ព័ត៌មាន

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

2024-05-20 12:37:27 ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 07:37 PM
អ្នកមើល 6686
post_detail

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិ វៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀត ណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬ អាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tokនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ត្រូវបានគ្រប់គ្រងដោយប្រទេស វៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាមទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ដល់ប្រជាជនខ្មែរនោះទេ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសចាស់ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍បញ្ចសិលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

២០ ឧសភា ២០២៤

(បណ្ឌិត គិន ភា)

RAC Media

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ គេមិនត្រូវយកការងារធ្វើជាបទពិសោធទេ គឺត្រូវយកគំនិតទស្សនៈរបស់បញ្ញវន្តធ្វើជាបទពិសោធដើម្បីភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញផ្ដល់អនុសាសន៍ក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូ...

2020-10-13 12:07:02   ថ្ងៃអង្គារ, 13 តុលា 2020 ម៉ោង 07:07 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែ...

2020-10-12 07:03:32   ថ្ងៃចន្ទ, 12 តុលា 2020 ម៉ោង 02:03 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុ...

2020-10-09 11:03:42   ថ្ងៃសុក្រ, 09 តុលា 2020 ម៉ោង 06:03 PM
ហេតុអ្វីត្រូវសិក្សាបុរាណវត្ថុវិទ្យា? ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្...

2020-10-07 14:28:31   ថ្ងៃពុធ, 07 តុលា 2020 ម៉ោង 09:28 PM
« ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ»

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...

2020-10-06 03:55:45   ថ្ងៃអង្គារ, 06 តុលា 2020 ម៉ោង 10:55 AM
ឯកឧត្ដមបណ្ឌិត សយ រាសី៖ គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត និងអាចបន្តឈានឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្...

2020-09-30 09:29:45   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 04:29 PM

សេចក្តីប្រកាស