ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

2024-08-02 16:23:45 ថ្ងៃសុក្រ, 02 សីហា 2024, 04:23 PM
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។

​ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។

​ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។

​ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។

​ជាមួយគ្នានេះ ​ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕

​RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

កិច្ចសហប្រតិបត្តិការថ្មីមួយជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផល...

2018-08-26 11:23:36   Sun, 26,08,2018, 11:23 AM
សមិទ្ធផលធំមួយទៀត៖ «ពិធីសែនក្រុងពាលី អគារឥន្ទ្រទេវី» ចាប់ផ្តើមជាផ្លូវការ!

កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា  បានរៀបចំពិធី «សែនក្រុងពាលីបុកគ្...

2018-08-26 10:53:57   Sun, 26,08,2018, 10:53 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងរួមចំណែករៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអ៊ែរនៅកម្ពុជា»

រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​សហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...

2018-08-24 10:07:33   Fri, 24,08,2018, 10:07 AM
«ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា» ក្នុងកម្មវិធីបាឋកថាស្ដីពី «គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក Donald Trump និងអត្ថន័យចំពោះអាស៊ី» នាព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨

នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត​ ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើង​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា បានបង្ហាញ​...

2018-08-23 05:43:11   Thu, 23,08,2018, 05:43 AM
«ជំនួបរវាងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូសាកលវិទ្យាល័យត្រាវិញ»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...

2018-08-21 09:41:03   Tue, 21,08,2018, 09:41 AM
«សកម្មភាពសាងសង់ពេលព្រឹកនេះ...»

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាននៃរាជបណ្...

2018-08-17 07:02:37   Fri, 17,08,2018, 07:02 AM

សេចក្តីប្រកាស