ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ

2024-05-21 03:31:57 ថ្ងៃអង្គារ, 21 ឧសភា 2024 ម៉ោង 10:31 AM
អ្នកមើល 6982
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។

លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ជាគម្រោងស្រាវជ្រាវមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំធ្វើការសិក្សា ដើម្បីគាស់កកាយឡើងវិញពីព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរពីសម័យកាលដ៏រុងរឿងន...

2019-02-19 07:01:50   ថ្ងៃអង្គារ, 19 កុម្ភៈ 2019 ម៉ោង 02:01 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី១) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...

2019-02-16 04:27:16   ថ្ងៃសៅរ៍, 16 កុម្ភៈ 2019 ម៉ោង 11:27 AM
«តើថ្ងៃទី០៣ មីនា ២០១៩ ជាថ្ងៃអ្វី?...»

ចាប់ផ្តើមពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃធ្វើជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា នេះជាជំរឿនលើកទី១ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។...

2019-02-15 16:47:54   ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 11:47 PM
ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...

2019-02-15 15:45:26   ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 10:45 PM
កម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបស្តីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវ EBA ពីកម្ពុជា»

រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

2019-02-14 09:35:31   ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2019 ម៉ោង 04:35 PM
«ឥទ្ធិពលនៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day)» ដោយ បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះ​បុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវ​បានគេ​យល់​​ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យ​សរសើរ​ ឯប្...

2019-02-14 08:41:41   ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2019 ម៉ោង 03:41 PM

សេចក្តីប្រកាស