ព័ត៌មាន

ហេតុអ្វីប្រទេសមួយធ្វើវិទ្ធង្សនាប្រឆាំងនឹងប្រទេសដទៃ?

2024-07-30 03:56:27 ថ្ងៃអង្គារ, 30 កក្កដា 2024, 03:56 AM
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

វិទ្ធង្សនា (Subversion) ជាសកម្មភាពដែលធ្វើឡើងដោយក្រុមបុគ្គល ឬក្រុមនយោបាយ ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋណាមួយ ប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសឬរដ្ឋមួយទៀត នៅក្នុងគោលដៅបំផ្លិចបំផ្លាញ ឬដើម្បីបំបះបំបោររំលំរំលើងរបបគ្រប់គ្រងរដ្ឋ ប្រព័ន្ធនយោបាយ ឬរដ្ឋាភិបាលនៃប្រទេសឬរដ្ឋមួយ តាមរយៈការធ្វើការដោយសម្ងាត់ពីក្នុងប្រទេសឬរដ្ឋជាគោលដៅនោះ។ ការធ្វើវិទ្ធង្សនា អាចត្រូវបានធ្វើឡើងតាមរយៈការឃោសនា ការវាយប្រហារតាមអ៊ីនធឺណិត ឬការញុះញង់ឱ្យមានភាពតានតឹងឬការរើសអើងជាតិសាសន៍ សាសនា ឬជាតិពន្ធុជាដើម។ ជួនកាល រដ្ឋដែលជាគោលដៅនៃវិទ្ធង្សនានោះ អាចនឹងមិនមែនដៃគូជម្លោះ ឬគូប្រជែងនឹងរដ្ឋធ្វើវិទ្ធង្សនានោះទេ ប៉ុន្តែគឺជារដ្ឋដែលជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ នៃរដ្ឋដែលប្រទេសធ្វើវិទ្ធង្សនោះកំពុងមានជម្លោះឬវិវាទជាមួយ។ តាមរយៈការធ្វើឱ្យរដ្ឋជាសម្ព័ន្ធមិត្តរបស់ប្រទេសដៃគូជម្លោះឬដៃគូប្រជែងរបស់ខ្លួន ចុះខ្សោយនេះ អាចជាសេនារីយ៉ូ ដើម្បីកាត់បន្ថយឥទ្ធិពលនៅក្នុងតំបន់នៃប្រទេសជាដៃគូជម្លោះឬគូប្រជែង ឬក៏ដើម្បីបំបាក់មុខប្រទេសជាដៃគូជម្លោះឬដៃគូប្រជែងនោះ។ ការធ្វើវិទ្ធង្សនានេះ គឺជាវិធានការប្រឆាំងនឹងរដ្ឋមួយ ដោយចៀសវាងនូវការប្រឈមមុខដោយផ្ទាល់ឬដោយបើកចំហ ប៉ុន្តែជានិច្ចកាល សកម្មភាពវិទ្ធង្សនានេះ ក៏អាចក្លាយទៅជាមូលហេតុនៃការប្រឈមគ្នាដោយផ្ទាល់ផងដែរ នៅពេលដែលរដ្ឋសាមី រកឃើញថាទង្វើវិទ្ធង្សនានេះត្រូវបានរៀបចំឬគាំទ្រដោយរដ្ឋបង្កនោះ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលនាំឱ្យកើតមានការធ្វើវិទ្ធង្សនាប្រឆាំងនឹងរដ្ឋមួយ៖

១. ធ្វើឱ្យប្រទេសជាដៃគូប្រជែងចុះទន់ខ្សោយ៖ នៅពេលដែលប្រទេសឬរដ្ឋពីរប្រជែងឥទ្ធិពល ឬមានជម្លោះផលប្រយោជន៍នឹងគ្នា ប្រទេសរដ្ឋឬរដ្ឋមួយអាចជ្រើសរើសយកការធ្វើវិទ្ធង្សនាប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសឬរដ្ឋនោះ លែងមានលទ្ធភាពគំរាមកំហែងផលប្រយោជន៍នយោបាយរបស់ខ្លួន ឬថយចុះនូវឥទ្ធិពលនៅក្នុងតំបន់។ ការធ្វើវិទ្ធង្សនានេះ គឺដើម្បីបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច ឬនយោបាយ នៃប្រទេសឬរដ្ឋជាគូប្រជែង ហើយជំរុញឱ្យប្រជាជនងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច។

២. ជាសារគំរាមកំហែង ឬព្រមានដល់រដ្ឋាភិបាលនៃប្រទេសមួយ៖ ការធ្វើវិទ្ធង្សនា អាចជាមធ្យោបាយរបស់ប្រទេសឬរដ្ឋមួយ នៅក្នុងការជំរុញឱ្យប្រទេសឬរដ្ឋ ដែលគំរាមកំហែងផលប្រយោជន៍របស់ខ្លួន បន្ទន់ឥរិយាបថ ឬកែប្រែជំហររបស់ខ្លួននៅក្នុងបញ្ហាណាមួយ ឬដើម្បីបង្ខំឱ្យប្រទេសឬរដ្ឋនោះ ទទួលយកលក្ខខណ្ឌដែលខ្លួនចង់បាន ឬជម្រើសដែលខ្លួនបានផ្ដល់ឱ្យ

៣. ការពង្រីកដែនយុទ្ធភូមិសាស្ត្រ ឬផ្លាស់ប្ដូរស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ តាមរយៈការបំបាត់បងធំ ឬបំបាក់ប្រទេសមានឥទ្ធិពលក្នុងភូមិសាស្ត្រនយោបាយតំបន់។ ដោយសារការធ្វើអន្តរាគមន៍យោធា ត្រូវការហេតុផលសមស្របតាមច្បាប់អន្តរជាតិ ឬត្រូវចំណាយដ៏ច្រើនសន្ធឹក ឬក៏អាចបង្កមហន្តរាយតបត្រលប់ចំពោះប្រទេសឬរដ្ឋរបស់ខ្លួន ប្រទេសឬរដ្ឋមួយអាចនឹងរៀបចំធ្វើវិទ្ធង្សនាប្រឆាំងនឹងរដ្ឋឬប្រទេសមួយទៀត ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ឬយុទ្ធភូមិសាស្ត្រនយោបាយរបស់ខ្លួន។

៤. ផ្ដួលរំលំរដ្ឋាភិបាលមួយ ហើយដាក់រដ្ឋាភិបាលមួយទៀតដែលបម្រើដល់ផលប្រយោជន៍ខ្លួនជំនួសវិញ៖ ការធ្វើវិទ្ធង្សនាទៅលើរដ្ឋឬប្រទេសមួយ ក៏អាចបណ្ដាលមកពីការសម្លឹងឃើញធនធាននៃរដ្ឋនោះផងដែរ។ នៅពេលដែលមេដឹកនាំរដ្ឋឬប្រទេសមួយ មានបំណងទាញយកធនធានឬទ្រព្យសម្បត្តិនៃប្រទេសឬរដ្ឋមួយ គេអាចប្រើប្រាស់វិធីសាស្ត្រធ្វើវិទ្ធង្សនា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនៃប្រទេសនោះ ហើយផ្ដល់ការគាំទ្រដល់អ្នកនយោបាយនៃប្រទេសនោះដែលមាននិន្នាការស្រប ឬបម្រើឱ្យប្រយោជន៍របស់ខ្លួន ឱ្យបង្កើតរដ្ឋាភិបាលគ្រប់គ្រងប្រទេសនោះជំនួសរដ្ឋាភិបាលមុន។ ការណ៍នេះ ប្រទេសដែលធ្វើវិទ្ធង្សនានឹងអាចទាញយកធនធាន ឬទ្រព្យសម្បត្តិនៃប្រទេសនោះ ដោយងាយស្រួល និងដោយស្របច្បាប់។

គួរបញ្ជាក់ផងដែរថា ការធ្វើវិទ្ធង្សនា ភាគច្រើនធ្វើឡើងជាញឹកញាប់ទៅលើប្រទេសតូចៗដែលមានប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយ គ្មានឥទ្ធិពលឬអំណាចនឹងតតាំងជាមួយនឹងប្រទេសបង្ក។ ទោះជាយ៉ាងណា នៅក្នុងអតីតកាល ពិសេសក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ មហាអំណាចទាំងពីរប៉ូល បានប្រើប្រាស់ការធ្វើវិទ្ធង្ស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលជាច្រើនដែលប្រកាន់មនោគមវិជ្ជានយោបាយទីទៃពីខ្លួន រហូតដល់បណ្ដាលឱ្យមានការធ្វើរដ្ឋប្រហារ ឬបដិវត្តន៍ផ្ដួលរំលំរបបគ្រប់គ្រងនៃប្រទេសនានានៅទូទាំងពិភពលោក។ រហូតមកដល់បច្ចុប្បន្ន ការធ្វើវិទ្ធង្ស នៅតែជាយុទ្ធសាស្ត្រសំខាន់មួយរបស់មហាអំណាច នៅក្នុងការពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយ ពិសេសសម្ដៅពង្រឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់ខ្លួនទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ដើម្បីបម្រើដល់គោលបំណងនេះ មហាអំណាចបានប្រើប្រាស់មធ្យោបាយផ្សេងៗដូចជា ការដុតបញ្ឆេះកំហឹងមហាជននៃប្រទេសនោះតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការជំរុញឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារការអភិវឌ្ឍដែលគ្មានតម្លាភាព ឬក្រុមពលរដ្ឋទទួលរងអយុត្តិធម៌សង្គម ឬទទួលរងការជិះជាន់ពីសំណាក់អ្នកមានឬអ្នកកាន់អំណាចមួយចំនួនតូចនៅក្នុងប្រទេសនោះ ឱ្យងើបឡើងតវ៉ា ទាមទារឱ្យការគិតគូរយកចិត្តទុកដាក់ ឬប្រឆាំងនឹងរដ្ឋអំណាច ដែលនៅក្នុងករណីខ្លះ អាចឈានទៅដល់ការធ្វើបដិវត្តន៍ផ្ដួលរំលំរបបគ្រប់គ្រងថែមទៀតផង។ យុទ្ធសាស្ត្រនេះ ជាហេតុជំរុញឱ្យស្ថានការណ៍នយោបាយ និង/ឬសេដ្ឋកិច្ចនៃប្រទេសដែលជាគោលដៅ ធ្លាក់ក្នុងវិបត្តិរ៉ាំរ៉ៃ ហើយបើទោះជារដ្ឋាភិបាលនៃប្រទេសនោះ អាចគ្រប់គ្រង ឬស្រោចស្រង់ស្ថានការណ៍ក្ដី ក៏គេអាចសន្មត់ថា ផែនការនេះទទួលបានជោគជ័យនៅក្នុងកម្រិតណាមួយផងដែរ។

ទោះជាយ៉ាងណា នៅក្នុងពិភពលោកនៃសម័យសាកលភាវូបនីយកម្មនេះ បណ្ដាប្រទេសទាំងអស់លើពិភពលោក មិនគួរប្រើប្រាស់វិធីសាស្ត្រធ្វើវិទង្សនាដើម្បីប្រឆាំងនឹងប្រទេសដទៃទៀតឡើយ ព្រោះបណ្ដារដ្ឋទាំងអស់លើពិភពលោក ក៏ដូចជាមហាអំណាចទាំងឡាយផង សុទ្ធសឹងតែមានកាតព្វកិច្ចអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រជាជាតិខ្លួនបានផ្ដល់សច្ចាប័ន និងទទួលយកជាកាតព្វកិច្ចជាអន្តរជាតិ។ ពោលគឺ មេដឹកនាំគ្រប់ប្រទេសបានយល់ស្របរួមគ្នាថា ដើម្បីដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រជាជាតិទាំងអស់គប្បីអនុវត្តឱ្យស្របទៅតាមច្បាប់និងនិយាមអន្តរជាតិ ដែលមានជាធរមាន ដោយគោរពគោលការណ៍ស្មើភាពរវាងរដ្ឋនឹងរដ្ឋ គោរពអធិបតេយ្យភាព ឯករាជ្យ និងអព្យាក្រឹតភាពរបស់ប្រទេសនិងរដ្ឋនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវពិភពលោកមួយដែលពោរពេញដោយសន្តិភាព សន្តិសុខ ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសការដោះស្រាយបញ្ហាដោយមធ្យោបាយសន្តិវិធី និងមិនគំរាមកំហែងទៅលើប្រជាជាតិណាមួយឡើយ៕

RAC Media

អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   Fri, 11,10,2019, 11:29 AM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

2019-10-07 14:40:43   Mon, 07,10,2019, 02:40 PM
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A សិស្សពូកែ និងគ្រូបង្រៀនឆ្នើម ២៨៣នាក់នៅស្រុកត្រាំកក់

អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...

2019-10-03 11:44:48   Thu, 03,10,2019, 11:44 AM
តើទឹកដោះគោតេជោសែនឫស្សីត្រឹបត្រូវបានបែងចែកទៅណាខ្លះ?

នៅក្នុងរយ:ពេល២០ថ្ងៃកន្លងទៅនេះសមិទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានយកមកចែករំលែកជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃជូនដល់កុមារនៅតាមសលានានា រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យ ចំនួន៦ សា...

2019-09-29 03:19:22   Sun, 29,09,2019, 03:19 AM
«ក្រុមការងារថ្នាក់ជាតិរាជបណ្ឌិត្យសភាកម្ពុជា ចុះកាន់បិណ្ឌវត្តមង្គលមានលក្ខណ៍និងវត្តសិរីដំណាក់»

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...

2019-09-21 14:48:39   Sat, 21,09,2019, 02:48 PM
«របបរាជានិយមក្នុងសង្គមខ្មែរ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជាបើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្...

2019-09-21 05:26:37   Sat, 21,09,2019, 05:26 AM

សេចក្តីប្រកាស