ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 15321
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

លទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និង...

2020-11-27 04:06:51   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 11:06 AM
រាជបណ្ឌិត្យសភាកម្ពុជា ធ្វើពិធីប្រកាសមុខតំណែងផ្លូវការជូនថ្នាក់ដឹកនាំ ៩រូប

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញប្រកាសមុខតំណែងអគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា(រាជបណ...

2020-11-27 03:48:53   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 10:48 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ៖ របកគំហើញរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែយកទៅប្រើការអនុវត្តបាន និងជាគំរូដល់សាធារណជន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ របស់រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦...

2020-11-26 04:08:13   ថ្ងៃព្រហស្បតិ៍, 26 វិច្ឆិកា 2020 ម៉ោង 11:08 AM
សន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២០ របស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការ...

2020-11-26 02:22:02   ថ្ងៃព្រហស្បតិ៍, 26 វិច្ឆិកា 2020 ម៉ោង 09:22 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអញ្ជើញចូលរួមអង្គកឋិនទាននៅវត្តពោធិ៍ដុះ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ...

2020-10-26 07:28:23   ថ្ងៃចន្ទ, 26 តុលា 2020 ម៉ោង 02:28 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញចូលរួមអង្គកឋិនទាននៅវត្តពោធិ៍រុន

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូ...

2020-10-25 13:07:04   ថ្ងៃអាទិត្យ, 25 តុលា 2020 ម៉ោង 08:07 PM

សេចក្តីប្រកាស