ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 5028
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

ជំងឺកូរ៉ូណា១៩(COVID-19) បញ្ហាប្រឈមនិងដំណោះស្រាយមួយចំនួនចំពោះមីក្រូសហគ្រាស​ធុនតូច និងមធ្យម ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វ...

2020-03-17 09:33:07   ថ្ងៃអង្គារ, 17 មីនា 2020 ម៉ោង 04:33 PM
«ល្បែងនយោបាយបរាជ័យរបស់លោក អេដូហ្កាន់ នៅស៊ីរី» ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេស​របស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិ...

2020-03-17 04:14:03   ថ្ងៃអង្គារ, 17 មីនា 2020 ម៉ោង 11:14 AM
«រាជបណ្ឌិត្យសភាកម្ពុជាចាត់វិធានការចូលរួមបង្ការការចម្លងជំងឺរាតត្បាតកូវីដ ១៩ (COVID-19)»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីចូលរួមចាត់វិធានការបង្ការការពារការចម្លងជំងឺរាតត្បាតកូវីដ-១៩ (COVID-19) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំដាក់ប៉ុស្តិ៍ត្រួតពិនិត្យវាស់ស្ទង់កម្តៅក...

2020-03-17 03:49:37   ថ្ងៃអង្គារ, 17 មីនា 2020 ម៉ោង 10:49 AM
«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក» ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាព​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយា...

2020-03-17 03:23:57   ថ្ងៃអង្គារ, 17 មីនា 2020 ម៉ោង 10:23 AM
«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម...

2020-03-16 12:42:48   ថ្ងៃចន្ទ, 16 មីនា 2020 ម៉ោង 07:42 PM
«ផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំកំពូល ASEM» ដោយ៖ បណ្ឌិត កា ម៉ាធុល វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើ...

2020-03-16 03:04:12   ថ្ងៃចន្ទ, 16 មីនា 2020 ម៉ោង 10:04 AM

សេចក្តីប្រកាស