Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។
លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។
ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ដែលជាទស្សនវិជ្ជាទំនើបឈានមុខគេនោះ អះអាងថា សម័យកាលប្រវត្ដិសាស្ដ្រ ទំនើប បានបញ្ចប់ទៅហើយ ហើយយើងកំពុង រស់នៅក្នុងសករាជក្រោយសម័យទំនើប។ បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ក្នុងបស...
(រាជធានីភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប...
នៅក្នុងជំនាញវិជ្ជាជីវៈជាអ្នកបណ្ដុះបណ្ដាលនិងអប់រំ គ្រូបានបង្រៀនសិស្សទាំងឡាយក្នុងសង្គម ដោយមានសិស្សខ្លះបានរៀនចប់ និងបានវិវត្តខ្លួនទៅជាមនុស្សល្អៗភាគច្រើនជាងមនុស្សមិនល្អ ខណៈដែលអ្នកខ្លះកំពុងដឹកនាំសង្គម អ្នក...
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលទន្លេសាបនៃអគារខេមរវិទូ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធាន...
ទស្សនៈលោកបណ្ឌិត យង់ ពៅ ការលើកឡើងរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណន តេជោ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា «ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទ...