Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា «វៀតណាមឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ»
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនយោបាយប្រឆាំងនៅបរទេស ចំពោះករណីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា បានកាត់ទឹកដីខេត្តទាំង៤គឺ ស្ទឹងត្រែអ រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ឱ្យទៅវៀតណាមនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ការព្រួយបារម្ភរបស់អ្នកនយោបាយប្រឆាំងខ្មែរ ព្រោះនៅពេលដែលកម្ពុជាជីកព្រែកហ្វូណន វៀតណាមមានការព្រួយបារម្ភ ទើបឆ្កឹះករណីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «[...] ព្រោះកម្ពុជាមិនស្ដាប់វៀតណាម វៀតណាមមិនចង់ឱ្យជីកទេ ប៉ុន្តែខ្មែរត្រូវតែជីក បើខ្មែរមិនជីកទាល់តែខ្មែរនៅ(សល់ដែនដី)កម្ពុជាក្រោម មាន(កំពង់)ផែដល់ទៅ៣ ប៉ុន្តែខ្មែរបានបាត់ដោយសារតែប្រវត្តិសាស្ត្រ [...]»។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍បន្ថែមថា ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះសិក្សាស្រាវជ្រាវនៅទីតាំងព្រំដែនជាក់ស្ដែងនិងច្បាស់លាស់ ដែលខុសប្លែកពីអ្នកនយោបាយប្រឆាំង ដែលបានព្យាយាមបំភ្លៃ និងបោកប្រាស់ប្រជាជន ដោយនិយាយភូតកុហកមហាជន អំពីព្រំដែនកម្ពុជា-វៀតណាម ទាំងដែលខ្លួនមិនបានទៅដល់ ឬបានស្វែងយល់អំពីឯកសារពាក់ព័ន្ធបញ្ហាព្រំដែនទាល់តែសោះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ការឆ្កឹះបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាល្បិចវៀតណាមដែលប្រើប្រាស់អ្នកនយោបាយប្រឆាំង ដើម្បីឆ្លើយតបទៅនឹងការសម្ពោធគម្រោងព្រែកជីកហ្វូណនតេជោ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់ប្រជាជនខ្មែរឱ្យប្រុងប្រយ័ត្ននឹងការលូកដៃកកូរកិច្ចការផ្ទៃក្នុងខ្មែរ ចាក់ឱ្យប្រជាជនខ្មែរឈ្លោះទាស់ទែងគ្នា ហែកហួរគ្នាជារៀងដរាបរហូតថា ត្រូវតែចងចាំមេរៀនប្រវត្តិសាស្ត្រដែលខ្មែរបានរងគ្រោះដោយសារតែបរទេសបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្មែរ ទាំងក្នុងរាជ្យព្រះបាទពញាយ៉ាត ដែលយកមហេសីស្ដេចសៀមនៅឆ្នាំ១៤២១ ព្រះបាទស្រីសុរិយោពណ៌ដែលចងមេត្រីបុត្រាខ្លួនជាមួយបុត្រីស្ដេចយួនអាណ្ណាមគឺអង្គចូវនៅឆ្នាំ១៦២០ និងករណីព្រះអង្គចន្ទអ៊ីប្រាហ៊ីម ដែលយកស្ត្រីជ្វាចាមធ្វើជាមហេសីនៅឆ្នាំ១៦៤២ ជាហេតុនេះឱ្យខ្មែរបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះប្រសិនបើគ្មានការអនុញ្ញាតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នោះទេ ក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនអាចចុះសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ ដែលមានមូលដ្ឋានរឹងមាំនៅក្នុងការផ្ទៀងផ្ទាត់និយាមការទីតាំងបង្គោលព្រំដែន នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយវៀតណាមនោះដែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា «ប្រសិនបើសម្ដេចតេជោ ហ៊ុន សែន មានបំណងកាត់ទឹកដីឱ្យវៀតណាមដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយប្រឆាំងមែន នោះសម្ដេចតេជោនឹងមិនផ្ដល់សិទ្ធិដល់រាជបណ្ឌិត្យសភាកម្ពុជាចុះសិក្សាស្រាវជ្រាវបង្គោលព្រំដែនកម្ពុជា-វៀតណាមនោះទេ ព្រោះក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានចងក្រងនិងកត់ត្រាព្រំដែនកម្ពុជានៅគ្រប់ចំណុចនិងគ្រប់បង្គោលទាំងអស់»៕
RAC Media |លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រ...