ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

2024-08-02 16:23:45 ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:23 PM
អ្នកមើល 4517
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។

​ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។

​ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។

​ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។

​ជាមួយគ្នានេះ ​ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕

​RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«សារៈសំខាន់នៃការទ្រទ្រង់ការដាំដុះព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង​»

ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» លោក...

2019-03-17 09:16:44   ថ្ងៃអាទិត្យ, 17 មីនា 2019 ម៉ោង 04:16 PM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...

2019-03-16 07:00:22   ថ្ងៃសៅរ៍, 16 មីនា 2019 ម៉ោង 02:00 PM
«រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាអន្តរជាតិពីការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាប នៅខេត្តសៀមរាប»

សិក្ខាសាលា​អន្តរជាតិមួយស្តីពី «កាលា​នុវត្ត​ភាព​ក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃ​ឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...

2019-03-16 04:08:49   ថ្ងៃសៅរ៍, 16 មីនា 2019 ម៉ោង 11:08 AM
សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»

ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា  ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមប...

2019-03-15 12:26:50   ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 07:26 PM
«ទិដ្ឋភាពខ្លះមុនពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ពីវិមានសន្តិភាព»

នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស...

2019-03-15 04:37:34   ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 11:37 AM
«ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ផ្តើមជួបគ្នា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា»

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសា...

2019-03-14 08:53:00   ថ្ងៃព្រហស្បតិ៍, 14 មីនា 2019 ម៉ោង 03:53 PM

សេចក្តីប្រកាស