមច្បាប់ និងមិនស្របទៅតាមឆន្ទៈនិងការចង់របស់ប្រជាជនភាគច្រើននៃប្រទេសនោះ ពោលគឺការប្រើប្រាស់កម្លាំងបាយនៅក្នុងការក្រសោបយកអំណាចដឹកនាំរដ្ឋ។ ព្រឹត្តិការណ៍អន្តរជាតិដែលទើបនឹងកើតឡើងថ្មីៗនេះគឺជាចំណុច ដែលអ្នកនយោបាយនិងប្រជាពលរដ្ឋខ្មែរគួរតែពិនិត្យនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងយកធ្វើជាបទពិសោធ ដើម្បីបញ្ចៀសប្រទេសជាតិឱ្យចេញផុតពីហន្តរាយដូចបណ្ដាប្រទេសទាំងនោះ។

បញ្ហានៅបង់ក្លាដែសថ្មីៗនេះ

សម្រាប់ករណីប្រទេសបង់ក្លាដែស ដែលអ្នកនយោបាយប្រឆាំងខ្មែរ បានសម្លឹងមើលឃើញ និងមានបំណងយកធ្វើជាគំរូតាម ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះ យើងឃើញថា ថ្វីដ្បិតតែបញ្ហាគឺកើតចេញពីផ្ទៃក្នុងរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែបានបង្កជាកំហឹងនិងការប្រឆាំង តាមរយៈការបំផុសបំផុលចលនាមហាជន និងជំរុញឱ្យកងកម្លាំងទម្លាក់រដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់វិធីសាស្ត្រប្រកបដោយអំពើហិង្សា។ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលបច្ចុប្បន្នហើយ កងកម្លាំងបង់ក្លាដែសនឹងក្ដោបក្រសោបយកអំណាចឡើងវិញ នៅក្នុងក្រោមរូបភាពរក្សាស្ថិរភាពសង្គម ដូច្នេះហើយប្រជាធិបតេយ្យ ដែលប្រជាជនបង់ក្លាដែសចង់បាន អាចនឹងត្រូវរង់ចាំក្នុងពេលដ៏យូរបន្ថែមទៀត ឬក៏ក្នុងករណីខ្លះមិនអាចកើតឡើងមានតែម្តង។ ជាលទ្ធផល ប្រទេសនេះនឹងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយយូរអង្វែងមួយ ហើយបង់ក្លាដែសក៏អាចនឹងប្រឈមនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយពីសំណាក់មហាអំណាច ដោយនឹងជ្រៀតជ្រែកចូលក្នុងវិបត្តិផ្ទៃក្នុងប្រទេសនេះ ដែលនាំមកនូវបញ្ហាកាន់តែស្មុគ្រស្មាញបន្ថែមទៀត។

ចំពោះករណីការបំផុសចលនានយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ក្រោយការបំផុសបាតុកម្មប្រឆាំងនឹងគម្រោងផ្ដល់កូតាក្របខ័ណ្ឌមន្ត្រីរាជការ ដល់កូនចៅមន្ត្រីធំៗដែលធ្លាប់បានតស៊ូនៅក្នុងចលនាទាមទារឯករាជ្យ ពីសំណាក់ក្រុមប្រឆាំងនៅបង់ក្លាដែស ក្រុមចលនានយោបាយដែលជាអតីតអ្នកនយោបាយប្រឆាំងខ្មែរមួយចំនួន ក៏បានបំផុសចរន្តជាតិនិយមជ្រុល ដើម្បីបង្កើតចលនាប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយការបំផុសបំផុលនេះ ក្រុមចលនាប្រឆាំងហាក់ប្រើប្រាស់នៅខុសបរិបទ ព្រោះមិនយល់អំពីស្ថានភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ ចេតនារបស់ក្រុមចលនានយោបាយទាំងនេះ ធ្វើឡើងដោយមានបង្កប់នូវរបៀបវារៈនយោបាយរបស់ខ្លួននៅពីក្រោយការប្រកាសអំពីភាពជាតិនិយមរបស់ខ្លួន ពោលគឺដើម្បីចង់បានអំណាច និងផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ដាច់ខាតពិតជាមិនអាចបណ្ដោយឱ្យស្ថានការណ៍សង្គមធ្លាក់ចុះដុនដាប ដោយសារតែការបំផុសបំផុល និងបំភ័ន្តសាធារណៈមតិជាតិនេះឡើយ ហើយដើម្បីបញ្ចៀសឱ្យបាននូវបញ្ហាឈានដល់ដំណាក់កាលទុំជោរ ហួសពេលវេលានោះ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ និងទទួលបានការគាំទ្រដ៏លើសលុបពីសំណាក់ប្រជាពលរដ្ឋខ្មែរនោះ ត្រូវតែចាត់វិធានការឆ្លើយតបឱ្យបានមុតមាំ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវតែការពារនិងថែរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់សង្គម សុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម បញ្ចៀសឱ្យបាននូវភាពចលាចលដែលបង្កឡើងដោយក្រុមនយោបាយប្រឆាំង ដែលយកស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋមួយចំនួនដើម្បីបង្កើតទៅជាចលនាជ្រុលនិយម ផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងដែលអាចឈានទៅការធ្វើបដិវត្តន៍ពណ៌ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ នៅក្នុងការប្រើប្រាស់សិទ្ធិនិងអំណាចរបស់ខ្លួនស្របតាមច្បាប់ដែលមានជាធរមាន ពិសេសគឺការការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ការពារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការពារឱ្យបាននូវសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនត្រូវអនុញ្ញាតឱ្យក្រុមជ្រុលនិយមមួយក្ដាប់តូចបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមដែលកម្ពុជាសម្រេចនិងកសាងបានរហូតមកដល់បច្ចុប្បន្ននេះឡើយ។ ជាការពិតណាស់ សិទ្ធិសេរីភាពនៅក្នុងការសម្ដែងមតិនិងការតវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យពិតត្រូវតែធានាឱ្យបាន ប៉ុន្តែការប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលបង្កការប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពនយោបាយនិងការអភិវឌ្ឍ គឺជាអំពើខុសច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការ និងធានាឱ្យបាននូវការការពារស្ថិរភាព សុវត្ថិភាព និងសន្តិភាពជូនប្រជាជន និងសង្គម។

បន្ថែមពីលើនេះ ទាំងអ្នកនយោបាយក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងចង់មើលឃើញការអភិវឌ្ឍប្រទេសជាតិប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ គប្បីស្វែងយល់អំពីការពិតជាក់ស្ដែងដែលកើតមានឡើងនៅក្នុងសង្គម ចៀសវាងលង់ជឿនិងដើរតាមការបំផុសបំផុលរបស់ក្រុមចលនានយោបាយប្រឆាំងនៅក្រៅប្រទេស ហើយដុតរោលបញ្ហាដោយគ្មានការពិចារណា។ យុវជននិងប្រជាពលរដ្ឋទាំងអស់ គួរតែបន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យក្លាយទៅជាមូលធនមនុស្ស ដើម្បីចូលរួមចំណែកនៅក្នុងការកសាងសង្គមជាតិ ឱ្យក្លាយទៅជាអារ្យប្រទេស ក្នុងគោលបំណងប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក ដែលកំពុងមានវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមជាលំដាប់ ជាជាងការដុតរោលបញ្ហាផ្ទៃក្នុង ហែកហួរជាតិសាសន៍ខ្លួនឯង ដែលជាការផ្ដល់ឱកាសឱ្យបរទេស អាចលូកលាន់ចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចដែលពួកគេបានធ្វើនៅក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមក៕

RAC Media

អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្លូវការហើយ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦...

  ថ្ងៃព្រហស្បតិ៍, 02 មករា 2020 ម៉ោង 11:11 AM
Vietnam Predicts The Future!

Vietnam became a full member of ASEAN on 28 July 1995. Vietnam’s accession to the various ASEAN agreements demonstrates her commitment to economic cooperation in the region, to the opening up of her...

  ថ្ងៃពុធ, 01 មករា 2020 ម៉ោង 09:28 PM
ហេតុអ្វីសិក្សាវិទ្យាសាស្ត្រនយោបាយ?

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល...

  ថ្ងៃអង្គារ, 31 ធ្នូ 2019 ម៉ោង 06:04 PM
សារជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...

  ថ្ងៃអង្គារ, 31 ធ្នូ 2019 ម៉ោង 11:23 AM
ប្រវត្តិទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដោយ៖ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស...

  ថ្ងៃចន្ទ, 30 ធ្នូ 2019 ម៉ោង 10:41 AM
«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណង...

  ថ្ងៃចន្ទ, 30 ធ្នូ 2019 ម៉ោង 10:05 AM

សេចក្តីប្រកាស