ព័ត៌មាន

យុត្តិធម៌សង្គមនៅក្នុងដំណើរការប្រជាធិបតេយ្យ

2024-08-09 12:27:25 ថ្ងៃសុក្រ, 09 សីហា 2024 ម៉ោង 07:27 PM
អ្នកមើល 5131
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

យុត្តិធម៌សង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះអត្ថន័យចម្បងនៅក្នុងគោលគំនិតទាំងពីរមានមូលដ្ឋាននៅលើសមភាព យុត្តិធម៌ និងសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ យុត្តិធម៌សង្គម គឺជាការធានាឱ្យបានថា ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមទទួលបានសិទ្ធិ និងឱកាសនៅក្នុងការចូលរួមឬការទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ច នយោបាយ និងសង្គម ដោយមិនផ្អែកលើកត្តាផ្សេងៗដូចជា ភេទ សាសនា ពណ៌សម្បុរ ជាតិពន្ធុ ស្ថានភាពសង្គមឬសេដ្ឋកិច្ច ភាពខុសគ្នាខាងទស្សនៈ និងនិន្នាការនយោបាយជាដើម។ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិនៅក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីរួមចំណែកជំរុញវឌ្ឍនភាពប្រទេសជាតិ ក្នុងគោលដៅធានាបាននូវការអភិវឌ្ឍដោយចីរភាព និងប្រកបដោយថាមវន្ត។

នៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋជាម្ចាស់អំណាច និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរបស់ពួកគេឱ្យដឹកនាំស្ថាប័ននយោបាយរបស់ជាតិ ដែលមានតួនាទីកំណត់គោលនយោបាយ អនុម័តនិងអនុវត្តច្បាប់ និងចាត់ចែងអនុវត្តមុខងារសាធារណៈនានា ក្នុងគោលដៅជំរុញវឌ្ឍនភាពសង្គមជាតិ និងធានាការពារនូវផលប្រយោជន៍ទាំងឡាយរបស់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ដូច្នេះ ការគាំទ្រពីប្រជាពលរដ្ឋគឺជាដើមទុននយោបាយដ៏សំខាន់និងចាំបាច់បំផុត សម្រាប់អ្នកនយោបាយ ដើម្បីឈានឆ្ពោះទៅកាន់អំណាច ដែលត្រង់ចំណុចនេះ មេដឹកនាំត្រូវតែធានាឱ្យបាននូវការគាំទ្រជាទូទៅ ពីប្រជាពលរដ្ឋតាមរយៈការបំពេញតម្រូវការចម្បងៗរបស់ពលរដ្ឋ ដែលក្នុងនោះ យុត្តិធម៌សង្គម គឺជាផ្នែកមួយនៃតម្រូវការចាំបាច់របស់សាធារណជន។

ថ្វីដ្បិតតែយុត្តិធម៌សង្គម ពិតជាមានសារៈសំខាន់សម្រាប់ដំណើរការប្រជាធិបតេយ្យ ប៉ុន្តែនៅក្នុងប្រទេសប្រជាធិបតេយ្យជាច្រើន ពិសេសប្រទេសដែលទើបបានផ្លាស់ប្ដូរពីរបបសង្គមនិយម និងប្រទេសដែលទើបងើបចេញពីសង្គ្រាមញាំញី បញ្ហាយុត្តិធម៌សង្គមនៅតែជាប្រធានបទដែលមិនទាន់អាចដោះស្រាយបានពេញលេញនៅឡើយ។ គេសង្កេតឃើញមានហេតុផលជាច្រើន ដែលបង្កជាឧបសគ្គនៅក្នុងការដោះស្រាយបញ្ហាយុត្តិធម៌សង្គម ដូចជា ចន្លោះប្រហោងនៃការអនុវត្តច្បាប់ ការប្រមូលផ្ដុំអំណាចរបស់មេដឹកនាំ អំពើពុករលួយបក្ខពួកនិយម ការរើសអើង (ជាតិសាសន៍ ភេទ សាសនា ឬនិន្នាការ) គម្លាតសង្គមខ្លាំង ក៏ដូចជាកង្វះធនធាននិងយន្តការអនុវត្តជាដើម។

ការដោះស្រាយបញ្ហាយុត្តិធម៌សង្គម គឺជាការដោះស្រាយវិសមភាពដែលមានលក្ខណៈជាប្រព័ន្ធ និងការធានាឱ្យបានថា ប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងចូលរួមជាមតិយោបល់ នៅក្នុងសេចក្ដីសម្រេចចិត្តនានា ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

នៅក្នុងការជំរុញយុត្តិធម៌សង្គម ការបែងចែកធនធានរបស់ជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព និងគណនេយ្យភាព គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋគ្រប់រូបនិងនៅគ្រប់ទីកន្លែង អាចទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍសង្គម (ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង) ហើយធនធានរបស់ជាតិទាំងនោះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ជៀសវាងបាននូវការចំណាយដ៏លើសលុប ប៉ុន្តែទទួលបានលទ្ធផលដ៏តិចតួចស្ដួចស្ដើង។ ដើម្បីសម្រេចបាននូវគោលដៅនេះ គេត្រូវបើកទូលាយចំពោះការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្រសួងស្ថាប័នដែលមានសមត្ថកិច្ច សង្គមស៊ីវិល ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ សាធារណជន ឬនៅក្នុងករណីខ្លះទាមទារឱ្យមានការចូលរួមពីសំណាក់វិស័យឯកជនផងដែរ។

