Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។
នៅក្នុងបទបង្ហាញនាឱកាសនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងអំពីវឌ្ឍនភាពសេដ្ឋកិច្ច ក្រោយការបោះបង្គោលព្រំដែន ដែលរួមមានប្រាក់ចំណូល ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍសង្គមនៅក្នុងបណ្ដាខេត្តទាំង៤របស់កម្ពុជាគឺ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
ឯកឧត្ដមបណ្ឌិត បានលើកឡើងអំពីកំណើនប្រាក់ចំណូលមធ្យមនៃប្រជាជនខេត្តក្រចេះ ដែលបានកើនពី ១ ២០៣,៥០ ដុល្លារសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០១៧ ដល់១៤៥៣,៥៩ដុល្លារសហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០២៣ ខណៈដែលចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានកើនឡើងពី ១ ៣១៧ដុល្លារសហរដ្ឋអាម៉េរិក ដល់ ១៦៧៩,៥៨ដុល្លារសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៣។ ចំណែកឯ ចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីកើនដល់ ២ ២៤៥,៦១ដុល្លារសហរដ្ឋអាម៉េរិក និងចំណូលមធ្យមរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីកើនដល់ ១ ៥២១,៤០ដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០២៣។
បន្ថែមពីនេះ ការវិនិយោគនៅក្នុងខេត្តទាំង៤ ដែលមាន ១០៥គម្រោងវិនិយោគ ស្មើនឹងទឹកប្រាក់ ៣ ៧៤៥ លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានការវិនិយោគពីវៀតណាម កម្ពុជា ចិន ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី អាម៉េរិក អង់គ្លេស សិង្ហបុរី និងកូរ៉េ។ នេះជាការកត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តឡើងថា សម្រាប់វិស័យពាណិជ្ជកម្មនៅក្នុងខេត្តទាំង៤នេះ កម្ពុជាមានច្រកអន្តរជាតិ អូរយ៉ាដាវ ខាងព្រំដែនវៀតណាម និង ច្រកត្រពាំងក្រៀល ខាងព្រំដែនឡាវ ព្រមទាំងច្រកទ្វាទ្វេភាគីផ្សេងទៀត ជាច្រកទ្វាពាណិជ្ជកម្មដែលប្រើប្រាស់សម្រាប់នាំទំនិញកម្ពុជា ជាពិសេសកសិផលដែលផលិតនៅក្នុងតំបន់ត្រីកោណចេញទៅប្រទេសវៀតណាម ដោយសារប្រទេសវៀតណាមជាទីផ្សារដ៏ធំរបស់កម្ពុជា។ ការនាំចូលទំនិញពីវៀតណាមមកវិញតាមច្រកនេះ គឺជាការនាំចូលទំនិញសម្រាប់តែប្រើប្រាស់ក្នុងតំបន់ប៉ុណ្ណោះ(ព្រោះប្រជាជនខ្មែរនៅតំបន់នេះមានតិច) ប្រសិនបើគេប្រើច្រកនេះសម្រាប់នាំទំនិញមកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា គឺមិនអាចទៅរួចទេ ដោយសារតែថ្លៃនៃការដឹកជញ្ជូនខ្ពស់ ហើយនៅឆ្ងាយពីរាជធានីភ្នំពេញនិងតំបន់ដែលមានប្រជាជនរស់នៅច្រើន បើធៀបនឹងច្រកផ្សេងទៀតនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ដូចជាច្រកអន្តរជាតិបាវិតជាដើម។ ចំណែកឯប្រទេសកម្ពុជា ការដាំដំណាំនិងនាំទំនិញចេញទៅក្រៅប្រទេស ត្រូវពឹងផ្អែកលើច្រកនេះជាខ្លាំង ដោយសារតែជាច្រកនាំចេញទៅកំពង់ផែវៀតណាម ដែលមានផលចំណេញជាងបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោកមកកាន់កំពង់ផែកម្ពុជា។
លើសពីនេះ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងវៀតណាម ស្មើនឹង ៧៦,១៦%នៃពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងអាស៊ាន ខណៈដែល ពាណិជ្ជកម្មរវាងកម្ពុជាជាមួយឡាវ ស្មើនឹង ១,៣១%ប៉ុណ្ណោះធៀបនឹងពាណិជ្ជកម្មជាមួយនឹងអាស៊ាន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញ...
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង...
លោកសាស្ដ្រាចារ្យ សាមុយអែលសាន់ ជាសេដ្ឋវិទូអាម៉េរិក បានឱ្យនិយមន័យថា៖“សេដ្ឋកិច្ចវិទ្យា ជាការសិក្សា អំពីវិធីដែលមនុស្ស និងសង្គមជ្រើសរើស ដោយប្រើ ឬមិនប្រើលុយកាក់ដើម្បីប្រើប្រាស់ធនធានផលិតផលកម្រ ទៅផលិតទំនិញផ្...
បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្...
Since Prime Minister Hun Manet was appointed as the country's new leader, US Ambassador to Cambodia Patrick Murphy has been actively holding meetings with important figures in Cambodia. He has also ha...
មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្...