Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។
ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។
ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...