ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

2024-08-02 16:23:45 ថ្ងៃសុក្រ, 02 សីហា 2024, 04:23 PM
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។

​ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។

​ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។

​ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។

​ជាមួយគ្នានេះ ​ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕

​RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានស្តីទីវិទ្យាស្ថាន...»

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ​​ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោ...

2018-11-01 05:40:49   Thu, 01,11,2018, 05:40 AM
«ការអនុម័តបច្ចេកសព្ទគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាបានចំនួន ១៣ពាក្យដូចខាងក្...

2018-11-01 04:46:12   Thu, 01,11,2018, 04:46 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិ អបអរខួប៤០ឆ្នាំនៃសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប

នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ​នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញ...

2018-10-31 08:01:16   Wed, 31,10,2018, 08:01 AM
«៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ...

2018-10-31 05:08:28   Wed, 31,10,2018, 05:08 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅក្នុងឱកាសនៃ ខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី»

នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉...

2018-10-31 04:45:19   Wed, 31,10,2018, 04:45 AM
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ចំនួន០៦ ត្រូវបានអនុម័ត...»

ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំន...

2018-10-30 16:39:27   Tue, 30,10,2018, 04:39 PM

សេចក្តីប្រកាស