ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 6552
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីត...

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM
សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខ...

2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...

2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM
ជំនួបប្រជុំបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំ...

2022-06-16 03:14:22   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 10:14 AM
ជំនួបម្ចាស់សៀវភៅ 24-Hour English Pronunciation 101

នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunci...

2022-05-12 01:29:46   ថ្ងៃព្រហស្បតិ៍, 12 ឧសភា 2022 ម៉ោង 08:29 AM
ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2022-05-10 14:52:10   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:52 PM

សេចក្តីប្រកាស