ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ

2024-08-02 16:23:45 ថ្ងៃសុក្រ, 02 សីហា 2024 ម៉ោង 11:23 PM
អ្នកមើល 4393
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។

​ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។

​ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។

​ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។

​ជាមួយគ្នានេះ ​ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕

​RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

បណ្ឌិត ដៀប សុផល៖ ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀ...

2020-05-29 09:44:41   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 04:44 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ»

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ...

2020-05-29 08:00:27   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 03:00 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្...

2020-05-28 14:56:05   ថ្ងៃព្រហស្បតិ៍, 28 ឧសភា 2020 ម៉ោង 09:56 PM
ប្រាសាទសំខាន់ៗក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២-១០៥០) ដោយ៖ ជូ ច័ន្ទដារី, ហៀង លាងហុង, ចាន់ ប៊ុន្នី រាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-05-27 06:32:19   ថ្ងៃពុធ, 27 ឧសភា 2020 ម៉ោង 01:32 PM
«ជ្រុងមួយ អំពីសមិទ្ធផលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៅខេត្តបាត់ដំបង» ដោយលោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា នៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ...

2020-05-26 05:43:43   ថ្ងៃអង្គារ, 26 ឧសភា 2020 ម៉ោង 12:43 PM
«ពិនិត្យតុល្យការសាងសង់អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា»

អគារខេមរវិទូដែលមានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េសរុបចំនួន ៤ជាន់របស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាងសង់ស...

2020-05-25 13:18:31   ថ្ងៃចន្ទ, 25 ឧសភា 2020 ម៉ោង 08:18 PM

សេចក្តីប្រកាស