ជាមួយគ្នានេះ ដោយយុត្តិធម៌សង្គមផ្ដោតទៅលើការដែលប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមត្រូវទទួលបានសិទ្ធិ និងឱកាសដូចគ្នា រដ្ឋត្រូវតែពិនិត្យមើលនិងកែតម្រូវស្ថានភាពនៅក្នុងការអនុវត្តទាំងឡាយកន្លងមក ដែលរាប់ចាប់តាំងពីគោលនយោបាយថ្នាក់ជាតិ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ គោលការណ៍អនុវត្ត និងមូលដ្ឋាននៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តទាំងឡាយណាដែលមានលក្ខណៈលម្អៀងឬរើសអើង ឬដែលពុំបានរាប់បញ្ចូលនូវក្រុមគោលដៅ (ក្រុមប្រជាពលរដ្ឋ) ណាមួយ ដែលកំពុងមានអត្ថិភាពក្នុងប្រទេស។

បន្ថែមពីលើនេះ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺជាយន្តការសំខាន់មួយទៀត នៅក្នុងការជំរុញយុត្តិធម៌សង្គម ព្រោះអំពើពុករលួយ គឺជាដើមហេតុមួយដែលនាំទៅដល់ការអនុវត្តមិនស្មើភាព ការរើសអើង ការបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋឬក្រុមគោលដៅនៃការអភិវឌ្ឍ ការជ្រើសរើសមន្ត្រីរដ្ឋការដែលខ្វះសមត្ថភាពបំពេញការងារ បង្អាក់ការចូលរួមរបស់ពលរដ្ឋ បំផ្លាញនីតិរដ្ឋ និងបង្កផលប៉ះពាល់ជាច្រើនទៀតដល់ថវិកា ទ្រព្យសម្បត្តិរដ្ឋ ធនធានធម្មជាតិនិងបរិស្ថានជាដើម។

លើសពីនេះ នៅក្នុងការធានាឱ្យបាននូវយុត្តិធម៌សង្គម គេត្រូវតែជំរុញឱ្យបានមុតមាំ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ ស្មើភាព និងគ្មានការលើកលែងណាដែលខុសពីខ្លឹមសារមានចែងនៅក្នុងច្បាប់ជាធរមាន។ ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់ គឺជាការចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការធានាឱ្យបាននូវយុត្តិធម៌សង្គម ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន។ ការធានាបានដូចនេះ នឹងបង្ការបាននូវចរន្តផ្ទុះកំហឹងឈឺចាប់ចំពោះសង្គមនិងអ្នកដឹកនាំ ដែលជួនកាលចរន្តនេះអាចនឹងបង្កគ្រោះថ្នាក់ចំពោះសង្គមនិងអ្នកដឹកនាំផ្ទាល់ នៅពេលណាដែលការជិះជាន់ ឬរំលោភបំពានពីអ្នកមានអំណាចឬអ្នកមានទ្រពសម្បត្តិទៅលើប្រជាជន កើតមានកាន់តែខ្លាំងឡើងជាលំដាប់ និងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋកាន់តែច្រើនជាបន្តបន្ទាប់ ដោយគ្មានការចាត់វិធានការច្បាប់ដើម្បីបញ្ឈប់ការជិះជាន់ឬរំលោភបំពានទាំងនោះទេ។ ដូចពាក្យស្លោកមួយឃ្លាដែលលើកឡើងថា “ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស”។ ប្រសិនបើភាពអយុត្តិធម៌សង្គមដែលកើតឡើងពីការអនុវត្តច្បាប់មិនស្មើភាព ឬដោយការរើសអើងកើតមានកាន់តែច្រើន រហូតដល់ចរន្តប្រឆាំងនឹងរដ្ឋាភិបាល ឬរដ្ឋអំណាចរីកធំឡើង សង្គមជាតិនោះអាចនឹងប្រឈមនឹងចលាចលគ្មានសណ្ដាប់ធ្នាប់ ហើយប្រជាធិបតេយ្យនឹងប្រឈមការបាត់បង់អត្ថិភាពរបស់ខ្លួនពីក្នុងប្រទេសជាតិនោះជាក់ជាមិនខាន ដែលបទពិសោធនេះកើតមានឡើងទាំងក្នុងប្រវត្តិសាស្ត្រ និងនាពេលថ្មីៗកន្លងទៅនេះ នៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក។ ហេតុនេះហើយ គេត្រូវតែធានាឱ្យបានថា ច្បាប់គឺជាម៉ែត្រវាស់ និងជាពិដានដែលបុគ្គលគ្រប់រូបក្នុងសង្គមត្រូវស្ថិតនៅក្រោមវិធាននៃច្បាប់ ដោយផ្ដល់លទ្ធភាពឱ្យពលរដ្ឋគ្រប់រូបអាចពឹងពាក់លើច្បាប់ដើម្បីដោះស្រាយ ជាជាងការប្រើប្រាស់សកម្មភាពមិនស្របច្បាប់ផ្សេងៗដើម្បីដោះស្រាយ ឬទាមទាររកយុត្តិធម៌។

នៅក្នុងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គមអាចត្រូវបានធានាតាមរយៈ៖

- ការបោះឆ្នោតជ្រើសតាំងតំណាងដោយសេរី និងយុត្តិធម៌៖ ធានាថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបោះឆ្នោត និងចូលរួមក្នុងដំណើរការនយោបាយ។

- ការពង្រឹងនីតិរដ្ឋ និងសមភាពនៅចំពោះមុខច្បាប់៖ ធានាថាច្បាប់ត្រូវបានអនុវត្តដោយស្មើភាព និងមិនលំអៀងចំពោះមនុស្សគ្រប់រូប ហើយពលរដ្ឋគ្រប់រូបត្រូវទទួលបានការការពារពីច្បាប់ដែលមានលក្ខណៈទូទៅមិនចំពោះ (ការអនុវត្តច្បាប់ស្តង់ដាតែមួយ)។

- ការធានានូវការទទួលបានយុត្តិធម៌៖ ពលរដ្ឋមានសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ ហើយគេត្រូវផ្ដល់ការគាំទ្រដល់ពលរដ្ឋ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការស្វែងរកសេវាផ្លូវច្បាប់ឯកជន ដើម្បីធានាឱ្យបាននូវសិទ្ធិទទួលបានស្មើភាពគ្នាក្នុងប្រព័ន្ធយុត្តិធម៌។

- ប្រព័ន្ធគាំពារសង្គម៖ រដ្ឋត្រូវផ្តល់កម្មវិធី និងសេវាកម្មដែលគាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដូចជាការថែទាំសុខភាព ការអប់រំ និងជំនួយសង្គមផ្សេងៗ ពិសេសសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ។

- ការប្រយុទ្ធប្រឆាំងនឹងការរើសអើង៖ រដ្ឋត្រូវការពារបុគ្គលគ្រប់រូបពីការរើសអើងដោយផ្អែកលើកត្តាផ្សេងៗដូចជាជាតិសាសន៍ ភេទ សាសនា ឬនិន្នាការ។

- ការអប់រំ និងបញ្ជ្រាសការយល់ដឹងជាសាធារណៈ៖ ជំរុញការយល់ដឹង និងការគាំទ្រចំពោះគោលការណ៍យុត្តិធម៌សង្គម។

ជារួម យុត្តិធម៌សង្គមគឺជាចំណែកដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាឱ្យបាននូវយុត្តិធម៌សង្គមនៅក្នុងប្រទេសជាតិមួយ ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ អ្នកនយោបាយ សង្គមស៊ីវិល និងរដ្ឋាភិបាល។ ការកំណត់អំពីបញ្ហាប្រឈមដែលកំពុងកើតមាន និងការបង្កើតឱ្យមានការជជែកពិភាក្សា គឺជាយន្តការដ៏ប្រសើរមួយ ដើម្បីឈានទៅជំរុញសម្រេចឱ្យបាននូវយុត្តិធម៌សង្គមនៅក្នុងសង្គមប្រជាធិបតេយ្យ។ នៅក្នុងការធានាឱ្យបាននូវយុត្តិធម៌សង្គម គេត្រូវផ្ដោតទៅលើការសម្រេចឱ្យបាននូវគោលការណ៍ទូទៅមិនចំពោះ គ្មានការរើសអើង ការបើកទូលាយខាងសិទ្ធិនិងសេរីភាពរបស់បុគ្គល ការគិតគូរផលប្រយោជន៍រួមរបស់សង្គម និងការជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ជាដើម៕

(រាល់ទស្សនៈខាងលើ គឺជាការយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជានោះឡើយ)

អត្ថបទទាក់ទង

«ក្រុមប្រឹក្សាជាតិភាសាខ្មែរស្នើឱ្យសរសេរឈ្មោះខេត្ត និងទីតាំងនានាជាអក្សរឡាតាំងឱ្យមានការឯកភាព»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោ...

2020-08-13 10:18:38   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 05:18 PM
Meaning of Cambodia-China Free Trade Agreement for Cambodian Farmers By: Seun Sam

Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...

2020-08-13 09:36:25   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 04:36 PM
Still Cambodians Go Abroad for Health Check-Up During the Covid 19? By: Seun Sam

Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....

2020-08-13 09:28:31   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 04:28 PM
តើនរណាជាទស្សនវិទូ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-10 10:07:56   ថ្ងៃចន្ទ, 10 សីហា 2020 ម៉ោង 05:07 PM
«ជំនួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្...

2020-08-06 10:41:06   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 05:41 PM
តើវប្បធម៌មានតែចំពោះមនុស្សឬ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-06 07:47:46   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស