ព័ត៌មាន

ហេតុអ្វីកម្ពុជាត្រូវមានឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូន?

2024-05-22 13:52:09 ថ្ងៃពុធ, 22 ឧសភា 2024 ម៉ោង 08:52 PM
អ្នកមើល 6984
post_detail

ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាលើពិភពលោក។ ថ្វីដ្បិតតែនៅក្នុងសម័យសាកលភាវូបនីយកម្ម ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក សុទ្ធសឹងតែមានការពាក់ព័ន្ធ និងជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមកដោយចៀសពុំរួចក្ដី ក៏មេដឹកនាំនៃប្រទេសនីមួយៗ តែងតែព្យាយាមកាត់បន្ថយ ឬលុបបំបាត់ភាពពឹងផ្អែកខ្លាំងទៅលើប្រទេសឬរដ្ឋដទៃ នៅក្នុងការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងនៅក្នុងការកំណត់គោលនយោបាយការបរទេសរបស់ខ្លួនជាដើម។ ការព្យាយាមកាត់បន្ថយ ឬលុបបំបាត់ភាពពឹងផ្អែកខ្លាំងទៅលើប្រទេសឬរដ្ឋដទៃនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងការពង្រឹងឥទ្ធិពល និងឯករាជ្យភាពនយោបាយ និងសេដ្ឋកិច្ច ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញ។ សម្រាប់រដ្ឋមួយ ដែលបន្តពឹងផ្អែកខ្លាំងពេកទៅលើប្រទេសឬរដ្ឋដទៃនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិខ្លួន តិចឬច្រើន រដ្ឋនោះនឹងទទួលរងឥទ្ធិពល ឬការដាក់សម្ពាធដោយផ្ទាល់ ពីសំណាក់រដ្ឋបរទេសដែលខ្លួនពឹងផ្អែកខ្លាំងនោះ នៅពេលដែលមេដឹកនាំនៃរដ្ឋនោះ មានការយល់ឃើញខុសគ្នានៅក្នុងបញ្ហានយោបាយការបរទេស ឬនៅក្នុងបញ្ហាតំបន់និងអន្តរជាតិជាដើម។ រដ្ឋដែលនៅបន្តទទួលរងឥទ្ធិពលដោយប្រយោល ឬការដាក់សម្ពាធពីរដ្ឋបរទេសផ្សេងទៀត នឹងអាចក្លាយទៅជាចំណាប់ខ្មាំង ឬជាកូនអុកនៅក្នុងល្បែងនយោបាយការបរទេស ក៏ដូចភូមិសាស្ត្រនយោបាយរបស់រដ្ឋដទៃជាក់ជាមិនខានឡើយ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងនៅក្នុងសារពិសេសរបស់សម្ដេចអំពី ករណីព្រែកជីកហ្វូណនតេជោ យ៉ាងដូច្នេះថា «[…] ជាសារសម្រាប់កូនខ្មែរទៅថ្ងៃអនាគត សម្រាប់ពាន់ឆ្នាំទៅពេលអនាគត ថា “ត្រូវតែរកឯកភាពខាងនយោបាយឱ្យខានតែបាន លើបញ្ហាការដឹកជញ្ជូន ដែលទៅហួសពីក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” […]»។ ប្រសាសន៍លើកឡើងនេះ គឺជាសារនយោបាយដ៏មានទម្ងន់ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនៅកម្ពុជា ដែលគូសបញ្ជាក់អំពីឆន្ទៈនយោបាយដ៏មុតមាំ នៅក្នុងការកសាងឱ្យបាននូវឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា និងជាការបញ្ចប់ការបំផុសបំផុលសាធារណៈមតិជាតិ និងអន្តរជាតិ ដោយភ្ជាប់គម្រោងព្រែកជីកហ្វូណនតេជោ ទៅនឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់ ដែលការបំផុសបំផុលនេះ ធ្វើឡើងតាមរយៈការបង្ហាញមន្ទិលសង្ស័យរបស់មេដឹកនាំវៀតណាម ការចោទប្រកាន់របស់អ្នកសិក្សាស្រាវជ្រាវវៀតណាម និងការបង្ហាញជំហរជាផ្លូវការរបស់សហរដ្ឋអាម៉េរិក និងក្រសួងការបរទេសវៀតណាមលើគម្រោងដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជានេះ។

ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពិសេសក្នុងរយៈពេលជាង៤០០ឆ្នាំកន្លងមកនេះ ដែលកម្ពុជានឹងមានច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើកដំបូងរបស់ខ្លួន ហើយដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលនឹងត្រូវកសាងឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូច្នេះគ្មានហេតុផលអ្វី ដែលកម្ពុជាត្រូវស្នើសុំការអនុញ្ញាត ឬពន្យល់បកស្រាយបន្ថែមទៀតទៅកាន់រដ្ឋបរទេសណាមួយ ទើបកម្ពុជាអាចកសាងព្រែកជីកនេះបាននោះទេ។ កម្ពុជាដែលជាប្រទេសឯករាជ្យ អធិបតេយ្យ និងមានបូរណភាពទឹកដីពេញលេញ មានសិទ្ធិ និងសេរីភាពគ្រប់គ្រាន់នៅក្នុងការសម្រេចចិត្តកំណត់មាគ៌ា និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ស្របតាមចក្ខុវិស័យជាតិ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយដោយឯករាជ្យ និងម្ចាស់ការ។

ជាការពិតណាស់ ថ្វីដ្បិតតែជានិច្ចកាល មេដឹកនាំកម្ពុជាតែងតែបានព្យាយាមជំរុញនិងថែរក្សាទំនាក់ទំនង និងបញ្ចៀសការប្រឈមមុខជាមួយនឹងប្រទេសជាដៃគូ ទាំងនៅក្នុងយុទ្ធសាស្ត្រ និងការប្រើប្រាស់ពាក្យពេចន៍ការទូតក្ដី ប៉ុន្តែដើម្បីការរីកចម្រើនឈានទៅមុខនៃប្រជាជាតិខ្លួន មេដឹកនាំកម្ពុជាក៏មិនអាចបំពេញនិងតម្រូវចិត្តតែប្រទេសជាដៃគូ ហើយមើលរំលងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួននោះឡើយ។ កម្ពុជាត្រូវផ្ដោតអាទិភាពជាសំខាន់ទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ជាជាងផ្ដោតទៅលើការរិះគន់ចោទប្រកាន់មិនសមហេតុផលទាំងឡាយ ដែលមិនស្របទៅនឹងឧត្ដមប្រយោជន៍ជាតិរបស់កម្ពុជា ព្រោះនៅក្នុងបរិបទតំបន់ និងនៅលើឆាកអន្តរជាតិ កម្ពុជាក៏ជាប្រទេសមានអធិបតេយ្យ និងឯករាជ្យភាពពេញលេញ មិនរណប ឬស្ថិតនៅក្រោមអាណានិគមរបស់រដ្ឋបរទេសណាមួយឡើយ។

មេរៀនប្រវត្តិសាស្ត្រ ក៏ដូចជាបទពិសោធន៍អតីតកាលកន្លងទៅថ្មីៗនេះ នៅក្នុងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូនានា បានបង្រៀនឱ្យយើងយល់ដឹងយ៉ាងច្បាស់ថា មានតែការពង្រឹងសមត្ថភាព និងប្រកាន់គោលជំហរម្ចាស់ការខ្លួនឯងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យកម្ពុជាអាចដោះស្រាយបញ្ហាដែលជួបប្រទះចំពោះមុខ ហើយនៅបន្តឈរក្នុងជំហស្មើភាពជាមួយនឹងប្រទេសជាដៃគូក្នុងតំបន់និងពិភព​លោកបាន។ ការពង្រឹងសមត្ថភាពនៅត្រង់ចំណុចនេះ គឺសំដៅទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្អែកលើតម្រូវការជាក់ស្ដែងរបស់កម្ពុជា តែពុំមែនជាការសម្រេចចិត្តដោយផ្អែកទៅលើការរិះគន់ចោទប្រកាន់ ឬកង្វល់របស់រដ្ឋបរទេសណាមួយឡើយ ព្រោះមេដឹកនាំកម្ពុជា មានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខប្រជាជន​កម្ពុជាដែលផ្ដល់ទំនុកចិត្ត និងការគាំទ្រតាមរយៈការបោះឆ្នោត មិនមែនជារដ្ឋបរទេសដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ លើសពីនេះទៅទៀត នៅពេលដែលកម្ពុជាជួបវិបត្តិ មានតែប្រជាជននិងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដែលត្រូវទទួលរងគ្រោះ និងប្រឈមមុខដោះស្រាយដោយខ្លួនឯង ពោលគឺគ្មានរដ្ឋបរទេសណាមួយស្ម័គ្រចិត្តយកអាសារ និងយល់ព្រមទទួលរងគ្រោះជំនួសប្រជាជននិងប្រជាជាតិខ្មែរឡើយ។

ជាមួយគ្នានេះដែរ ប្រទេសជាដៃគូរបស់កម្ពុជា ក៏គួរតែពិចារណាផងដែរថា នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗមានសិទ្ធិនិងអធិបតេយ្យពេញលេញ នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ការថែរក្សានិងជំរុញទំនាក់ទំនងល្អជាមួយគ្រប់ដៃគូទាំងអស់នៅក្នុងលើពិភពលោក ក៏ដូចជាមានសិទ្ធិស្វ័យសម្រេចជ្រើសរើសមាគ៌ាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ស្របទៅតាមតម្រូវការចង់បាននៃប្រជាជាតិខ្លួននីមួយៗ៕

RAC Media | លឹម សុវណ្ណារិទ្ធ

............

* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។



អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស