Royal Academy of Cambodia
កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។
សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។
ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។
ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។
កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។
ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។
តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។
ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕
២០ ឧសភា ២០២៤
(បណ្ឌិត គិន ភា)
RAC Media
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ា...
កាលពីរសៀល ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា ដោយអនុម័តបានច...
ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្...
នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដ...
កាលពីរសៀល ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការភាសាវិទ្យា ដោយអនុម័តប...