ព័ត៌មាន

បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

2024-08-03 00:48:12 ថ្ងៃសៅរ៍, 03 សីហា 2024 ម៉ោង 07:48 AM
អ្នកមើល 4581
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។

នៅក្នុងបទបង្ហាញនាឱកាសនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងអំពីវឌ្ឍនភាពសេដ្ឋកិច្ច ក្រោយការបោះបង្គោលព្រំដែន ដែលរួមមានប្រាក់ចំណូល ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍសង្គមនៅក្នុងបណ្ដាខេត្តទាំង៤របស់កម្ពុជាគឺ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

ឯកឧត្ដមបណ្ឌិត បានលើកឡើងអំពីកំណើនប្រាក់ចំណូលមធ្យមនៃប្រជាជនខេត្តក្រចេះ ដែលបានកើនពី ១ ២០៣,៥០ ដុល្លារសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០១៧ ដល់១៤៥៣,៥៩ដុល្លារសហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០២៣ ខណៈដែលចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានកើនឡើងពី ១ ៣១៧ដុល្លារសហរដ្ឋអាម៉េរិក ដល់ ១៦៧៩,៥៨ដុល្លារសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៣។ ចំណែកឯ ចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីកើនដល់ ២ ២៤៥,៦១ដុល្លារសហរដ្ឋអាម៉េរិក និងចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីកើនដល់ ១ ៥២១,៤០ដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០២៣។

បន្ថែមពីនេះ ការវិនិយោគនៅក្នុងខេត្តទាំង៤ ដែលមាន ១០៥គម្រោងវិនិយោគ ស្មើនឹងទឹកប្រាក់ ៣ ៧៤៥ លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានការវិនិយោគពីវៀតណាម កម្ពុជា ចិន ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី អាម៉េរិក អង់គ្លេស សិង្ហបុរី និងកូរ៉េ។ នេះជាការកត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តឡើងថា សម្រាប់វិស័យពាណិជ្ជកម្មនៅក្នុងខេត្តទាំង៤នេះ កម្ពុជាមានច្រកអន្តរជាតិ អូរយ៉ាដាវ ខាងព្រំដែនវៀតណាម និង ច្រកត្រពាំងក្រៀល ខាងព្រំដែនឡាវ ព្រមទាំងច្រកទ្វាទ្វេភាគីផ្សេងទៀត ជាច្រកទ្វាពាណិជ្ជកម្មដែលប្រើប្រាស់សម្រាប់នាំទំនិញកម្ពុជា ជាពិសេសកសិផលដែលផលិតនៅក្នុងតំបន់ត្រីកោណចេញទៅប្រទេសវៀតណាម ដោយសារប្រទេសវៀតណាមជាទីផ្សារដ៏ធំរបស់កម្ពុជា។ ការនាំចូលទំនិញពីវៀតណាមមកវិញតាមច្រកនេះ គឺជាការនាំចូលទំនិញសម្រាប់តែប្រើប្រាស់ក្នុងតំបន់ប៉ុណ្ណោះ(ព្រោះប្រជាជនខ្មែរនៅតំបន់នេះមានតិច) ប្រសិនបើគេប្រើច្រកនេះសម្រាប់នាំទំនិញមកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា គឺមិនអាចទៅរួចទេ ដោយសារតែថ្លៃនៃការដឹកជញ្ជូនខ្ពស់ ហើយនៅឆ្ងាយពីរាជធានីភ្នំពេញនិងតំបន់ដែលមានប្រជាជនរស់នៅច្រើន បើធៀបនឹងច្រកផ្សេងទៀតនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ដូចជាច្រកអន្តរជាតិបាវិតជាដើម។ ចំណែកឯប្រទេសកម្ពុជា ការដាំដំណាំនិងនាំទំនិញចេញទៅក្រៅប្រទេស ត្រូវពឹងផ្អែកលើច្រកនេះជាខ្លាំង ដោយសារតែជាច្រកនាំចេញទៅកំពង់ផែវៀតណាម ដែលមានផលចំណេញជាងបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោកមកកាន់កំពង់ផែកម្ពុជា។

លើសពីនេះ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងវៀតណាម ស្មើនឹង ៧៦,១៦%នៃពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងអាស៊ាន ខណៈដែល ពាណិជ្ជកម្មរវាងកម្ពុជាជាមួយឡាវ ស្មើនឹង ១,៣១%ប៉ុណ្ណោះធៀបនឹងពាណិជ្ជកម្មជាមួយនឹងអាស៊ាន៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាទទួលបានជោគជ័យ៣ចំណុចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាស​អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រ...

2022-12-21 08:32:21   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:32 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្...

2022-12-21 08:16:36   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:16 PM
រាជបណ្ឌិត្យសភាកម្ពុជា គ្រោងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា ជាមួយសាលាខេត្តបាត់ដំបង លើការអភិវឌ្ឍនិងការកែប្រែសំណល់ទៅជាថាមពលនៅខេត្តបាត់ដំបង។

នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារស្រាវជ្រាវ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...

2022-12-20 08:12:15   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 03:12 PM
លោក Futoshi NISHIMOTO៖ កិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអាស៊ានជប៉ុនលើកទី២៥នាពេលកន្លងមកនេះ

លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអា...

2022-12-20 07:33:04   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 02:33 PM
សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល”

វាគ្មិន៖ លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន លោក SHI Weiwei បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុង...

2022-12-20 07:19:16   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 02:19 PM
«បណ្ឌិត យង់ ពៅ៖ គោលដៅចាស់ យុទ្ធសាស្ត្រថ្មី»

ថ្លែងបញ្ជាក់នៅក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា គោលដៅចាស់គឺការគ...

2022-12-20 06:53:49   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 01:53 PM

សេចក្តីប្រកាស