Royal Academy of Cambodia
ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាលើពិភពលោក។ ថ្វីដ្បិតតែនៅក្នុងសម័យសាកលភាវូបនីយកម្ម ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក សុទ្ធសឹងតែមានការពាក់ព័ន្ធ និងជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមកដោយចៀសពុំរួចក្ដី ក៏មេដឹកនាំនៃប្រទេសនីមួយៗ តែងតែព្យាយាមកាត់បន្ថយ ឬលុបបំបាត់ភាពពឹងផ្អែកខ្លាំងទៅលើប្រទេសឬរដ្ឋដទៃ នៅក្នុងការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងនៅក្នុងការកំណត់គោលនយោបាយការបរទេសរបស់ខ្លួនជាដើម។ ការព្យាយាមកាត់បន្ថយ ឬលុបបំបាត់ភាពពឹងផ្អែកខ្លាំងទៅលើប្រទេសឬរដ្ឋដទៃនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងការពង្រឹងឥទ្ធិពល និងឯករាជ្យភាពនយោបាយ និងសេដ្ឋកិច្ច ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យភាពពេញលេញ។ សម្រាប់រដ្ឋមួយ ដែលបន្តពឹងផ្អែកខ្លាំងពេកទៅលើប្រទេសឬរដ្ឋដទៃនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិខ្លួន តិចឬច្រើន រដ្ឋនោះនឹងទទួលរងឥទ្ធិពល ឬការដាក់សម្ពាធដោយផ្ទាល់ ពីសំណាក់រដ្ឋបរទេសដែលខ្លួនពឹងផ្អែកខ្លាំងនោះ នៅពេលដែលមេដឹកនាំនៃរដ្ឋនោះ មានការយល់ឃើញខុសគ្នានៅក្នុងបញ្ហានយោបាយការបរទេស ឬនៅក្នុងបញ្ហាតំបន់និងអន្តរជាតិជាដើម។ រដ្ឋដែលនៅបន្តទទួលរងឥទ្ធិពលដោយប្រយោល ឬការដាក់សម្ពាធពីរដ្ឋបរទេសផ្សេងទៀត នឹងអាចក្លាយទៅជាចំណាប់ខ្មាំង ឬជាកូនអុកនៅក្នុងល្បែងនយោបាយការបរទេស ក៏ដូចភូមិសាស្ត្រនយោបាយរបស់រដ្ឋដទៃជាក់ជាមិនខានឡើយ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងនៅក្នុងសារពិសេសរបស់សម្ដេចអំពី ករណីព្រែកជីកហ្វូណនតេជោ យ៉ាងដូច្នេះថា «[…] ជាសារសម្រាប់កូនខ្មែរទៅថ្ងៃអនាគត សម្រាប់ពាន់ឆ្នាំទៅពេលអនាគត ថា “ត្រូវតែរកឯកភាពខាងនយោបាយឱ្យខានតែបាន លើបញ្ហាការដឹកជញ្ជូន ដែលទៅហួសពីក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” […]»។ ប្រសាសន៍លើកឡើងនេះ គឺជាសារនយោបាយដ៏មានទម្ងន់ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនៅកម្ពុជា ដែលគូសបញ្ជាក់អំពីឆន្ទៈនយោបាយដ៏មុតមាំ នៅក្នុងការកសាងឱ្យបាននូវឯករាជ្យភាពខាងនយោបាយ នៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា និងជាការបញ្ចប់ការបំផុសបំផុលសាធារណៈមតិជាតិ និងអន្តរជាតិ ដោយភ្ជាប់គម្រោងព្រែកជីកហ្វូណនតេជោ ទៅនឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់ ដែលការបំផុសបំផុលនេះ ធ្វើឡើងតាមរយៈការបង្ហាញមន្ទិលសង្ស័យរបស់មេដឹកនាំវៀតណាម ការចោទប្រកាន់របស់អ្នកសិក្សាស្រាវជ្រាវវៀតណាម និងការបង្ហាញជំហរជាផ្លូវការរបស់សហរដ្ឋអាម៉េរិក និងក្រសួងការបរទេសវៀតណាមលើគម្រោងដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជានេះ។
ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពិសេសក្នុងរយៈពេលជាង៤០០ឆ្នាំកន្លងមកនេះ ដែលកម្ពុជានឹងមានច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើកដំបូងរបស់ខ្លួន ហើយដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលនឹងត្រូវកសាងឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូច្នេះគ្មានហេតុផលអ្វី ដែលកម្ពុជាត្រូវស្នើសុំការអនុញ្ញាត ឬពន្យល់បកស្រាយបន្ថែមទៀតទៅកាន់រដ្ឋបរទេសណាមួយ ទើបកម្ពុជាអាចកសាងព្រែកជីកនេះបាននោះទេ។ កម្ពុជាដែលជាប្រទេសឯករាជ្យ អធិបតេយ្យ និងមានបូរណភាពទឹកដីពេញលេញ មានសិទ្ធិ និងសេរីភាពគ្រប់គ្រាន់នៅក្នុងការសម្រេចចិត្តកំណត់មាគ៌ា និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ស្របតាមចក្ខុវិស័យជាតិ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយដោយឯករាជ្យ និងម្ចាស់ការ។
