ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ

2024-05-21 03:31:57 ថ្ងៃអង្គារ, 21 ឧសភា 2024 ម៉ោង 10:31 AM
អ្នកមើល 5155
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ដឹកនាំដោយលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិនៅក្នុងឱកាសនេះ ដោយឯកឧត្ដមបានណែនាំសមាសភាពរាជបណ្ឌិត្យសភាកម្ពុជាដែលចូលរួមក្នុងជំនួបពិភាក្សានាឱកាសនេះ ព្រមទាំងបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ បេសកកម្ម តួនាទី ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងស្ថាប័នស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាចិន តាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាប់ជាវិទ្យាស្ថានខុងជឺនៅបរទេសដែលឈានមុខគេនៅលើពិភពលោក។

លោកជំទាវ Chen Bo បានថ្លែងអំណរគុណចំពោះជំនួបនាឱកាសនេះ និងបានណែនាំសមាសភាពប្រតិភូវិទ្យាស្ថានចិនសម្រាប់សិក្សាអន្តរជាតិ ព្រមទាំងបានគូសបញ្ជាក់ថា លោកជំទាវមានបំណងភ្ជាប់ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការពង្រឹងការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ និងការសិក្សាស្រាវជ្រាវរួមគ្នាជាមួយស្ថាប័នធនាគារខួរក្បាល។ លោកជំទាវបានគូសបញ្ជាក់ថា វិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិគឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីផ្នែកការទូតមុនគេបង្អស់នៅប្រទេសចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥៦ ហើយបច្ចុប្បន្ន វិទ្យាស្ថាននេះត្រូវបានរដ្ឋាភិបាលចិនសម្រេចប្រគល់ភារកិច្ចឱ្យសិក្សាអំពីទស្សនៈរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលជាទស្សនៈគោលសម្រាប់នយោបាយការបរទេសប្រទេសចិន ហើយលោកជំទាវមានបំណងសហការជាមួយនឹងវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឧបនិស្ស័យដូចគ្នានឹងវិទ្យាស្ថានរបស់លោកជំទាវ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបលោកជំទាវ Chen Bo អំពីវិទ្យាស្ថានចំនួនពីរដែលមានឧបនិស្ស័យ និងផ្ដោតការងារសិក្សាស្រាវជ្រាវនៅក្នុងកិច្ចការពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិដូចវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិដែរគឺ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។

ជាលទ្ធផល ថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាព នៅក្នុងការជំរុញការផ្លាស់ប្ដូរមន្ត្រីស្រាវជ្រាវ ការចូលរួមវេទិកាវិទ្យាសាស្ត្រទៅវិញទៅមក ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា អំពីប្រធានបទទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ បញ្ហាជាសាកលផ្សេងៗ ពិសេសនៅក្នុងបរិបទទំនាក់ទំនងទ្វេភាគីកម្ពុជាចិនផងដែរ។

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

«អ្នកសិក្សាស្រាវជ្រាវកូរ៉េកោតសរសើរស្ញប់ស្ញែង ចំពោះស្ថាបត្យកម្មខ្មែរនៅក្នុងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មីរបស់ខ្មែរ ជាតម្លៃប្រវត្តិសាស្ត្រ»

(រាជធានីភ្នំពេញ)៖ អំឡុងពេលបំពេញបេសកកម្មនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ-ពុធ ៦-៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៩ អ្នកសិក្សាស្រាវជ្រាវកូរ៉េចំនួន ១១រូបបានធ្វើទស...

2019-12-18 09:16:28   ថ្ងៃពុធ, 18 ធ្នូ 2019 ម៉ោង 04:16 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទីអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណ...

2019-12-17 07:45:55   ថ្ងៃអង្គារ, 17 ធ្នូ 2019 ម៉ោង 02:45 PM
«ជំនួបសហប្រតិបត្តិការអន្តរជាតិរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងក្រុមប្រឹក្សាស្រាវជ្រាវជាតិកូរ៉េ (NRC)»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបសហប្រតិបត្តិការអន្តរជាតិរវាងរាជបណ្ឌិត្យសភាកម្ពុជា (RA...

2019-12-16 06:20:30   ថ្ងៃចន្ទ, 16 ធ្នូ 2019 ម៉ោង 01:20 PM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្...

2019-12-16 03:12:44   ថ្ងៃចន្ទ, 16 ធ្នូ 2019 ម៉ោង 10:12 AM
ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នាលើវិស័យប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល រវាងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី

សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្...

2019-12-12 09:47:41   ថ្ងៃព្រហស្បតិ៍, 12 ធ្នូ 2019 ម៉ោង 04:47 PM
«ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នា លើវិស័យប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យា រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា ...»

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដ...

2019-12-11 07:43:52   ថ្ងៃពុធ, 11 ធ្នូ 2019 ម៉ោង 02:43 PM

សេចក្តីប្រកាស