Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។
លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។
ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាន...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម សួង ភក្តី នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងអបអរសាទរ និងកោតសរសើរ ដល់វីរៈការិនី ស៊ន សៀវម៉ី ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាជាប្រវត្តិសាស...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់កីឡាការិនី ខាន់ ចេសា ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាកន្លងមក...
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...
កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...