ជាការពិតណាស់ ថ្វីដ្បិតតែជានិច្ចកាល មេដឹកនាំកម្ពុជាតែងតែបានព្យាយាមជំរុញនិងថែរក្សាទំនាក់ទំនង និងបញ្ចៀសការប្រឈមមុខជាមួយនឹងប្រទេសជាដៃគូ ទាំងនៅក្នុងយុទ្ធសាស្ត្រ និងការប្រើប្រាស់ពាក្យពេចន៍ការទូតក្ដី ប៉ុន្តែដើម្បីការរីកចម្រើនឈានទៅមុខនៃប្រជាជាតិខ្លួន មេដឹកនាំកម្ពុជាក៏មិនអាចបំពេញនិងតម្រូវចិត្តតែប្រទេសជាដៃគូ ហើយមើលរំលងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួននោះឡើយ។ កម្ពុជាត្រូវផ្ដោតអាទិភាពជាសំខាន់ទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ជាជាងផ្ដោតទៅលើការរិះគន់ចោទប្រកាន់មិនសមហេតុផលទាំងឡាយ ដែលមិនស្របទៅនឹងឧត្ដមប្រយោជន៍ជាតិរបស់កម្ពុជា ព្រោះនៅក្នុងបរិបទតំបន់ និងនៅលើឆាកអន្តរជាតិ កម្ពុជាក៏ជាប្រទេសមានអធិបតេយ្យ និងឯករាជ្យភាពពេញលេញ មិនរណប ឬស្ថិតនៅក្រោមអាណានិគមរបស់រដ្ឋបរទេសណាមួយឡើយ។
មេរៀនប្រវត្តិសាស្ត្រ ក៏ដូចជាបទពិសោធន៍អតីតកាលកន្លងទៅថ្មីៗនេះ នៅក្នុងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ និងប្រទេសជាដៃគូនានា បានបង្រៀនឱ្យយើងយល់ដឹងយ៉ាងច្បាស់ថា មានតែការពង្រឹងសមត្ថភាព និងប្រកាន់គោលជំហរម្ចាស់ការខ្លួនឯងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យកម្ពុជាអាចដោះស្រាយបញ្ហាដែលជួបប្រទះចំពោះមុខ ហើយនៅបន្តឈរក្នុងជំហស្មើភាពជាមួយនឹងប្រទេសជាដៃគូក្នុងតំបន់និងពិភពលោកបាន។ ការពង្រឹងសមត្ថភាពនៅត្រង់ចំណុចនេះ គឺសំដៅទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្អែកលើតម្រូវការជាក់ស្ដែងរបស់កម្ពុជា តែពុំមែនជាការសម្រេចចិត្តដោយផ្អែកទៅលើការរិះគន់ចោទប្រកាន់ ឬកង្វល់របស់រដ្ឋបរទេសណាមួយឡើយ ព្រោះមេដឹកនាំកម្ពុជា មានកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជាដែលផ្ដល់ទំនុកចិត្ត និងការគាំទ្រតាមរយៈការបោះឆ្នោត មិនមែនជារដ្ឋបរទេសដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ លើសពីនេះទៅទៀត នៅពេលដែលកម្ពុជាជួបវិបត្តិ មានតែប្រជាជននិងប្រទេសកម្ពុជាតែប៉ុណ្ណោះ ដែលត្រូវទទួលរងគ្រោះ និងប្រឈមមុខដោះស្រាយដោយខ្លួនឯង ពោលគឺគ្មានរដ្ឋបរទេសណាមួយស្ម័គ្រចិត្តយកអាសារ និងយល់ព្រមទទួលរងគ្រោះជំនួសប្រជាជននិងប្រជាជាតិខ្មែរឡើយ។
ជាមួយគ្នានេះដែរ ប្រទេសជាដៃគូរបស់កម្ពុជា ក៏គួរតែពិចារណាផងដែរថា នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗមានសិទ្ធិនិងអធិបតេយ្យពេញលេញ នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ការថែរក្សានិងជំរុញទំនាក់ទំនងល្អជាមួយគ្រប់ដៃគូទាំងអស់នៅក្នុងលើពិភពលោក ក៏ដូចជាមានសិទ្ធិស្វ័យសម្រេចជ្រើសរើសមាគ៌ាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ស្របទៅតាមតម្រូវការចង់បាននៃប្រជាជាតិខ្លួននីមួយៗ៕
RAC Media | លឹម សុវណ្ណារិទ្ធ
............
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងនាមអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ការងាររយៈពេលជិត១០ឆ្នាំ លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក ដ្បិតពឹងអាស្រ័យលើការស្រាវជ្រាវបែបវិទ្យាសាស្រ្...
បក្សកុម្មុយនីស្តវៀតណាម ប្រារព្ធសមាជជាតិលើកទី១៣របស់ខ្លួននៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងអំឡុងពេលនៃកិច្...
(ព្រះវិហារ)៖ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី...
ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាព...