ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 6736
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

កិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិ...

2020-07-07 23:45:09   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 06:45 AM
ជីធម្មជាតិក្នុងតម្រូវការដាំដុះបន្លែ ដោយ៖ យិន ពោ

RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-07-07 12:03:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 07:03 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2020-07-07 08:41:55   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 03:41 PM
រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   ថ្ងៃអង្គារ, 07 កក្កដា 2020 ម៉ោង 11:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 07:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   ថ្ងៃចន្ទ, 06 កក្កដា 2020 ម៉ោង 11:57 AM

សេចក្តីប្រកាស