Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្ដីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចសន្ទនា ស្ដីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ត្រូវបានរៀបចំឡើងដោយមានការសហការពីអគ្គស្ថានីយ៍និងទូរទស្សន៍មជ្ឈិមចិន និងទទួលបានការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចសន្ទនានារសៀលនេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់៖
- ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
- ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
- កញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្ដមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន
- លោក សយ សុភាព ប្រធានសមាគមអ្នកសែត កម្ពុជា-ចិន
ថ្លែងតាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិននីតិកាលទី២០ ដែលទើបបញ្ចប់ទៅដោយជោគជ័យនៅរដ្ឋធានីប៉េកាំង គឺជាជំហាននៃយុគសម័យថ្មី ដែលទំនើបកម្មបែបផែនចិន។ ឯកឧត្ដមបានលើកឡើងអំពីប្រសាសន៍ឯកឧត្ដម ស៊ី ជីនពីង ដែលលើកឡើងថា កំណែទម្រង់និងការបើកទូលាយ ដែលជាបដិវត្តន៍ទី២របស់ចិន មិនត្រឹមតែបានកែប្រែប្រទេសចិនទេ តែក៏បានជះឥទ្ធិពលជ្រាលជ្រៅដល់ពិភពលោកផងដែរ។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិននៅក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិន ជំរុញគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកការធ្វើទំនើបកម្មនិងប្រព័ន្ធសង្គមកាន់តែល្អរបស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មីដល់គ្រប់ប្រទេសទាំងអស់។
នៅក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ ឯកឧត្ដម WANG Wenbin បានបង្ហាញសេចក្ដីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនានាឱកាសនេះ ដែលឯកឧត្ដមបានជួបនឹងបញ្ញវន្តនិងអ្នកសារព័ត៌មានកម្ពុជា ដើម្បីចែករំលែកព័ត៌មានដ៏អស្ចារ្យនៃកំណែទម្រង់របស់សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា នៅក្រោយប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិននីតិកាលទី២០ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រទេសចិន។ ឯកឧត្ដមបានលើកឡើងនូវប្រវត្តិនៃកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាពេលកន្លងមក និងកិច្ចប្រជុំពេញអង្គនៃបក្សកុម្មុយនីស្តចិននាខែកក្កដាថ្មីៗនេះថា គឺជាបង្អួចសំខាន់មួយសម្រាប់បរទេសដែលអាចស្វែងយល់ពីប្រទេសចិន ដែលបើកចំហរ ហើយគេពិតជាបានមើលឃើញប្រទេសចិន នៅក្នុងវឌ្ឍនភាពថ្មី ការចាត់ចែងការងារដោយផ្ទាល់ និងជំរុញដោយផ្ទាល់ ហើយសម្រេចបានដោយជោគជ័យលើកំណែទម្រង់គ្រប់វិស័យ សម្រាប់ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ជាប្រព័ន្ធ និងជារួម។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងក្នុងឱកាសបើវេទិកាកិច្ចសន្ទនានេះថា កម្ពុជា-ចិន បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង២ពាន់ឆ្នាំកន្លេងទៅហើយ ហើយភស្តុតាងដែលជាសាក្ខីភាពនេះគឺ ចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលគូសបញ្ជាក់អំពីវត្តមានចិននៅកម្ពុជា ពិសេសអ្នកការទូតចិនគឺលោក ជីវ តាក្វាន់ ដែលអ្នកបានកត់ត្រានូវប្រវត្តិសាស្ត្រនិងស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរ ពិសេសនៅក្នុងសម័យអង្គរ ហើយស្នាដៃរបស់លោក ក៏បានក្លាយជាឯកសារដ៏សំខាន់មួយបន្ថែមទៀត នៅក្នុងការសិក្សាប្រវត្តិសាស្ត្រខ្មែរផងដែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា កម្ពុជានិងចិនអាចពង្រឹងទំនាក់ទំនងនឹងគ្នាតាមរយៈវិស័យទេសចរណ៍ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយចិននឹងផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ពិសេសទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ដ៏ចំណាស់មួយនៅអាស៊ីអាគ្នេយ៍។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានបានជំរុញឱ្យភាគីទាំងពីរ កម្ពុជា-ចិន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដោយឯកឧត្ដមបានថ្លែងសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាជនទាំងពីរ កម្ពុជា-ចិន និងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន គឺជាយន្តការដ៏សំខាន់នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន៕ RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ា...
កាលពីរសៀល ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា ដោយអនុម័តបានច...
ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្...
នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដ...
កាលពីរសៀល ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការភាសាវិទ្យា ដោយអនុម័តប...